Links

អ្នកស្រាវជ្រាវ៖ សេដ្ឋកិច្ច​កម្ពុជា​ជួប​ការលំបាក​នៅ​ចុង​២០០៨

In Economy, Inflation on July 9, 2008 by viCheth

RFA ដោយ កែវ និមល 2008-07-08

អ្នកស្រាវជ្រាវ ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មាន​ការលំបាក​ខ្លះ​នៅចុង​ឆ្នាំ​២០០៨ ដោយសារ​ការនាំ​ចេញ​មាន​ការថយចុះ ហើយ​បរិយាកាស​រកស៊ី​នៅ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​នៅ​ឡើយ ។

AFP Photo

កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក នូវ សីហា អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២ កក្កដា ថា វិស័យ​រោងចក្រ​កាត់ដេរ​នាំចេញ​ទៅ​បរទេស​របស់​ប្រទេស​កម្ពុជា អាច​ជួបប្រទះ​ការលំបាក​នៅ​ចុង​ឆ្នាំ​២០០៨​នេះ ដោយសារ​ប្រទេស​អាមេរិក​បញ្ចប់​កូតា​នាំ​ខោអាវ​ពី​ប្រទេស​ចិន​ចូល​ទីផ្សារ​ អាមេរិក ។

លោក​បាន​មាន​ប្រសាសន៍​ថា នៅពេល​ប្រទេស​អាមេរិក​ដាក់​កំហិត​កូតា​នាំ​ខោ​អាវ​ពី​ប្រទេស​ចិន​ចូល​ប្រទេស ​អាមេរិក​នោះ ពាណិជ្ជករ​ចិន​បាន​មក​បើក​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដូច្នេះ​នៅពេល​អាមេរិក​លើកលែង​កូតា​វិញ​នោះ អាច​ពាណិជ្ជករ​ចិន​វិល​ទៅ​បើក​រោងចក្រ​នៅ​ប្រទេស​ចិន​វិញ ។

លោក នូវ សីហា មាន​ប្រសាសន៍​ថា ៖ «ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​អ៊ីចឹង ការដាក់​កំហិត​ការនាំ​ចេញ ឬ​ហៅ​ថា safeguard ហ្នឹង ដែល​អាមេរិក​ដាក់​ទៅ​ចិន គឺ​ចប់​នៅ​ចុង​ឆ្នាំ​២០០៨​នេះ ដូច្នេះ​អ្វី​ដែល​ជា​ការព្រួយបារម្ភ​របស់​អ្នក​សេដ្ឋកិច្ច គឺ​ថា កំណើន​របស់​រោងចក្រ​កាត់ដេរ​នៅ​ចុង ២០០៨ នឹង​មាន​ការថយ​ចុះ»

ទាក់ទង​ជាមួយ​បរិយាកាស​រកស៊ី​នៅ​កម្ពុជា លោក នូវ សីហា បាន​មាន​ប្រសាសន៍​ថា តាម​ការស្រាវជ្រាវ​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា នៅ​មាន​ឧបសគ្គ​ចម្បង​ជាច្រើន​ក្នុង​ការរកស៊ី មាន​ជា​អាទិ៍ អំពើ​ពុករលួយ ការិយាធិបតេយ្យ កម្លាំង​ពលកម្ម​នៅ​ខ្វះ​បទពិសោធន៍​ការងារ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​មាន​ កម្រិត ។

ទាក់ទងជាមួយការកែទំរង់លើការខ្វះខាតទាំងនោះ​លោកនូវសីហា​បានលើក​ឡើងថា ៖ «អ្វី ​ដែល​យើង​ត្រូវ​ធ្វើ ជា​ទូទៅ​គឺ​យើង​កំពុង​ធ្វើ​ហើយ ទាក់ទង​នឹង​ការកែទម្រង់​មួយ​ចំនួន​ហ្នឹង យើង​មាន​កំណែ​ទម្រង់​មួយ​ចំនួន តែ​រាង​យឺត ។ Human resources (ធនធាន​មនុស្ស) យើង​នៅ​ខ្វះ​នៅ​ឡើយ ថ្វី​ត្បិត​តែ​យើង​មាន​កម្លាំង​ពលកម្ម​ច្រើន​មែន ប៉ុន្តែ​យើង​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ដែល​អាច​ប្រើប្រាស់​បាន ។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ យើង​មាន​រោងចក្រ​កាត់ដេរ​ច្រើន ប៉ុន្តែ​សាលារៀន​ជំនាញ​ខាង​រោងចក្រ​កាត់ដេរ​គឺ​យើង​អត់​មាន​សោះ​តែ​ម្ដង អ៊ីចឹង ជា​ទូទៅ​ខាង​រោងចក្រ​កាត់ដេរ​គឺ​គ្រប់គ្រង​ដោយ​ចិន គ្រប់គ្រង​ដោយ​ជន​បរទេស ហើយ​យើង​គឺ​ចាំ​តែ​ដេរ ។ ហើយ​ទាក់ទង​នឹង​ហេដ្ឋារចនា​សម្ព័ន្ធ យើង​បាន​ធ្វើ​ច្រើន ប៉ុន្តែ​ធ្វើ​ច្រើន​តែ​នៅ​តាម​ទីក្រុង​នៅ​ឡើយ ហើយ​ជនបទ​អត់​មាន​នៅ​ឡើយ អ៊ីចឹង​យើង​ត្រូវ​ប្រឹង​ថែមទៀត»

តាម​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​រកឃើញ​ថា កំណើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការកើន​ឡើង​ជា​បន្តបន្ទាប់ គិត​ពី​ឆ្នាំ​២០០៣ មក​ដល់​ឆ្នាំ​២០០៨ ដោយ​កំណើន​ចំណូល​នោះ​បាន​កើន​ពី ៣៥០​ដុល្លារ​មក​ដល់ ៦៩០​ដុល្លារ​អាមេរិក ។

លោក ជាតិ ខេមរា មន្ត្រី​សមាគម​និយោជក​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទាក់ទង​ជាមួយ​ទំនិញ​ខោ​អាវ​កាត់ដេរ​នាំចេញ​ទៅ​អាមេរិក មាន​ការធ្លាក់ចុះ​មែន ក្រោយ​ពេល​អាមេរិក​លែង​ដាក់​កូតា​លើ​ការនាំចូល​របស់​ទំនិញ​ចិន​ទៅ​អាមេរិក ។ ហើយ​បញ្ហា​ប្រឈម​របស់​រោងចក្រ​កាត់ដេរ​បច្ចុប្បន្ន មាន​លក្ខណៈ​ខុស​ពី
មុន​ខ្លះ​ៗ ។ ការខុស​ទាំង​នោះ រួមមាន ការខ្វះ​កម្លាំង​ពលកម្ម ដែល​ពី​មុន​មិន​មាន​បាតុភាព​នេះ​ទេ ។

លោក ជាតិ ខេមរា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការលំបាក​ជារួម​របស់​រោងចក្រ​កាត់ដេរ​បច្ចុប្បន្ន​រួមមាន ៖ «រាល់ ​ថ្ងៃ បញ្ហា​ប្រឈម​មុខ ទី​មួយ យើង​ពិបាក​ជ្រើសរើស​កម្លាំង​ពលកម្ម​ដែរ គឺ​គ្រប់​រោងចក្រ​ទាំងអស់​ប្រកាស​រើស​បុគ្គលិក​មិន​សូវ​បាន​ទេ មួយ​ទៀត យើង​ឃើញ​ថា រោងចក្រ​កាត់ដេរ​មួយ​ចំនួន​គាត់​ពង្រីក​សមត្ថភាព អ៊ីចឹង​ទៅ ធ្លាប់​តែ​ប្រើ​កម្លាំង​ពលកម្ម​តិច គាត់​ត្រូវ​ពង្រីក​ពលកម្ម​ច្រើន ព្រោះ​អី​វា​ខ្វះ សព្វថ្ងៃ​នេះ ដល់​អ៊ីចឹង​ទៅ លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ប្រសើរ​វិញ ហើយ​ទាក់ទង​នឹង​ជម្លោះ ទាក់ទង​រឿង​កិច្ចសន្យា​ការងារ រឿង​ប្រាក់​ឈ្នួល​អប្បបរមា គេ​លែង​និយាយ​ហើយ ពីព្រោះ​កាលៈទេសៈ​ហ្នឹង​និយាយ​អត់ត្រូវ​ទេ ពីព្រោះ​និយោជក​គាត់​ត្រូវ​ប្រណាំង​ប្រជែង​ទាមទារ​កម្លាំង​ពលកម្ម អ្នកថ្មី​ចង់​បាន​ពលកម្ម​ត្រូវ​ដំឡើង​លក្ខខណ្ឌ​ឲ្យ​ប្រសើរ អ្នក​ចាស់​ខ្លាច​កម្លាំង​ពលកម្ម​របស់​គាត់​បាត់ អ៊ីចឹង​គាត់​ត្រូវ​ធ្វើ​អ្វី​មួយ​ឲ្យ​ប្រសើរ ។ ព្រួយបារម្ភ​គឺ​បារម្ភ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បើក​ទូលាយ​ឲ្យ​ចិន យើង​បារម្ភ​ចំពោះ​ចិន​ដែរ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ លក្ខខណ្ឌ​ការងារ​របស់​យើង​នៅ​តែ​ល្អ​ដដែល​ទេ តាម​របាយការណ៌ ILO នៅ​តែ​ប្រសើរ​ដដែល ហើយ​ពលកម្ម​របស់​យើង បើ​ប្រៀបធៀប​នឹង​វៀតណាម គឺ​ប្រហាក់​ប្រហែល​គ្នា​ទេ ហើយ​បើ​ប្រៀប​ទៅ​ចិន​វិញ កម្លាំង​ពលកម្ម​នៅ​តែ​ខ្ពស់​ដដែល ដែល​អាច​ឲ្យ​យើង​ទាញ​ផល​បាន​ខ្លះ តែ​យើង​គិត​ថា បើ​សិន​ជា​ចិន​វិល​ទៅ​ស្រុក​ចិន​វិញ ដោយសារ​អាមេរិក​បើក​នោះ ខ្ញុំ​គិត​ថា ទំនិញ​ចិន​វា​ដណ្ដើម​ទីផ្សារ​យើង​អស់​ហើយ ។ ឥឡូវ យើង​ឃើញ​ថា ការនាំ​ចេញ​ទៅ​អាមេរិក​របស់​យើង​មាន​ការថយ​ចុះ ប៉ុន្តែ​បាន​ទៅ​ខាង​អឺរ៉ុប វា​ជួយ​សម្រាល​បន្តិច​ដែរ»

តាម​ការវាយតម្លៃ​កាលពី​ដើម​ខែ​មិថុនា កន្លង​ទៅ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​មាន​សន្ទុះ​ទៅមុខ តែ​ផលិតផល​សរុប​ក្នុងស្រុក អាច​ធ្លាក់​ចុះ​ពី ១០.២៥​% នៅ​ឆ្នាំ​២០០៧ មក​នៅ​ត្រឹម ៧% ប៉ុណ្ណោះ នៅក្នុង​ឆ្នាំ​២០០៨​នេះ ។

កាលពី​ថ្ងៃ​ទី​២៣ មេសា កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពី​វិធានការ​សេដ្ឋកិច្ច​ជាច្រើន​ដើម្បី​ទប់ទល់​ជាមួយ​អតិផរណា ការឡើងថ្លៃប្រេង ការសន្សំសំចៃ និង​ការឡើង​ថ្លៃ​អង្ករ​ជាដើម ដើម្បី​ទប់​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មាន​លំនឹង​និង​ឈាន​ឡើង ៕

http://www.rfa.org/khmer/indepth/researchers-predict-economy-07082008073140.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: