Links

អ្នក​ជំនាញ​សេដ្ឋកិច្ច​វិភាគ​អំពី​ស្ថានភាព​តម្លៃ​ដីធ្លី​នៅ​កម្ពុជា

In Economy on July 9, 2008 by viCheth

RFA. ដោយ ស្រី សុភ័ក្រ្ត 2008-05-30

អ្នក ​វិភាគ​ខាង​សេដ្ឋកិច្ច​និង​អ្នក​ជំនួញ​ដីធ្លី មាន​ការ​យល់ឃើញ​ស្រប​គ្នា​ថា ការ​បោះឆ្នោត​សកល​នា​ឆ្នាំ​នេះ អាច​មាន​ឥទ្ធិពល​ទៅ​លើ​មុខជំនួញ​ដីធ្លី​នៅ​កម្ពុជា ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ដី​នៅតែ​អាច​ឡើង​ថ្លៃ​ជា​បន្ត​ទៀត នៅ​ក្រោយ​ពេល​បោះឆ្នោត​រួច ។

បើ​រំឮក​ពី​ប្រវត្តិ​ជំនួញ​ដី​នៅ​កម្ពុជា​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ក្រោយ​ពេល​រំដោះ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ មុខរបរ​នេះ​មិនសូវ​ជា​បាន​កាក់កប​ប៉ុន្មាន​ទេ ។ ពេល​នោះ​ប្រជាពលរដ្ឋ​ខ្លះ​មិន​បាន​ស្រវ៉ា​និង​ប្រាថ្នា​ចង់​បាន​ដី​មក​ធ្វើ​ ជា​កម្មសិទ្ធិ​ផង ទោះបីជា​រដ្ឋាភិបាល​មាន​គោលនយោបាយ​វាស់​ដី​ចែក​ជូន​ប្រជាពលរដ្ឋ​តាម​ចំនួន​ សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ​ដោយ​មិន​យក​ប្រាក់​ក៏ដោយ ។

អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​ធ្វើការ​កត់​សម្គាល់​ថា នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក្រោយ​ការ​បោះឆ្នោត​បង្កើត​រដ្ឋាភិបាល​ថ្មី កំណត់ត្រា​ឯកត្តកម្ម​ថ្មីៗ​នៃ​តម្លៃ​ដី​ចាប់ផ្តើម​មាន​ហាងឆេង និង​កើនឡើង​ស្រឺតៗ ដោយសារ​មាន​អ្នកវិនិយោគ​ផ្នែក​រោងចក្រ​កាត់ដេរ​មក​បន្តុប​ទីតាំង​នៅ​កម្ពុជា និង​អ្នក​វិនិយោគទុន​ដទៃទៀត​ដែល​ត្រូវការ​ដី​យ៉ាងច្រើន​សម្បើម​ដើម្បី​រក្សា ​លំនឹង​ផលិតកម្ម​របស់​ពួកគេ ។

ចរន្ត​នៃ​សាកល​ភាវូនីយកម្ម​វិសាលភាព​នៃ​ដី​ទំនេរ​និង​កំណើន​នៃ​ ប្រជាពលដ្ឋ​បាន​ពន្លឿន​តម្លៃ​ដី​នៅ​កម្ពុជា​ឲ្យ​កើនឡើង​រហូតដល់​អ្នកជំនាញ​ ខាង​សេដ្ឋកិច្ច​លាន់មាត់​ថា ឡើង​ខ្ពស់​រហ័ស​ពេក​ហួស​ពី​ការ​គិត​ទុក​ទៅទៀត ។

សង្រ្គាម​ដណ្តើម​ដី​ចាប់ផ្តើម​កើតឡើង​ឥត​ដាច់​ព្រោះតែ​សេណារីយ៉ូ​នៃ​ តម្លៃ​ដី​ឡើង​ថ្លៃ​ខ្ពស់ ។ អ្នក​វិភាគ​ខាង​សេដ្ឋកិច្ច និង​អ្នក​មាន​បទពិសោធន៍​ផ្នែក​ជំនួញ​ដីធ្លី​មាន​ការ​ឯកភាពគ្នា​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​អាច​មាន​ឥទ្ធិពល​ដល់​ជំនួញ​ដី ។ អ្នកវិភាគ​អះអាង​ថា ទស្សនៈ​ទាំង​នេះ​មាន​ហេតុផល​និង​ផ្អែកលើ​ការ​ពិត​ជាក់​ស្តែង ។

លោក ស៊្រុន សភា អាយុ​៤០​ឆ្នាំ មាន​មុខរបរ​ជា​អាជីវករ​លក់​ដី​ពុះឡូត៍​និង​មាន​ដី​លក់​ជា​ច្រើន​ហិកតា នៅ​តំបន់​បែកចាន​ជាយ​ក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដី​ឡើងថ្លៃ​ពី ១០% ទៅ ២០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ។ បច្ចុប្បន្ន​នេះ​លោក ស៊្រុន សភា លក់​ដី​មួយ​ម៉ែត្រការ៉េ ៥០​ដុល្លារ ដែល​លោក​បញ្ជាក់​ថា បាន​ចំណេញ​បន្តិចបន្តួច​លើ​តម្លៃ​ដើម ហើយ​លោក​ក៏​បាន​រំពឹងទុក​ផងដែរ​ថា ក្រោយពេល​បោះឆ្នោត​ដី​អាច​នឹង​ឡើង​ថ្លៃ​ជាង​នេះ​ទៀត ។

លោក ស៊្រុន សភា បាន​ឲ្យ​ដឹង​បន្ថែម​ថា កាលពី​ត្រីមាស​ទី​មួយ​ដី​របស់​លោក​លក់​ដាច់​ខ្លាំង​ណាស់ តែ​ឈាន​ចូល​មក​ដល់​ត្រីមាស​ទី​ពីរ គឺ​ជិត​ដល់​ពេល​បោះឆ្នោត មិន​សូវ​មាន​អតិថិជន​ដើរ​រក​ទិញ​ដី​ទេ ទោះបីជា​លោក​បាន​ប្រកាស​លក់​ដី​តាម​កាសែត និង​ទស្សនាវដ្តី​ជាង​២​ខែ​មកហើយ តែ​ដី​លក់​ដាច់​បាន​ត្រឹមតែ​ជាង ១​ហិកតា​ប៉ុណ្ណោះ ។ លោក​យល់​ថា ការ​អល់អែក​របស់​អតិថិជន​អាច​បណ្តាល​មកពី​ឥទ្ធិពល​នៃ​ការ​បោះឆ្នោត​នា​ថ្ងៃ​ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨​ខាង​មុខ​នេះ ៖ «ប្រហែល​ជា​គេ​ចាំ​អ៊ុត​ឆ្នោត​អី​អ៊ីចឹង ចាំ​មើល​គេ​បង្កើត​រដ្ឋាភិបាល​សិន ខ្ទង់​អាច​បោះឆ្នោត​អី​ហើយ»

លោក សាំង ស៊ីរ៉េម ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន សយ គ្រូប ផ្តល់​សេវាកម្ម​ដីធ្លី បាន​ឲ្យ​ដឹង​ថា អតិថិជន​របស់​លោក​ភាគច្រើន​ជា​អ្នក​វិនិយោគទុន​ធំៗ ចាប់ពី​១​លាន​ដុល្លារ​ឡើង ចង់​បាន​ដី​នៅ​តំបន់​ដែល​អភិវឌ្ឍ​លឿន​ដូចជា​ក្រុងភ្នំពេញ ក្រុង​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​សៀមរាប មិន​មាន​ការ​បារម្ភ​ព
​បញ្ហា​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ ។ លោក​បាន​បង្ហាញ​ពី​ការ​ផ្គត់ផ្គង់​សេវាកម្ម​នៅក្នុង​ក្រុមហ៊ុន​នេះ​ថា នៅ​ត្រីមាស​ទី​មួយ និង​ត្រីមាស​ទី​ពីរ គឺ​កម្រិត​នៃ​សេវាកម្ម​នៅ​ខ្ពស់​ដូចគ្នា ។

លោក សាំង ស៊ីរ៉េម បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​បើ​ទាក់​ទង​នឹង​ការ​បោះ ​ឆ្នោត​មួយ​ទៀត ក៏​វា​អត់​មាន​អី​ពាក់ព័ន្ធ​ដែរ ព្រោះ​វិនិយោគិន​គេ​មក​កាន់​តែ​ច្រើន ដូច​មិនមាន​ការ​ត្អូញ​ត្អែរ​លើ​បញ្ហា​ហ្នឹង​ទេ»

លោក ស៊ាំង ស៊ីរ៉េម វិភាគ​ថា​ដី​នៅតែ​ឡើងថ្លៃ​នៅ​តាម​តំបន់ ហើយ​ក៏​មិនមាន​ថ្ងៃ​ចុះ​ទាប​វិញ​ឡើយ ជាក់ស្តែង​តំបន់​ភ្នំពេញ​ថ្មី​នា​ជាយក្រុង កើន​ដល់ ៣០០​ដុល្លារ ទៅ ៥០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ ចំណែក​ដី​តំបន់​ឆ្នេរ​ដែល​អាច​លក់​បាន មាន​តម្លៃ​ចាប់ពី ៦០០​ដុល្លារ ទៅ ៧០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ ។ លោក​បាន​ឲ្យ​ដឹង​ថា តម្លៃ​នេះ​វា​កើនឡើង ២ ទៅ ៣​ដង ធៀប​នឹង​ឆ្នាំ​មុន ។

លោក សុក ស៊ីណា អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​យល់ស្រប​ថា ជំនួញ​ដីធ្លី​នៅ​ក្នុង​ពេល​បោះឆ្នោត​អាច​ស្ថិតនៅ​នឹង​ថ្កល់ ទោះបីជា​អ្នក​វិភាគ​នយោបាយ​យល់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ប្រាកដជា​មិន​បត់បែន​ខ្លាំង ។ លោក​បាន​ព្យាករណ៍​ទុក​ថា តម្លៃ​ដី​អាច​នឹង​ថយចុះ ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​មាន​គោលនយោបាយ​យក​ពន្ធ​លើ​ដីទំនេរ ព្រោះ​ម្ចាស់​ដី​ដែល​ចង់​រក្សាទុក​ដី​ច្រើន ត្រូវ​រលោះ​ដី​ខ្លះ​ដើម្បី​គេច​ពី​ការ​បង់ពន្ធ​រាល់​ឆ្នាំ ។

លោក សុក ស៊ីណា វិភាគ​ថា ការ​យក​ពន្ធ​លើ​ដី​ទំនេរ​អាច​បង្កើន​ផលិតកម្ម​លើ​ដី​ឲ្យ​កាន់តែ​មាន​ ប្រសិទ្ធភាព​ជាង​មុន ក្នុង​គោលដៅ​ដើម្បី​រក្សា​តុល្យភាព​នៃ​ការ​ចំណាយ​ដោយសារ​ដី ។

អ្នក​វិភាគ​សេដ្ឋកិច្ច​រូប​នេះ​បាន​កត់សម្គាល់​ថា ដី​មួយ​ភាគ​ធំ​ត្រូវ​បង្វែរ​ទៅ​បម្រើ​ឲ្យ​វិស័យ​កសិ​ឧស្សាហកម្ម ហើយ​ដី​តម្លៃ​ថោក​ទើប​មាន​សក្តានុពល​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច ចំណែក​ដី​ថ្លៃ​នឹង​ហុច​ផល​ជា​អវិជ្ជមាន​ចំពោះ​អត្រា​កំណើន​នៃ​ប្រជាពលរដ្ឋ​ ថ្មីៗ ។

លោក សុក ស៊ីណា បាន​ឲ្យ​ដឹង​ថា ៖ «ឈ្មួញ​កណ្ដាល​ដែល​គាត់​ទិញ​ដី​ស្តុក ​ទុក​ដើម្បី​លក់​ចេញ អាហ្នឹង​គាត់​អាច​លក់​ក្នុង​តម្លៃ​មួយ​អាច​ថា ថោក​ជាង​មុន​ក៏​ថា​បាន ។ ឧទាហរណ៍​ដី​ស្រែ បើសិនជា​គាត់​មិន​ផលិត​ទេ គ្រាន់តែ​សម្រាប់​លក់​យក​ចំណេញ​ទេ គាត់​ត្រូវ​បង់​ពន្ធ​រាល់​ឆ្នាំ ព្រោះ​គាត់​រក​ម៉ូយ​អត់​ទាន់​បាន គាត់​ត្រូវ​បង់​ពន្ធ​ហើយ​ខាត ។ អ្នក​វិនិយោគ ឬ​អ្នក​កាន់កាប់​ដី​ហ្នឹង​គាត់​គិត​ថា គាត់​ទុក​ដី ឬ​ក៏​បង្វិល​ដី​ចេញ ។ អ៊ីចឹង​ផ្អែក​លើ​អាហ្នឹង យើង​ថា​ដី​ហ្នឹង​ត្រូវ​បាន​ប្រើ​មាន​ប្រសិទ្ធភាព​ជាង​មុន»

លោក ចាន់ សុផល ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​យល់​ថា ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ នឹង​ដំណើរការ​យ៉ាង​ល្អ តែ​ជា​ទម្លាប់​ប្រជាពលរដ្ឋ​តែងតែ​រង់ចាំ​ក្រោយ​បោះឆ្នោត​ទើប​សម្រេច​លក់ ឬ​ទិញ​ដី ។ លោក​វិភាគ​ថា ស្របពេល​ដែល​ការ​កម្ចី​ប្រាក់​ពី​ធនាគារ​លើ​ការ​ទិញ​ដីធ្លី​ត្រូវ​បាន​បង្ក​ ចរន្ត​នេះ​អាច​ធ្វើឲ្យ​ជំនួញ​ដីធ្លី​ស្ថិត​នៅ​ទ្រឹង​សិន ។ លោក ចាន់ សុផល ឯកភាព​ថា ប្រសិន​បើ​ក្រោយ​ការ​បោះឆ្នោត រដ្ឋាភិបាល​ថ្មី​ប្រកាស​ឲ្យ​យក​ពន្ធ​លើ​ដី​ទំនេរ ដី​អាច​នឹង​ធ្លាក់ថ្លៃ​ជាង​នេះ ។

លោក ចាន់ សុផល បាន​បង្ហាញ​នូវ​ជំហរ​វិជ្ជមាន​ថា ដី​ថ្លៃ​អាច​ជួយ​បង្កើន​ឱកាស​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មាន​តែ​ដី ហើយ​ការ​លក់​ដី​ក៏​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​ផលិតកម្ម​ដែរ ។ លោក​បន្ថែម​ថា  តម្លៃ​ដី​នៅ​កម្ពុជា អាច​នឹង​កាន់តែ​កើន​ឡើង​ទៀត ព្រោះ​តម្លៃ​ដី​នៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា​សព្វថ្ង
ៃ​នៅតែ​មាន​តម្លៃ​ទាប​បើ​ ធៀប​ជាមួយនឹង​ប្រទេស​ជិតខាង ។

លោក ចាន់ សុផល បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​ការ​លក់​ដីធ្លី​កន្លង​មក​ នេះ ក៏​វា​ជំរុញ​ទៅ​ដល់​ការ​បង្កបង្កើន​ផល​ដែរ គឺ​អ្នក​មាន​លទ្ធភាព​មួយ​ចំនួន គាត់​ទិញ​ដី​ហើយ គាត់​ដាំ​ជា​កៅស៊ូ កន្លែង​ខ្លះ​គេ​ដាំ​ជា​ដំឡូង​មី ដាំ​ជា​សណ្ដែក ពោត ហើយ​កន្លែង​ខ្លះ អ្នក​ភ្នំពេញ​ទៅ​ហ្នឹង​ក៏​ទិញ​ធ្វើ​ជា​ស្រូវ​ទៀត ដូច​ជុំវិញ​បឹង​ទន្លេសាប ដី​ទំនាប​ខ្លះ ដែល​ពី​ដើម​មក គេ​ទុកចោល គឺ​ដោយសារ​ខ្វះ​ទុន អ្នក​ភ្នំពេញ​ទៅ គេ​ចំណាយ​១០​ម៉ឺន​ដុល្លារ​ជាង​អី​ទៅ លើក​ទំនប់​អាង​ទឹក​ហើយ គេ​បង្កើត​ជា​ផលិតកម្ម​ស្រូវ​រាប់​រយ​ហិកតា អ៊ីចឹង​វា​មាន​សកម្មភាព​កើត​ឡើង​ច្រើន​ដែរ»

ទោះបីជា​យ៉ាងណា​អ្នកវិភាគ​ជា​ច្រើន​ឯកភាព​ថា វា​ពិបាក​នៅក្នុង​ការ​សន្មត់​ពី​ការ​វិវត្តន៍​ថ្មីៗ​ក្រោយ​ពេល​បោះឆ្នោត ថា​ជា​ជំហាន​មួយ​វិជ្ជមាន ឬ​អវិជ្ជមាន​ចំពោះ​តម្លៃ​ដី​នៅ​កម្ពុជា​នោះ ? សូម​បញ្ជាក់​ថា ការ​យក​ពន្ធ​លើ​ដី​ទំនេរ មាន​រូបរាង​ជា​បទបញ្ជា​រួចរាល់​ហើយ រង់ចាំ​តែ​សារាចរណ៍​ណែនាំ​ប្រកាស​ឲ្យ​អនុវត្ត​តែប៉ុណ្ណោះ ៕

 

http://www.rfa.org/khmer/indepth/experts_view_on_land_price_situation-05302008065457.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: