Links

រៀល រឺ ដុល្លារៈ តើ​រូបិយវត្ថុមួយ​ណា សម្រាប់​កម្ពុជា នៅ​ពេល​មាន​វិបត្តិ​ពិភព​លោក​?

In Economy, Monetary on December 9, 2008 by viCheth

KA-SET.INFO

ព្រះរាជាណាចក្រកម្ពុជា​​​ត្រូវ​ពឹង​ផ្អែក​​មួយ​ភាគធំ​ទៅលើ​សហរដ្ឋ​អាមេរិក ព្រោះ​ ​​​​សហរដ្ឋ​​​អាមេរិក​គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​នៃវិស័យ​ឧស្សាហកម្ម​​កាត់ដេរ​​របស់​កម្ពុជា​។ ​ហេតុ​ដូច្នេះទើប​បានជា​រូបិយវត្ថុ​អាមេរិក​​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​​​នៅ​​ក្នុង​ប្រទេស​ សម្រាប់​​ការផ្លាស់​ប្តូរ ជាមួយ​បរទេស ​ហើយ​សូម្បី​តែ​​ការ​ចំណាយ​​​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​​កម្ពុជា​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​​​ក៏​អាស្រ័យ​លើ​ក្រដាស​ប្រាក់​នេះផងដែរ។ ខណៈពេល​សេដ្ឋកិច្ច​​​សហរដ្ឋអាមេរិក​​កំពុង​ជួប​វិបត្តិ ​ប្រទេស​កម្ពុជា​ក៏ទទួលរង​ផល​ប៉ះ​ពាល់​នេះ​​ផង​ដែរ​។

លោក​បណ្ឌិត​​ហួត​ ពុំ ​ អគ្គនាយក​រង​នៃគណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​ជា​អ្នក​សរសេរ​និក្ខេបទ​ ​ ស្តី​ពី «បដិ​ដុល្លារូបនីយកម្ម​ និង​ផលប៉ះ​ពាល់​លើ​សេដ្ឋ​កិច្ច​នៃ​ប្រទេស​​​កម្ពុជា» ​នៅ​សាកល​វិទ្យាល័យ​ Louis-Lumière នៃទីក្រុង​លីយ៉ុង បានពន្យល់​នៅក្នុង​បទ​សំភាសន៍​មួយ​ជាមួយ​វិប​សាយ​​កាសែត អំពី​មូលហេតុ​អ្វី​បាន​ជា​ដុល្លារ​ដើរតួនាទី​​យ៉ាង​សំខាន់​នៅក្នុង​ព្រះរាជាណា​ចក្រ​​កម្ពុជា បញ្ហា​នៃ​ការ​​ត្រឡប់​​មករក​សេដ្ឋកិច្ច «រៀលរូបនីយកម្ម​»មួយ នៅក្នុង​បរិបទ​បច្ចុប្បន្ន និង​បញ្ហា​​​នៃការ​បង្កើត​រូបិយវត្ថុ​​រួម​​​នៅក្នុង​តំបន់។​
កាសែតៈ តើរូបិយវត្ថុដុល្លារចាប់ផ្តើម​ត្រូវ​បាន​ប្រើប្រាស់នៅក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​​ពេល​​ណា​​?
ហួត ពុំៈ រូបិយវត្ថុដុល្លារ​បាន​មកដល់​ប្រទេស​កម្ពុជា​​ចាប់តាំង​ពី​ឆ្នាំ​១៩៥៣ គឺ​នៅ​ពេល​​មាន​ការ​ផ្តល់​​ជំនួយ​​អន្តរ​ជាតិ​ដល់​ប្រទេស​កម្ពុជា ពោល​គឺ​បន្ទាប់​ពី​ប្រទេស​ជាតិ​​ទទួល​បាន​ឯករាជ្យភាព​ពេញបរិបូរណ៍។ កាល​នោះ​ រូបិយវត្ថុ​អាមេរិក​​ត្រូវ​បាន​ប្រើប្រាស់​តិច​តួច​​នៅក្នុង​​ជីវភាព​ប្រចាំ​ថ្ងៃ​​​ ហើយ​ប្រាក់​នេះ​ត្រូវ​បាន​​ប្រើ​​ជា​រូបិយវត្ថុ​​បម្រុង​នៅក្នុង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​ជា​រូបិយវត្ថុ​អន្តរ​ជាតិ ដូច​តាម​​​​បណ្តា​ប្រទេស​​​ដទៃ​ផ្សេង​ទៀត ដែលចូលរួម​នៅក្នុងការ​ដោះដូរ​​​អន្តរ​​ជាតិ​។​ ប៉ុន្តែ ការ​និយម​ប្រើ​ប្រាស់​​​ប្រាក់ដុល្លារនៅក្នុងជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​​ខ្មែរ បាន​ចាប់​ផ្តើម​នៅអំឡុង​ឆ្នាំ​១៩៧០ ពោលគឺនៅពេល​រដ្ឋាភិបាល​អាមេរិក​​បាន​ផ្តល់​​ថវិកា​​រាប់​លាន​ដុល្លារដល់ប្រទេសកម្ពុជា ដើម្បី​ជួយ​ទប់ស្កាត់ការ​រីក​រាលដាល​លទ្ធិ​កុម្មុយ​​នីស្ត​​។ បន្ទាប់​មក គឺ​នៅ​២០​ឆ្នាំ​ក្រោយ នៅដើម​ឆ្នាំ​១៩៩០ តាម​រយៈ​ការ​មក​ដល់​​នៃ​អង្គការ​​អ៊ុន​តាក់​​ (អាជ្ញាធរ​​បណ្តោះ​អាសន្ន​​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​​ប្រទេស​កម្ពុជា) ដែល​​បាន​ផ្តល់ជំនួយ​ជាង​២,៨​ពាន់​លាន​ដុល្លារដល់​​កម្ពុជា សម្រាប់​​រយៈពេល​៣​ឆ្នាំ​ ដែល​ក្នុង​​នោះ ទឹក​ប្រាក់​៨០៦លានដុល្លារ​ ទុក​ប្រើ​សម្រាប់​​បើក​ប្រាក់​បៀវត្ស​ជូនជនបរទេស​។ កាល​ណោះ ប្រទេស​ជាតិ​កំពុង​ជួប​​​​​សង្គ្រាម ប្រាក់​រៀល​លែង​មាន​តម្លៃ​ ចំណែក​ប្រជាជន​កម្ពុជា​លែង​មាន​ជំនឿ​ទុក​​​​ចិត្ត​​លើ​​រូបិយវត្ថុ​​ជាតិ​របស់ខ្លួន។ ដូចនេះ រូបិយ​វត្ថុ​ដុល្លារ បាន​ក្លាយជា​ក្រដាស​ប្រាក់​​​ដ៏​សំខាន់​បំផុត ដែល​ត្រូវ​បានប្រើប្រាស់​ដោយ​ប្រជាជន និង​វិស័យ​​​ឯក​ជន​​​នៅ​​ក្នុ​ង​ប្រទេស​។
កាសែតៈ ហេតុអ្វី​បានជា​ក្រដាស​ប្រាក់រៀល មិន​អាច​ទប់ទល់នឹងការ​មកដល់​ក្រដាស​​​ក្រដាស​ប្រាក់ដុល្លារបាន​?
ហួត ពុំៈ នេះក៏​ដោយសារ​អស្ថេរភាព​នយោបាយ និង​សេដ្ឋកិច្ច​​ប្រទេស​ជាតិ។ សម័យ​​​ក្រោយ​​​​អាណាន
គម​និយម​បារាំង ចាប់ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ គឺជា​ពេលវេលា​ដែល​ប្រទេស​កម្ពុជា​មាន​​​ការ​រីក​ចម្រើន​ខ្លាំង​​។ ម្យ៉ាង​វិញ​ទៀត  រូបិយ​វត្ថុ​​រៀល បាន​ចាប់​បដិសន្ធិ​​ឡើង ក្នុង​ឆ្នាំ​១៩៥៥ នៅពេល​ព្រះបាទ​នរោត្តម សីហនុ​ ក្លាយ​​ជា​ប្រមុខដឹកនាំ​​រដ្ឋាភិបាល​។ ប្រជាជន​កម្ពុជា​ចាប់ផ្តើម​​និយម​​ប្រើ​ប្រាស់​​រូបិយវត្ថុ​ជាតិ​ ព្រោះពួកគេ​គិត​ថា​ប្រាក់រៀល​ជា​និមិត្ត​​រូបតំណាង​នូវ​​ភាព​ស្វយ័ត និង​ភាព​ឯក​រាជ្យ​​​របស់​ពួកគេ​។​ ប៉ុន្តែ ចាប់​តាំងពី​ឆ្នាំ​១៩៧០ គឺ​​នៅ​ពេល​​សម្តេច​នរោត្តម សីហនុ ត្រូវ​​បាន​គេ​​ទម្លាក់ចេញ​​​ពី​អំណាច​ ដើម្បី​បង្កើត​របប​គ្រប់​គ្រង​​​​​ថ្មី (សាធារណៈ​ខ្មែរ) ប្រាក់​រៀល​បាន​បាត់បង់​តម្លៃ និង​​​បាត់បង់​តម្លៃ​ទាំង​ស្រុង​​ នៅ​អំឡុង​​របប​​ខ្មែរក្រហម​ ចន្លោះឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ក្រោយមកទៀត ​ដោយ​សារ​អស្ថេរភាព​​សេដ្ឋកិច្ចនិង​នយោបាយ​នៅ​ក្នុង​របប​គ្រប់គ្រង​ផ្សេងៗ គេ​ មិន​អាច​ធ្វើ​អោយ​​​​រូបិយវត្ថុរៀល​មាន​​តម្លៃ​ឡើង​វិញ​​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រាក់​ដុល្លារ​នោះទេ​។ ទោះបីជា​ប្រាក់​រៀល​បាន​​ត្រឡប់​មក​លើ​​ទីផ្សារ​វិញក៏ដោយ​ ក៏​​ប្រជាជន​កម្ពុជា​មិន​បានផ្តល់តម្លៃ​ ដូច​សម័យ​កាល​គ្រប់​​គ្រ​ង​​របស់​​សម្តេច​​នរោត្តម​ សីហនុ​ឡើយ​។ ដោយ​ហេតុ​​នេះ​ហើយ ទើប​បានជានៅមុន​ឆ្នាំ​១៩៩០ ពួក​គេ​​ចូល​ចិត្តប្រើឯកតា មាស ជាង​​​រូបិយ​វត្ថុ​រៀល​។
កាសែតៈ នៅក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភព​លោក​បច្ចុប្បន្ន តើ​ការ​ប្រើប្រាស់​​ក្រដាស​ប្រាក់​ដុល្លារ​​សម្រាប់​ប្រទេសកម្ពុជា មានគុណ​វិបត្តិ​អ្វីខ្លះ?
ហួត​ ពុំៈ ការ​គ្រប​ដណ្តប់នៃក្រដាស​ប្រាក់ដុល្លារ​នៅក្នុង​ប្រទេស​ មាន​ផល​ប៉ះពាល់​ទៅលើ​​សេដ្ឋកិច្ច​និងសង្គម​ជាតិ​។ ជាបឋម ការ​គ្រប​ដណ្តប់នេះ​​បាន​ចោទ​ជា​បញ្ហា​ទៅ​​លើ​សិទ្ធិ​​នៃ​​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់។ សិទ្ធិ​នេះពាក់ព័ន្ធ​នឹង​ភាព​​​ខុស​គ្នា​រវាង​តម្លៃ​ពិត​នៃ​រូបិយវត្ថុ​​ (តម្លៃ​ពិតនៃការ​ផលិត និងការ​​ចែក​ចាយ​កាក់ រឺ​ក្រដាស​ប្រាក់ធនាគារ) និង​តម្លៃ​ទិញ​​រូបិយវត្ថុ​នៅ​លើ​​ទីផ្សារ​ (តម្លៃ​សន្មត)។ បាត់​បង់​​សិទ្ធិ​លើការ​បោះពុម្ព​ក្រដាស​ប្រាក់នេះ មានន័យ​ថា​រដ្ឋ​បាត់​បង់​ប្រាក់​ចំណូល ដែលបាន​មក​ពី​​​ការបោះ​ពុម្ព​​​រូបិយវត្ថុ។​ បន្ទាប់មក ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​​ធ្វើ​​អោយ​មានការ​ធ្លាក់ចុះ​នៃ​ទុនបម្រុងផ្លូវការ និង​កំណត់​​ប្រសិទ្ធភាព​នយោបាយ​​​​​​រូបិយវត្ថុ ដែល​ត្រូវ​បានដាក់អោយ​អនុវត្ត​ដោយ​ធនាគារ​ជាតិ​នៃ​​កម្ពុជា ព្រម​​ទាំង​ជះ​​​​ឥទ្ធិពល​​​លើ​​អត្រា​​ប្តូរ​​ប្រាក់​​។ ធនាគារ​ជាតិ​នៃ​កម្ពុជាកាន់​តែងាយ​​ទទួល​​​រង​ផល​ប៉ះពាល់​​​ពី​វិបត្តិ​ខាង​ក្រៅ​ប្រទេស​​។ ពាក់ព័ន្ធ​នឹង​​បញ្ហា​សង្គម ​​ដុល្លារ​រូបនីយកម្ម​​ដើរ​តួនាទី​អវិជ្ជមាន​មួយ រវាង​អ្នកមាននិងអ្នកក្រីក្រៈ ការ​ទិញ​​​ជាមួយ​នឹង​​​បរិមាណ​ដ៏​ច្រើន អាចប្រព្រឹត្ត​​​ធ្វើ​ទៅ​បាន​ជាមួយ​តែ​​រូបិយវត្ថុ​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​​ មាន​​តែ​ប្រជាជន​កម្ពុជា ដែល​មានធនធាន​ហិរញ្ញវត្ថុ​​ជា​ដុល្លារ រឺជន​បរទេស​​ប៉ុណ្ណោះ ដែលអាចទិញ​ទំនិញ​ទាំង​នោះ​បាន​​។ មានតែពួកគេប៉ុណ្ណោះ ដែល​អាច​មាន​​​​គណនេយ្យ​​នៅក្នុង​ធនាគារ​ គិត​​ជា​ដុល្លារ។ ក្រៅពីនេះ ប្រជាជន​កម្ពុជា​ដែល​មាន​​​ប្រាក់​​ខែជា​ប្រាក់រៀល ខាតបង់​យ៉ាង​​ច្រើន នៅពេល​ពួកគេ​ដូរ​ប្រាក់​ជាដុល្លារ​ ហើយ​ពួក​គេ​​កាន់តែ​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្តូរ​ប្រាក់​ជាង​គេ។ ហេតុដូច្នេះហើយ​ទើប​បា​ន​ជា​ប្រជាជន​ក្រីក្រ គឺជា​អ្នក​ទាម
ារ​អោយ​មាន​​បដិដុល្លារ​រូបនីយកម្ម​នៅ​ប្រទេស​កម្ពុជា​ខ្លាំង​ជាង​គេ​បំផុត។
កាសែតៈ ផ្ទុយទៅវិញ តើអ្វីខ្លះជាអត្ថប្រយោជន៍​នៃប្រាក់​ដុល្លារ សម្រាប់​សេដ្ឋកិច្ច​កម្ពុជា?
ហួត ពុំៈ ជាបឋម ដុល្លារូបនីយកម្ម​អាច​ធ្វើអោយ​អត្រាប្តូរប្រាក់​មាន​ស្ថេរភាព ដើម្បីផ្តល់​ទំនុកចិត្ត​ដល់អ្នកវិនិយោគទុន​បរទេស។ ការ​ប្រើប្រាស់​ក្រដាស​ប្រាក់ដុល្លារ​ផ្តល់​លទ្ធភាព​ដល់​ប្រជាជន​កម្ពុជា​ ក្នុងការ​ទំលាប់​ទៅនឹង​ប្រព័ន្ធ​ធនាគារ ការសន្សំប្រាក់​ និង​ប្រើប្រាស់​សេវា​ធនាគារ​។ ជាចុងក្រោយ ដុល្លារ​អនុញ្ញាត​​អោយ​ប្រទេស​កម្ពុជា​​ធ្វើ​សមាហរណ​កម្ម​​នៅក្នុង​សេដ្ឋកិច្ច​ពិភព​លោក។​
កាសែតៈ​ តើលោកគិតថា​នៅថ្ងៃមួយ បដិដុល្លារូបនីយកម្ម​នៅប្រទេស​កម្ពុជា​អាច​កើត​មាន​ដែររឺទេ?​
ហួត ពុំៈ ខ្ញុំមិនគិត​ថា​វា​នឹង​អាច​កើត​ទៅរួច​នោះទេ សូម្បី​តែ​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្ស​​ខាង​​មុខ​នេះ​ក៏ដោយ។ ជា​បឋម គេមិនត្រូវនិយាយ​អំពីបដិដុល្លារូបនីយ​កម្ម​​នោះទេ ប៉ុន្តែ ត្រូវ​និយាយ​អំពី​ការពង្រឹង​រូបិយវត្ថុ​ជាតិ។ ការ​បែង​ចែក​នេះមាន​សារៈសំខាន់ ព្រោះ​មាន​តែ​ការ​​បង្កើន​ទំនុកចិត្ត​លើរូបិយវត្ថុរៀល​ប៉ុណ្ណោះ ដែល​អាច​​ធ្វើ​អោ​យ​​ដុល្លារ​បាត់​បង់​នៅ​លើ​​ទីផ្សារ​​ក្នុងស្រុកបាន។
កាសែតៈ តើមានដំណោះ​ស្រាយ​អ្វី​ផ្សេង ដើម្បីអោយ​ប្រទេស​កម្ពុជា​កាត់​បន្ថយ​ការ​​ប្រើប្រាស់​រូបិយវត្ថុ​អាមេរិក​នេះ?
ហួត ពុំៈ ដំណោះ​ស្រាយ​មួយ ក្នុង​ចំណោម​ដំណោះ​ស្រាយ​ដែលអាច​ទទួល​យក​បាន​​ អាច​ជា​ការ​បង្កើត​រូបិយវត្ថុ​រួមនៃ​បណ្តា​ប្រទេស​សមាជិកអាស៊ាន (សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​) តាមគំរូ​រូបិយវត្ថុ​អឺរូ នៅក្នុង​សហគមន៍​អឺរុប​។ ខ្ញុំមិនគិត​ថា​​ប្រទេស​កម្ពុជា​តែមួយ ​នឹង​អាច​​មាន​រូបិយវត្ថុ​​ខ្លាំង​គ្រប់គ្រាន់នោះទេ។ ប៉ុន្តែ ប្រសិន​ជា​កម្ពុជា​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​​ប្រព័ន្ធ​រូបិយវត្ថុ​សហគមន៍មួយ​ កម្ពុជា​អាច​​នឹងទទួល​បានអត្ថ​ប្រយោជន៍ទ្វេដង៖ ត្រូវ​លើក​កម្ពស់​​សមាហរណកម្ម​ក្នុង​តំបន់​របស់ខ្លួន ឆ្ពោះ​តម្រង់ទៅ​រក​សមាហរណ​កម្ម​ពិភព​លោក​។

 

http://ka-set.info/kh/actualites/economie/cambodge-dollar-dollarisation-dedollarisation-monnaie-riel-huot-pum-081209.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: