Articles

បញ្ហា​សន្តិសុខ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​គឺ​ជា​រឿង​ឈឺ​ក្បាល

In Uncategorized on January 21, 2009 by viCheth

www.rfi.fr ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  20/01/2009 15:55 ម៉ោងសកល

លោក​ Obama ​គឺ​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​បង្អស់​របស់​អាមេរិក។ គេ​នាំ​គ្នា​ភ័យ​ខ្លាច​ក្រែង​មាន​អ្នក​លប​ធ្វើ​ឃាត​ ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ ព្រោះ​ថា​ មាន​មនុស្ស​ច្រើន​ណាស់​នឹង​ចូល​រួម​ក្នុង​ពិធី​នេះ គឺ​យ៉ាង​តិច​ក៏​ប្រហែល​ជា​២​លាន​នាក់​ដែរ។ ការ​រក្សា​សុវត្ថិភាព​ប្រធានាធិបតី​ត្រូវ​បានគេ​រឹត​បន្តឹង ដោយ​មាន​ប៉ូលិស និង​ទាហាន​ ជាង​៥ ០០០​នាក់​ ចូល​រួម​ការពារ​សន្តិសុខ។

បញ្ហា​សន្តិសុខ​ នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ គឺ​ជា​រឿង​ឈឺក្បាល​មួយ ស្រាប់​ក្រុម​អ្នក​រក្សា​សុវត្ថិភាព​ប្រធានាធិបតី​ (Secret Service)។ ការ​រៀប​ចំ​ផ្នែក​សន្តិសុខ​ត្រូវ​បាន​គេ​ចាប់​ធ្វើ​តាំង​ពី​៦​ខែ​មក​ហើយ មុន​ពេល​ដែល​លោក​ Obama ជាប់​ឆ្នោត​ផង។ នៅ​ពេល​ដែល​លោក​ Obama ដែល​ជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ បាន​ជាប់​ឆ្នោត ការ​រក្សា​សន្តិសុខ​កាន់​តែ​ត្រូវ​បាន​​រឹត​បន្តឹង​ថែម​ទៀត។ គេ​បាន​រៀប​ចំ​ធ្វើ​សមយុទ្ធ​ ដើម្បី​ត្រៀម​ទប់ទល់​នឹង​​ការ​វាយប្រហារ​ជា​យថា​ហេតុ​ណា​មួយ​ លើ​ក្បួន​ប្រធានាធិបតី ដូចជា​​គ្រាប់​បែក​អត្តឃាត ការ​ដាក់​បង្កៃ​គ្រាប់​បែក​ផ្តាច់​ស្ពាន ជា​ពិសេស គឺ​ការ​វាយប្រហារ​ដោយ​អាវុធ​ជីវសាស្រ្ត ឬ​អាវុធ​គីមី ជា​ដើម។

លោក Obama នឹង​ជិះ​ក្នុង “រថក្រោះ”

រថយន្ត​ប្រធានាធិបតី ដែល​ក្រុម​អង្គរក្ស​បញ្ជា​ឲ្យ​ធ្វើ​ជា​ពិសេស​ សម្រាប់​លោក ​Barack Obama

រថយន្ត​ប្រធានាធិបតី ដែល​ក្រុម​អង្គរក្ស​បញ្ជា​ឲ្យ​ធ្វើ​ជា​ពិសេស​ សម្រាប់​លោក ​Barack Obama

មាន​ប៉ូលិស និង​ទាហាន​ជាង​៥ ០០០នាក់​នឹង​ចូល​រួម​ការ​ពារសន្តិសុខ​នៅ​​ថ្ងៃ​នេះ។ នេះ​នៅ​មិន​ទាន់​គិត​ដល់​ក្រុម Sercret Service ផង ដែល​ខ្លះ​ទៅ​នៅ​​បន្លំ​ខ្លួន​នៅ​ក្នុង​ហ្វូង​មនុស្ស​ទូទៅ ​មាន​ក្រុម​បាញ់​ស៊ីប (Counter-Snipers) នៅ​តាម​ដំបូល​ផ្ទះ និង​មួយ​ក្រុម​ទៀត​ទៅ​រត់​អម​ឡាន​ដែល​លោក​ Obama ​ជិះ។

និយាយ​ពី​រឿង​ឡាន​នេះវិញ ខាង Sercret Service បាន​ឲ្យ​គេ​ធ្វើ​ឡាន​ថ្មី​មួយ​សម្រាប់​លោក​ Obama។ ឡាននេះ​​​មិន​ត្រឹម​តែ​គ្រាប់​កាំ​ភ្លើង​ធម្មតា​ទេ ដែល​បាញ់​មិន​ធ្លុះ បើ​ទោះ​ជា​ដាក់​គ្រាប់​បែក ឬ​ក៏​បាញ់​គ្រាប់ B-40 ក៏​មិន​ធ្លុះ​ដែរ ពោល​គឺ​ប្រៀប​បាន​ទៅ​នឹង​​​រថក្រោះ​​​អ៊ីចឹង។

នៅ​ពេល​ដែល​លោក ​ Obama ឈរ​មើល​ក្បួន​ព្យុហយាត្រា​ ក៏​ឈរ​នៅ​ក្នុង​បន្ទប់​កញ្ចក់​ពិសេស​ដែរ។

ក្រុម​បាញ់​ស៊ីប (Counter Snipers) របស់​ក្រុម​អង្គរក្ស​ប្រធានាធិបតី នៅ​លើ​ដំបូល​សេតវិមាន(រូបថត៖ Reuters)

ក្រុម​បាញ់​ស៊ីប (Counter Snipers) របស់​ក្រុម​អង្គរក្ស​ប្រធានាធិបតី នៅ​លើ​ដំបូល​សេតវិមាន
(រូបថត៖ Reuters)

ផ្លូវ​ថ្នល់​ ស្ពាន នៅ​ក្នុង​ក្រុង​វ៉ាស៊ីងតោន​ទាំង​អស់​ត្រូវ​បិទ មិន​ឲ្យ​រថយន្ត​ចេញ​ចូល​ទេ។ នៅ​លើ​មេឃ​ឯណោះវិញ ​រាល់​ការ​ហោះ​ហើរ​ទាំង​អស់​កាត់​ពី​លើ​ក្រុង​វ៉ាស៊ីង​តោន​​ត្រូវ​បាន​ហាម​ឃាត់។ គេ​ឃើញ​មាន​តែ​ឧទ្ធម្ភាគចក្រ​យោធា និង​យន្តហោះ​ប្រដេញ​ប៉ុណ្ណោះ ដែល​ហោះ​ឆ្វែល​​ពី​លើ​។

មនុស្ស​រាប់​លាន​នាក់​ ដែល​ចូល​ទៅ​មើល​ពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ ត្រូវ​​​ឆ្លង​កាត់​​ម៉ាស៊ីន​​ Scan ហើយ​​​សម្ភារៈ​មួយ​ចំនួន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​យក​តាម​ខ្លួន​ទេ ដូច​ជា Sac-à-dos ឬ​កញ្ចប់​ផ្សេងៗទៀត ជាដើម​ សូម្បី​តែ​ឆ័ត្រ​ក៏​មិន​ឲ្យ​យក​ចូល​ដែរ ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ ក៏​មិន​អនុញ្ញាត​​ឲ្យ​យក​ឆ័ត្រ​​ចូល​ដែរ។

សេ
វិមាន​ត្រូវ​រៀប​ចំឡើង​វិញ​ទាំង​អស់​ទទួល​លោក Obama

ថ្ងៃស្បថ​ចូល​កាន់​តំណែង​ក៏​ជា​ថ្ងៃ​ដែល​ប្រធានាធិបតី​ថ្មី​ត្រូវ​រើ​ចូល​ទៅ​នៅ​ក្នុង​សេតវិមាន​ដែរ។ ដូចនេះ មិនមែន​មាន​តែ​រឿង​សុវត្ថិភាព​ទេ ដែល​ធ្វើ​ឲ្យ​​ឈឺ​ក្បាល។ ការ​រៀបចំ​ផ្ទះ​ទទួល​ប្រធានាធិបតី​ថ្មី​ក៏​មិន​ស្រួល​ប៉ុន្មាន​ដែរ ព្រោះ​ថា គេ​​ត្រូវ​​​រៀប​ចំ​ឲ្យ​បាន​មុន​ពេល​ប្រធានាធិបតី​​ថ្មី​ចូល​ម​ក​នៅ។ បុគ្គលិក​សេតវិមាន​ មាន​ពេល​តែ​៦​ម៉ោង​ប៉ុណ្ណោះ ដើម្បី​រើ​ឥវ៉ាន់​លោក​ Bush ចេញ នឹង​រៀប​ឥវ៉ាន់​លោក Obama ចូល។

លោក ​ Obama ​មិន​​មាន​សិទ្ធិ​ចូល​មក​នៅ​​សេតវិមាន​មុន​ថ្ងៃ​ទី​២០​​មករា​នេះ​ទេ។ គាត់​ត្រូវ​ទៅ​​នៅ​ផ្ទះ​សំណាក់​មួយ នៅ​ជិត​សេតវិមាន​ ​ដែល​គេ​ធ្វើ​សម្រាប់​ទទួល​ប្រធានាធិបតី​ថ្មី។ លោក​Bush ​នៅ​តែ​ជា​ប្រធានាធិបតីអាមេរិក​​រហូត​ដល់​​ម៉ោង​១២ ថ្ងៃ​ទី​២០ មករា​នេះ។ ដូចនេះ គាត់​​នៅ​​តែ​ជា​ម្ចាស់​សេតវិមាន រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២០​ មករា ពេល​ដែលគាត់​ចេញ​ពី​សេតវិមាន​ជា​មួយ​លោក Obama ទៅ​កាពីតូល​ ដើម្បី​ស្បថ។ ពេល​នោះ​​លោក ​Bush នឹង​​ទៅ​រហូត ​ហើយ​មិន​​វិល​មក​សេតវិមាន​វិញ​ទេ។ ចាប់​ពី​ម៉ោង ១១ នេះ​ទៅ បុគ្គលិក​បម្រើ​ការ​នៅ​សេតវិមាន​ ត្រូវ​ធ្វើ​យ៉ាង​ណា​រៀប​ចំ​សេតវិមាន​ឲ្យ​ហើយ​​រួច​រាល់​ទាំង​អស់មុន​​ម៉ោង ៥​ល្ងាច ពេល​ដែល​ក្បួន​ព្យុហយាត្រា​បញ្ចប់ ហើយ​លោក​ Obama ​ចូល​មក​សេតវិមាន។

បុគ្គលិក​សេតវិមាន​កំពុង​រៀប​ចំ​ឥវ៉ាន់​របស់​លោក​ Bush ចេញ​ពី​សេតវិមាន(រូបថត៖ Reuters)

បុគ្គលិក​សេតវិមាន​កំពុង​រៀប​ចំ​ឥវ៉ាន់​របស់​លោក​ Bush ចេញ​ពី​សេតវិមាន
(រូបថត៖ Reuters)

ក្នុង​កំឡុង​ពេល​នេះ​ គេ​ត្រូវ​រើ​ឥវ៉ាន់​លោក​ Bush ចេញ។ ប៉ុន្តែ លោក Bush ​បាន​ដឹក​ឥវ៉ាន់​ភាគច្រើន​ចេញ​ទៅ​ផ្ទះ​គាត់​នៅ Taxas អស់​ហើយ តាំង​ពី​បី-បួន​ខែ​មុន​នេះ​ម្ល៉េះ។ ក្រោយ​ពី​រើ​ឥវ៉ាន់​លោក ​Bush ចេញ​អស់​ហើយ គេ​ត្រូវ​រើ​ឥវ៉ាន់​លោក​ Obama ​ចូលវិញ​ម្តង ហើយ​​គេ​ត្រូវ​រៀប​ចំ​សេតវិមាន​ឡើង​វិញ​ទាំង​អស់ តម្រូវ​ទៅ​តាម​ប្រធានាធិបតី​ថ្មី។

រដ្ឋាភិបាល​ថ្មី​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ភ្លាមៗ​ក្រោយ​ពី​លោក Obama ស្បថ​ចប់

​គ្រាន់​តែ​លោក​ Obama ​ស្បថ​ចប់​ភ្លាម នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​ សមាជិក​រដ្ឋាភិបាល​ថ្មី​មួយ​ចំនួន នឹង​ចាក​ចេញ​ពី​វិមាន​​កាពីតូល​ភ្លាមៗ ​ឆ្ពោះ​មក​សេតវិមាន ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​សំខាន់​ៗ និង​បន្ទាន់​មួយ​ចំនួន ដូច​ជា​រឿង​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​វិបត្តិ​នៅ​​ដើមបូព៌ា​ជាដើម ព្រោះ​លោក Obama ​នឹង​ត្រូវ​ចេញ​សេចក្តី​សម្រេច​សំខាន់​ៗ​មួយ​ចំនួន នៅ​ថ្ងៃ​ស្អែក​ទាក់ទង​នឹង​បញ្ហា​នេះ។ ការ​ផ្ទេរ​អំណាច​នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ។ រដ្ឋាភិបាល​ថ្មី​​នឹង​ត្រូវ​មាន​សុពល​ភាព​ជា​ផ្លូវ​​ការ​ ក្នុង​ពេល​បញ្ហា​សំខាន់ៗ​ជា​ច្រើន​កំពុង​តែ​រង់​ចាំ​​លោក Obama៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: