Articles

មរណភាព​របស់​លោក​កេង វ៉ាន់សាក់ៈ ​បញ្ញវន្ត​ខ្មែរដ៏ល្បីឈ្មោះនៅ​ជំនាន់​មុន

In People on January 26, 2009 by viCheth

ដោយ ស្ទេហ្វានី ហ្សេ. Ka-set.info 31-12-2008

clip_image001

ប៉ារីស (ប្រទេស​បារាំង) លោកកេង វ៉ាន់សាក់
© ឃីង ហុកឌី

លោក​សាស្រ្តាចារ្យ​បណ្ឌិត ​កេង វ៉ាន់​សាក់ បាន​លា​ចាក​លោកយើង​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែធ្នូ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​ម៉ុង​ម៉ូរ៉ង់ស៊ី​(Montmorency) នា​ទីក្រុង​ប៉ារីស ប្រទេស​​បារាំង បន្ទាប់​ពីកើត​​មាន​ជំងឺ​ម្យ៉ាង។​ លោក​​​សាស្រ្តាចារ្យ​បាន​និពន្ធ​រឿង​ល្ខោន​ចំនួន​២ កម្រង​កំណាព្យ និង​សិក្សាកថា​ជាច្រើន ទុក​សម្រាប់​បញ្ញាវន្ត​ខ្មែរ​ជំនាន់​ក្រោយ។​ លោក​​ក៏​​​ជា​​​អ្នក​​សេ្នហា​អរិយ​ធម៌​​ខ្មែរ​​មួយ​រូប​ផង​ដែរ​​។ នៅ​ក្នុង​ការ​ចង​ចាំ លោក​ក៏​ជា​អ្ន​ក​ប្រឆាំង​របប​រាជា​និយម​​​​​​ដ៏​ស្លាប់​រស់​ និង​ជា​អ្នក​ប្រៀន​ប្រដៅយុវជន​សាឡុត សរ ដែល​ក្រោយ​មក មាន​​​​ឈ្មោះ​​ថា​ប៉ុល ពត ដែល​ជា​មនុស្ស​បាត​ដៃ​ប្រឡាប់​ឈាម។

លោក​កេង វ៉ាន់​សាក់ កើត​នៅ​ឆ្នាំ​១៩២៥ នៅភូមិមួយ នា​ខេត្ត​កំពង់ឆ្នាំង។ បន្ទាប់​ពី​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ​ផ្នែក​ទស្សនវិជ្ជា នៅ​ឆ្នាំ​១៩៤៦ នា​ទីក្រុង​ភ្នំពេញ លោក​បាន​ទទួល​​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ទីក្រុង​ប៉ារីស​(ប្រទេស​បារាំង)។ ទន្ទឹម​នឹងការ​សិក្សា​នេះ លោក​​ក៏​​បាន​ធ្វើការ​ជា​សាស្រ្តាចារ្យ​ជំនួយ​ភាសា​​ខ្មែរ​នៅ​សាលាជាតិជីវភាសាបូព៌ាប្រទេស​ (Ecole nationale des langues orientales vivantes)  នៅទីក្រុង​ប៉ារីស​ នៅ​ឆ្នាំ​សិក្សា​១៩៤៧-១៩៤៨ ​និង​ឆ្នាំ​សិក្សា​​១៩៥១-១៩៥២។ នៅ​ចន្លោះ​ពេល​នោះ លោក​បង្រៀន​ភាសា​ខ្មែរ​​​នៅ​​សាលា​សិក្សា​ផ្នែក​បូព៌ា​និង​អាហ្វ្រិក​​នៃ​សាកល​វិទ្យាល័យ​​ក្រុង​ឡុង​ដ៍។
លោក​ឃីង ហុកឌី អតីត​សិស្ស​ និង​មិត្តភក្តិ​របស់លោក​កេង វ៉ាន់​សាក់​ បច្ចុប្បន្ន​គឺ​ជា​អ្នក​ស្រាវ​ជ្រាវ​នៃ​មជ្ឈមណ្ឌល​ជាតិ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​បារាំង​ បាន​រាយ​ការណ៍​​អោយ​​​​ដឹង​នៅក្នុង​អត្ថបទ​ចេញ​ផ្សាយ​មួយ​ថា លោកកេង​ វ៉ាន់​សាក់​​​បាន​រៀប​អាពាហ៍ពិពាហ៍​​ជាមួយ​ជនជាតិ​បារាំង ឈ្មោះ ស៊ុយ​ស្ហាន កុល​លើ​វិល (Suzanne Colleville) ៖ អ្នក​​ស្រី​ទទួល​​សញ្ញាបត្រ​ភាសា​ខ្មែរ ឡាវ និង​សៀម ហើយ​​​និង​បានទទួល​បរិញ្ញាបត្រ​ផ្នែក​វិទ្យា​សាស្រ្ត​​​រូប​វិទ្យា នៅ​មហា​វិទ្យាល័យ​វិទ្យាសាស្រ្ត​ កាអង់។​ នៅ​ឆ្នាំ​១៩៥២ លោក​បានត្រឡប់​មក​កាន់​ប្រទេស​​កម្ពុជា​វិញ ដោយអម​ដំណើរ​ដោយភរិយា​របស់​គាត់។ ដោយ​សារ​លោក​បាន​ប្រឡង​ជាប់​​បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​ផ្នែក​ទស្សនៈវិជ្ជា នៅ​មហា​វិទ្យាល័យ​​អក្សរ​សាស្រ្ត​និង​មនុស្ស​សាស្រ្ត​ក្រុង​ប៉ារីស​នៅ​ឆ្នាំ​១៩៥១ ពេល​ត្រឡប់​មកវិញ លោក​បាន​ទទួល​​មុខ​នាទី​ជា​សាស្រ្តាចារ្យ​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ នាទីក្រុង​ភ្នំពេញ ចាប់​ពី​​​ឆ្នាំ​​​១៩៥២ ដល់​ឆ្នាំ​១៩៥៨។​
មេដឹកនាំ​ម្នាក់ ក្នុង​ចំណោម​មេដឹកនាំ​សិស្ស​អាហារូបករណ៍កម្ពុជា​ នៅទីក្រុង​ប៉ារីស
លោក​គឺជា​ឥស្សរជន​សំខាន់មួយ​រូប​ ក្នុង​ចំណោម​ឥស្សរជន​សំខាន់ៗ​នៃ​សហគមន៍​​​និស្សិត​កម្ពុជា នៅទីក្រុង​ប៉ារីស។ លោក​ហ្វីលីព ស៊ត បាន​រម្លឹក​នៅ​ក្នុង​​សៀវភៅ​របស់លោក ដែល​មាន​ចំណង​ជើង​ «ប៉ុល ពត ការ​វិភាគ​សុបិន​អាក្រក់»​ ​ថា នៅអំឡុង​ឆ្នាំ​១៩៥០ កិច្ច​ប្រជុំ​បិទ​ជិត​នៃក្រុម​និស្សិត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​​ឡើង​ជាច្រើ​នលើក​ក្នុងមួយ​ខែ នៅ​ក្នុង​អគារ​នៃ​ខ័ណ្ឌ​ទី១៥ របស់លោក​កេង វ៉ាន់សាក់ «ដើម្បីពិភាក្សា​អំពី​បញ្ហា​នយោ
ាយ ហើយនិង​អនាគត​ប្រទេស​កម្ពុជា ដែល​​ទទួលង​រង​ផល​ប៉ះពាល់​​ជា​លើកដំបូង​ពីសង្គ្រាម​នៅ​វៀតណាម​​»។ អ្នក​ប្រវត្តិ​សាស្រ្ត​រូប​នេះ​បានពន្យល់​ថា ជំនួប​ពិភាក្សា​នេះ «ឆ្លុះ​បង្ហាញ​អំពីការ​ចាប់​ផ្តើម​​រៀន​នយោបាយ​» របស់​សាឡុត សរ។
លោក​ហ្វីលីព បានគូស​បញ្ជាក់​ថា នៅសម័យ​កាល​នោះ លទ្ធិ​កុម្មុយនីស្ត​ស្ថិត​នៅ​​ឆ្ងាយ​ពីការ​ព្រួយបារម្ភ​របស់ពួកគេ។ លោក​បាន​លើកឡើង​ប្រវត្តិ​រីករាយ​ដ៏​ខ្លី​មួយ ដើម្បីគាំទ្រ​សំដីរបស់​លោក​ថា «លោក​កេង វ៉ាន​សាក់ផ្ទាល់ គឺជា​អ្នក​​ប្រាកដ​និយម​​នយោបាយ​ជាង​មិត្តភក្តិ​របស់​គាត់​ភាគច្រើន​។ លោក​ធ្លាប់​បានប៉ះ​ទង្គិច​ដោយ​អចេតនា ជាមួយ​យុវតី​បារាំង​មួយរូបនៃ​គ្រួសារ​គហបតី កាលពីមួយ​ឆ្នាំ​កន្លង​​ទៅ នៅពេល​លោក​​អញ្ជើញ​កញ្ញា​នោះ មកចូលរួមពិធី​បុណ្យ​មនុស្ស​ធម៌​ជាមួយ​លោក នៅពេល​រសៀល ដែល​រៀប​ចំ​ឡើង​ដោយ​​គណបក្ស​កុម្មុយនីស្ត​បារាំង​។ «លោក​បាន​តវ៉ា​ថា ខ្ញុំមិន​បាន​គិត​ថា​ពិធី​នោះ​គឺជា​ពិធីបុណ្យ​កុម្មុយនីស្ត​នោះ​ទេ​។ ខ្ញុំ​គិត​ថា​វា​គឺជា​ពិធី​បុណ្យ​មនុស្ស​ធម៌…»។ អ្នក​ប្រវត្តិ​សាស្រ្ត​រូប​នេះ​បាន​សង្ខេប​​ថា មណ្ឌល​សិក្សា​របស់លោក​វ៉ាន់ សាក់ «គឺជា​ពិធិការ​នយោបាយ» ហើយ​​​ចាប់​តាំង​ពី​ពេល​នោះ​មក​សមាជិក​​​របស់លោក​បាន​ចាត់ទុក​ខ្លួនឯង​គឺជា «អ្នក​​វឌ្ឍននិយម»។​
ប៉ុន្តែ ក្រោយមក លោក​កេង វ៉ាន់សាក់ មាន​លក្ខណៈខុស​ប្លែក​ពី​មិត្ត​ភក្តិ​របស់​គាត់​​មួយ​​ចំនួន​។ ខណៈពេល​សមាគម​និស្សិត​ខ្មែរ ដែល​មាន​លោក​​​ឡើង​ធ្វើ​ជា​ប្រធាន​បន្ត ត្រូវ​បាន​អញ្ជើ​ញ​ចូល​​រួម «ពិធី​បុណ្យ​យុវជន​ពិភព​លោក​​ដើម្បី​សន្តិភាព» នៅទីក្រុ​ងប៊ែរឡាំង លោក​បាន​សម្រេច​ចិត្ត​ ដក​ខ្លួន​ចេញពី​ដំណើរ​កំសាន្ត​​នេះ​ នៅ​នាទីចុង​ក្រោយ។ លោក​ហ្វីលីព ស៊ត បាន​​មានប្រសាសន៍​ថា «កន្លះ​​សតវត្សរ៍​ក្រោយមក លោក​វ៉ាន់សាក់ នៅ​តែគិត​​​ដល់​រឿង​នេះ​។ លោក​បាន​ពន្យល់​ថា អ្នកដទៃ​ផ្សេង​ទៀត​ត្រូវការ​ផ្តាច់ខ្លួន​ចេញពីខ្ញុំ។​ លោក​បាន​រៀប​រាប់​ថា ពួក​គេយល់​​ឃើញ​ថា​ខ្ញុំមិន​មែនជា​មនុស្ស​បរិសុទ្ធ​និង​រឹង​មាំដូច​ពួកគេ។ ខ្ញុំ​គិត​ពិចារណា​​​ច្រើន​ពេក… ខ្ញុំមិ​ន​តប​ត​អ្វីទាំង​អស់ […] លោកអៀង សារី (អតីត​មិត្ត​រួម​ថ្នាក់នៅ​វិទ្យាល័យ​) បាន​និយាយ​ប្រាប់​ខ្ញុំ​ថា៖ បង​​ឆាប់​​ទទួល​អារម្មណ៍​ពេក។ បង​​​នឹងមិន​អាច​ក្លាយជា​អ្នក​នយោបាយ​បាន​ឡើយ។ ដើម្បី​ធ្វើ​នយោបាយ គេ​ត្រូវ​​តែ​រឹង​មាំ..បង​នឹង​មិន​អាច​ធ្វើវា​បានឡើយ។ បង​បញ្ចេញ​មនោសញ្ចេតនា​ពេក​»​។​
ការ​ស្រឡាញ់​វប្បធម៌​ខ្មែរ
លោកគឺជា​សាស្រ្តាចារ្យ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ​នៅឆ្នាំ​១៩៥៨ សមាជិក​គណៈ​កម្មការ​ពិនិត្យ​​សៀវភៅ​​​អក្សរសាស្រ្ត​ខ្មែរនៅ​មធ្យម​សិក្សា​​ បន្ទាប់មក​ជា​សាស្រ្តាចារ្យ​អក្សរ​សាស្រ្ត វប្បធម៌ និង​អរិយ​ធម៌​ខ្មែរ នៅមហាវិទ្យាល័យ​អក្សរ​សាស្រ្ត និង​នៅពុទ្ធិក​​សាកលវិទ្យាល័យ​​ភ្នំពេញ ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦៨… លោក​កេង​ វ៉ាន់សាក់ បានចំណាយ​ពេលវេលា​ធ្វើការ​ងារ​ ដើម្បី​ការពារ​អក្សរ​ និង​វប្បធម៌​ខ្មែរ។​ លោកគឺជា​សកម្ម​ជន​តស៊ូ​ធ្វើកំណែ​ទម្រង់​ភាសា​ខ្មែរ​ ហើយ​​​បាន​បង្កើត​ម៉ាស៊ីន​អង្គុលីលេខ​អក្សរ​ខ្មែរ​លើកដំបូង​​​នៅ​ឆ្នាំ​១៩៥២។​
នៅ​ខែ​មេសា ឆ្នាំ​១៩៧០ លោក​បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​បារាំង​វិញ ដើម្បី​ត្រៀម​​សរសេរ​និក្ខេប​បទ​ថ្នាក់បណ្ឌិត ដែល​មាន​ចំណង​ជើង​ថា «ការ​ស្រាវ​ជ្រាវ​ជម្រៅ​វប្បធម៌​ខ្មែរ​»​ (Recherche d’un fond culturel khmer) ហើយ​​នៅ​ឆ្នាំ​១៩៧១ លោក​បាន​ឡើង​​ការពារ​ នៅសាកលវិទ្យាល័យ​ទីក្រុង​ប៉ារីស។​ ក៏ដូចជា​អ្នក​ស្រាវ​ជ្រាវ​ជាវ​​ជា​ច
រើន​​​រូប​ផ្សេង​ទៀត លោក​ឃីង ហុកឌី បាន​ចាត់​ទុក​លោក​កេង​ វ៉ាន់​សាក់​ គឺជា «សាស្រ្តាចារ្យ​និង​ជា​បញ្ញាវន្ត​ខ្មែរ​មួយ​រូប ក្នុង​ចំណោម​​បញ្ញាវន្ត​​ខ្មែរ​ដ៏កំរ​​ រឺ​អាច​ជា​បញ្ញាវន្ត​តែម្នាក់​គត់ ដែល​បាន​ចូលរួម​នៅក្នុង​សកម្មភាព​នយោបាយ​ នៅក្នុង​ក្រប​ខ័ណ្ឌ​នៃការ​ពិចារណា​ជាលក្ខណៈ​​សាកល​មួយ ស្តី​ពី​អរិយធម៌​ និង​វប្បធម៌​ខ្មែរ​​។​​
អ្នក​ប្រឆាំង​របប​រាជានិយម​ដ៏ស្លាប់រស់​
នៅ​ឆ្នាំ​១៩៥២ ពីទីក្រុង​ប៉ារីស លោកកេង​ វ៉ាន់សាក់​​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ ​នឹង​​សម្តេច​នរោត្តម​ សីហនុ​​​​​។ លោក​​ហ្វីលីព ស៊ត បាន​លើក​ឡើង​ថា កម្រង​កំណាព្យ​​របស់លោកវ៉ាន់សាក់​ ​«ចិត្ត​ក្រមុំ» «ប្រើ​ប្រាស់​ពាក្យធៀបនៃ​ព្រះ​ពុទ្ធ​សាសនា​ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​របប​រាជានិយម»។ លោក​បាន​បន្ថែម​ទៀត​​ថា​លោក​វ៉ាន់សាក់​​ក្លាយ​​ជា «មនុស្ស​ម្នាក់ ក្នុង​ចំណោមមនុស្ស​អាក្រក់»​របស់​​សម្តេច​នរោត្តម សីហនុ ហើយ​របប​សង្គម​រាស្រ្តនិយម​របស់ព្រះអង្គ​បាន​ចាប់​​លោក​ដាក់​ពន្ធនាគារ​​ចំនួន​​ពីរ​​លើក។
នៅ​ចុង​​ឆ្នាំ​១៩៥៤ លោក​កេង វ៉ាន់សាក់ បានចូល​រួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ ហើយ​​លោក​បានចាប់ផ្តើម​ធ្វើ​កំណែទម្រង់ផ្ទៃ​ក្នុង​។ លោក​ឃីង ហុកឌី បាន​រម្លឹកថា​ លោក​កេង​ វ៉ាន់សាក់​ គឺ​ជា​​មេ​ដឹក​​នាំ​​គណបក្ស​ប្រជាធិប​តេយ្យ ដើម្បី​ចូល​រួម​​បោះឆ្នោត​នីតិបញ្ញត្តិ​សកល នៅឆ្នាំ​១៩៥៤  «​លោក​បាន​ប្រឆាំង​ដោយ​ចេញមុខ​នឹង​រាជបល្ល័ង្ក ជាពិសេស​គឺ​ប្រឆាំង​​ផ្ទាល់​នឹង​សម្តេច​នរោត្តម​ សីហនុ ដែល​ជា​ស្ថាបនិក​សង្គមរាស្រ្តនិយម»។ បន្ទាប់​ពី​បរាជ័យ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក រដ្ឋាភិបាល​បាន​ចាប់​លោកដាក់​ពន្ធនាគារ នោ​ថ្ងៃ​ទី​១៣ ខែកញ្ញា ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៩៥៥។ អ្នក​ស្រាវ​ជ្រាវ​​រូប​នេះ​បាន​​បន្ថែម​ទៀត​ថា​​ ​«ពេល​​ចេញ​ពីពន្ធនាគារ លោក​បាន​បោះពុម្ព​ផ្សាយ​កម្រង​កំណាព្យ​ ដែល​លោក​បាន​និពន្ធ​ក្នុង​ពេល​ជាប់​គុក ហើ​យ​កម្រង​កំណាព្យ​នេះ​បាន​​ទទួល​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ទៅលើ​កវី​និពន្ធ​ខ្មែរ​ជំនាន់​នោះ​»។
លោក​ Nasir Abdoul-Carime បាន​សរសេរ​នៅក្នុង​អត្ថបទ​មួយ ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​លេខ​៧ របស់​សមាគម Aefek (សមាគម​ផ្លាស់​ប្តូរ និង​បណ្តុះ​បណ្តាល​សម្រាប់ការ​សិក្សា​ភាសា​ខ្មែរ) ថា​«លោក​កេង វ៉ាន់​សាក់​ មិនដែល​បាន​បញ្ជូល​​គំនិត​កុម្មុយនីស្ត​នោះទេ ផ្ទុយ​ទៅវិញ លោក​តែង​តែ​តស៊ូ​ប្រឆាំង​នឹង​ស្ថាប័ន​​ព្រះមហាក្សត្រ។ គ្រប់​ចលនា​​នយោបាយ​ដែល​ប្រឆាំង​នឹង​រាជ​បល្ល័ង្ក បាន​ធ្លាក់​ចូល​ទៅក្នុង​គំនិត​របស់លោក​។ ម្នាក់ៗ​បាន​កែសម្រួល​គំនិត​ទាំងនោះ អោយ​​ក្លាយ​ជា​​«មនោគម​វិជ្ជា​ផ្ទាល់​ខ្លួន» តួយ៉ាង​ដូច​ជា​ខ្មែរក្រហម ក៏ដូច​ជា​ចលនា​​សាធារណៈរដ្ឋ​​ប្រឆាំង​របប​រាជានិយម»។​
នៅ​អំឡុង​ឆ្នាំ​១៩៦៨ បន្ទាប់​ពីមាន​​ការចុះ​បង្រ្កាប​ការ​ប៉ះ​បោរ​មួយ​​​នៅស្រុក​សំឡូត លោក​ត្រូវ​រដ្ឋាភិបាល​បញ្ឈប់​អោយ​លែង​បង្រៀន ហើយ​បាន​អោយ​ភ្នាក់​ងារ​​ឃ្លាំមើល​គេហដ្ឋាន​លោក​ទៀត ដោយោ​លោក​ជាប់​ចោទ​ថា​ជា​អ្នក​បំប៉ះ​បំបោរ​និសិ្សត​និង​សិស្ស​អោយ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជំនាន់នោះ។ លោក​ឃីង ហុកឌី​បាន​រៀប​រាប់ថា នៅពេល​ប៉ូលីស​​ចុះ​ឆែក​ឆេរ​នៅផ្ទះរបស់​លោក​ ប៉ូលីស​បាន​​រក​ឃើញ​សៀវភៅ ទាក់​ទង​នឹង​ម៉ាក់ ម៉ៅសេងទុង លេនីន និង​ទស្សនាវដ្តី​ប្រទេស​ចិន​ -ល- នៅ​បណ្ណាល័យ​​ផ្ទាល់​របស់​លោក ជាហេតុ​នាំ​អោយ​​​មាន​ការ​​ចាប់​ខ្លួន​លោក​។​
សង្គ្រាម​ស្លាប​ប៉ាកកា ជុំវិញព្រះបាទ​ជ័យវរ្ម័ន​ទី​៧
នៅ​​ក្នុង​​ប
​សម្ភាសន៍មួយ កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០០៧ ជាមួយ​វិទ្យុ​អាស៊ីសេរី សាស្រ្តាចារ្យ​​កេង វ៉ាន់​សាក់ បាននិយាយ​ទាក់​ទង​នឹងប្រវត្តិ​របស់​​កំពូល​ព្រះ​មហា​ក្សត្រ​​ខ្មែរ​ គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជា​ស្ថាបនិក​ប្រាសាទ​បាយ័ន និង​ជា​ព្រះមហាក្សត្រ​ខ្មែរ​​ដ៏ខ្លាំង​ពូកែ​​ជា​ង​គេ​បំផុត​​។​ លោក​បាន​ប្រកាស​ថាព្រះ​ជ័យ​វរ្ម័ន​ទី​៧​​​បាន​ប្រគល់​ទឹក​ដីមួយភាគ​អោយ​ទៅ​សៀម…។ ការ​អះអាង​នេះ​បាន​បង្ក​អោយ​​មាន​ការ​តវ៉ា​ជា​ច្រើន។
ក្រោយ​មក​ លោក​កេង វ៉ាន់សាក់ បានពន្យល់​ថា​លោក​គ្រាន់តែ​ធ្វើកា​រស្រាវ​ជ្រាវ​ ដើម្បី​បង្កើត​ប្រវត្តិសាស្រ្ត​ពិត​ប្រាកដ និង​មិនមានបំណង​បំផ្លាញ​ឯកភាព​ជាតិ តាម​រយៈការ​បំផ្លាញ​និមិត្តរូប​ដ៏សំខាន់​មួយ​របស់ប្រទេស​ជាតិ​ឡើយ។
បរិយាកាស​មួយនៃការ​និរទេស​ទៅកាន់ប្រទេស​បារាំង​
លោក​ឃីង ហុកឌីបាន​រម្លឹកថា បន្ទាប់​ពី​រដ្ឋ​ប្រហារ​របស់លន់ ណុល នៅខែមីនា ឆ្នាំ​​១៩៧០ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​សាធារណៈរដ្ឋ​ខ្មែរ លោក​កេង វ៉ាន់សាក់ បាន​​ឡើង​ធ្វើ​ជា​ប្រធាន​វិទ្យាស្ថាន​ខ្មែរ-មន ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​លោក​​​​លន់ ណុល «ក្នុងគោល​បំណង​លើក​តម្កើន​វប្បធម៌​ខ្មែរ-មន ​ដើម្បី​អោយ​ជន​ជាតិ​ខ្មែរ​មានមោទនភាព​ជា​ខ្មែរ និង​បង្រួប​បង្រួម​ខ្មែរ​ជា​ទូទៅ ការពារ​​កេរ្តិ៍​មរតក​​វប្បធម៌នេះ ​​ប្រឆាំង​នឹង​ចក្រ​ពត្តិវៀតណាម​កុម្មុយនីស្ត​»​។​
​នៅ​ខែកញ្ញា ឆ្នាំ​១៩៧១ លោក​ត្រូវ​បានតែង​តាំង​ជា​ភូឈួយ​ប្រតិភូអចិន្រ្តៃយ៍​​នៃ​សាធារណៈ​រដ្ឋ​​ខ្មែរ នៅ​អង្គការ​យូណេស្កូក្នុង​ក្រុង​ប៉ារីស ហើយ​បន្ទាប់មក​មាន​តួនាទី​ជា​ភារធារីនៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង (ពីខែ​តុលា​១៩៧៤ ដល់​ថ្ងៃទី​១២ មេសា ១៩៧៥) ពោល​គឺ​មុនការ​កាន់កាប់​​ទីក្រុងភ្នំពេញ ពី​សំណាក់​ពួក​ខ្មែរក្រហម​។
លោក​​បន្ត​រស់​នៅ​​ប្រទេស​បារាំង នៅជាយ​ក្រុង​ប៉ារីស រហូត​អវសាន​ជីវិត​របស់​លោក​ ដោយមិនបាន​ត្រឡប់​មកកាន់ប្រទេស​កម្ពុជា​ឡើយ។
នៅក្នុង​សុន្ទរកថា​នាឈាបនកិច្ច​សព លោក​ឃីង ហុកឌី បាន​រៀប​រាប់​ថា​លោក​សាស្រ្តាចារ្យ​​កេង វ៉ាន់សាក់ បាន​​​ផ្តល់​ប្រយោជន៍រួម​ដល់សហគមន៍ខ្មែរ និង​ជាតិ​​ខ្មែរ ទាំង​ផ្នែក​សិល្បៈ វប្បធម៌ និង​ការ​ស្រាវ​ជ្រាវ​លើ​អរិយធម៌​ខ្មែរ នៅ​ប្រទេស​កម្ពុជា​​និង​នៅប្រទេស​បារាំង។​ […] លោកគឺជាមនុស្ស​រាក់​ទាក់​និងគួរ​អោយ​ស្រឡាញ់​​​រាប់អាន​បំផុត លោក​ត្រៀមខ្លួន​ឆ្លើយ​តប​រាល់​សំនួរ​របស់​អតីត​និសិ្សត​របស់​​លោក សហការី និង​អ្នក​ស្រាវ​ជ្រាវ​កម្ពុជា​ និង​បរទេស​ ទាក់ទង​នឹង​ប្រវត្តិ​សាស្រ្ត​ និង​អរិយធម៌​ខ្មែរ​។ លោកអាច​និយាយ​បាន​ច្រើនភាសា ហើយ​លោក​អាច​​និយាយ​​ពេញមួយ​ថ្ងៃ​ ដោយមិន​សំរាកបាន»។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: