Links

កម្ពុជា​ខាតបង់​ចំណូល​ប្រមាណ​ជា​៦៨០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០០៩

In Economy, Financial Crisis, Labor on March 10, 2009 by viCheth

RFI,ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 23/02/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  23/02/2009 12:37 ម៉ោងសកល

ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​ពន្យឺត​ល្បឿន​កំណើន​សេដ្ឋកិច្ច​នោះ ប្រទេស​កម្ពុជា​បាត់បង់​ប្រាក់​ចំណូល​៦៨០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០០៩។ ​ប្រជាជន​អត់​ការងារ​ធ្វើ​នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ។ ​ម៉្យាង​វិញ​ទៀត និស្សិត​ត្រៀម​ចេញ​ពី​មហាវិទ្យាល័យ​កំពុង​ព្រួយ​បារម្ភ​ពី​អនាគត​របស់​ពួក​គេ។

វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​ការអភិវឌ្ឍន៍​បាន​បញ្ជាក់​ថា​វិបត្តិ​ហិរញ្ញវត្ថុ​បាន​នឹង​កំពុង​ពន្យឺត​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩។​

លទ្ធផល​ការ​សិក្សា​អង្កេត​របស់​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​ការ​អភិវឌ្ឍន៍​ដែល​ទើប​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​កន្លង​មក​បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​នឹង​ខាត​បង់​ប្រាក់​ចំណូល​ប្រមាណ​ជា​៦៨០​លាន​ដុល្លារ​អាមេរិក ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​ពន្យឺត​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែល​ត្រូវ​ទទួល​បាន។ សម្រាប់​ឆ្នាំ​២០០៨​កន្លង​មក ប្រទេស​កម្ពុជា​បាន​បាត់​បង់​ចំណូល​តែ​២៨០​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។ ឆ្នាំ​២០០៨ គឺ ​ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​ទើប​ទទួល​ចំហាយ​វិបត្តិ​សេដ្ឋកិច្ច​មុន​ដំបូង​ប៉ុណ្ណោះ។

លទ្ធផល​របាយការណ៍​អង្កេត​បាន​លំអិត​​ប្រាប់​ថា​នៅ​ឆ្នាំ​២០០៩​នេះ ការ​នាំ​ចេញ​របស់​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ថយ​ចុះ​២,៥%​ដែល​ជម្រុញ​ឲ្យ​ប្រទេស​មួយ​នេះ​បាត់​បង់​ចំណូល​ពី​ការ​នាំ​ចេញ​៧៥​លាន​ដុល្លារ​អាមេរិក។​

ចំពោះ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​វិញ របាយការណ៍​បាន​បញ្ជាក់​ថា វា​ទំនង​ជា​កើន​ឡើង​តែ​១%​ប៉ុណ្ណោះ នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ។ ​មូលហេតុ​គឺ​ដោយសារ​អ្នក​វិនិយោគ​បរទេស​ទាំងអស់​នោះ​ក៏​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​ពី​វិបត្តិ​នេះ។​

នៅ​ក្នុង​ឆ្នាំ​២០០៨​កន្លង​មក ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​ធំ​ជាង​គេ​គឺ​មក​ពី​ប្រទេស​ចិន​៦២%​​និង​កូរ៉េ​ខាងត្បូង​៣៥%។​

លទ្ធផល​អង្កេត​បាន​គូស​បញ្ជាក់​ទៀត​ថា វិស័យ​កាត់ដេរ និង​វិស័យ​សំណង់​គឺ​ជា​វិស័យ​ដែល​បាត់បង់​ការងារ​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩​នេះ។​

បើ​យោង​តាម​របាយការណ៍​ក្នុង​រយៈ​ពេល​២​ឆ្នាំ​នេះ វិស័យ​កាត់ដេរ​អាច​បាត់បង់​ការងារ​៤៦​០០០​នាក់ ហើយ​វិស័យ​សំណង់​អាច​បាត់បង់​ការងារ​ច្រើន​ជាង​នេះ​គឺ​៦២​០០០​នាក់។ សម្រាប់​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ របាយការណ៍​បាន​បញ្ជាក់​ថា​មិន​ទាន់​មាន​ការ​កាត់​បន្ថយ​ចំនួន​ការងារ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វិស័យ​ពីរ​នេះ​បែរ​ជា​ស្រូប​យក​កម្លាំង​ពលកម្ម​ពី​វិស័យ​ផ្សេងៗ​បន្ថែម​ទៀត។​

បើ​ផ្អែក​លើ​តួ​លេខ​ខាង​លើ​នេះ គេ​សង្កេត​ឃើញ​ថា​កម្មករ និយោជិត​ក្នុង​វិស័យ​សំណង់ និង​វិស័យ​កាត់ដេរ​បាត់បង់​ការងារ​ច្រើន តើ​ពួក​គេ​អាច​ប្រឈម​មុខ​នឹង​បញ្ហា​រក​ការងារ​ធ្វើ​ដែរ​ឬ​ទេ?

ចម្លើយ​គឺ​វា​ពិត​ជា​មាន។ ​របាយការណ៍​បាន​ពន្យល់​ថា​កម្មករ និយោជិត​ទាំងអស់​នេះ​មាន​ជំនាញ និង​ចំណេះ​ដឹង​តិចតួច​អំពី​វិស័យ​ដទៃ​ទៀត។ ​ទំនាក់ទំនង​សង្គម​របស់​ពួក​គេ​មាន​កម្រិត​ទាប។​ពួក​គេ​មិនមាន​ចំណេះ​ដឹង​ផ្នែក​ភាសា​បរទេស។ ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​បន្តិចបន្តួច​ដើម្បី​ចាយ​វាយ​សម្រាប់​រក​មុខ​របរ​ថ្មី ឬ​សម្រាប់​ការ​បណ្តុះ​បណ្តាល​ជំនាញ​ថ្មី។​

ម៉្យាង​វិញ​ទៀត​ កម្មករ​និយោជិត​ទាំងនេះ មាន​ប្រាក់​តិចតួច​ប៉ុណ្ណោះ​សម្រាប់
​ចាយ​ក្នុង​រយៈ​ពេល​រក​ការងារ​ធ្វើ។ ស្ត្រី​អាច​ចាយ​ប្រាក់​សន្សំ​បាន​ក្នុង​រយៈ​ពេល​មួយ​ខែ រី​ឯ​បុរស​វិញ​គឺ​អាច​ចាយ​បាន​តែ​សប្តាហ៍​ប៉ុណ្ណោះ។​

របាយការណ៍​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​ពួក​គេ​មិន​អាច​រក​ការងារ​បាន​ទេ​ ពួក​គេ​ត្រូវ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​​ដើម្បី​ជួយ​ការងារ​គ្រួសារ។ ​ប៉ុន្តែ​សម្រាប់​អ្នក​គ្មាន​ដី ​ឬ​គ្មាន​ឱកាស​រស់​នៅ​ក្នុង​ភូមិ​ពួក​គេ​សម្រេច​ចិត្ត​ទៅ​ធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ក៏​អាច​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស និង​បេស្សាចារ​ផង​ក៏​មាន​ដែរ។​

បើ​គិត​ជា​លក្ខណៈ​ទូទៅ ​វិបត្តិ​ហិរញ្ញវត្ថុ​នឹង​ប៉ះពាល់​ប្រាក់​ចំណូល​គ្រួសារ​ខ្មែរ​ចំនួន​ជាង​២​សែន​គ្រួសារ​នៅ​ឆ្នាំ​២០០៩​នេះ ពោល​គឺ​ប៉ះ​ពាល់​ប្រជាជន​ជិត​១​លាន​នាក់។​

សូម​បញ្ជាក់​ថា​ក្នុង​ខណៈ​ពេល​ដែល​ប្រជាជន​ខ្មែរ​ជាច្រើន​នាក់​បាន​នឹង​កំពុង​បាត់បង់​ការងារ​នោះ​ និស្សិត​ត្រៀម​ចេញ​ពី​សាលា​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​អនាគត​របស់​ពួក​គេ។ ​និស្សិត​ជាច្រើន​បាន​និយាយ​ថា​វាសនា​របស់​ពួក​គេ​មិន​សូវ​ល្អ​សោះ ពី​ព្រោះ​ពួក​គេ​បញ្ចប់​ការ​សិក្សា​ចំ​ពេល​ដែល​ពិភពលោក​ខ្វះ​លុយ​ចាយ។

 

http://www.rfi.fr/actukm/articles/110/article_1138.asp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: