Links

នាយក​រដ្ឋមន្ត្រី៖ កម្មករ​អាច​រស់​បាន​ថ្វី​បើ​គ្មាន​ការងារ​ធ្វើ

In Economy, Financial Crisis, Labor on March 10, 2009 by viCheth

RFA, ដោយ ហាស់ សាន
2009-03-10

ក្នុង​រឿង​សេដ្ឋកិច្ច​ជាតិ​ដែល​សេដ្ឋវិទូ​និយាយ​ថា​ជា​ដង្ហើម​ដក​ឬ​ជា​សរសៃ​ឈាម​ជីវិត​សម្រាប់​ប្រជាជាតិ​មួយ​រស់រាន​ទៅ​មុខ​បាន​ប្រកប​ដោយ​សុខុមាលភាព មិន​ផ្ញើ​ជីវិត​លើ​ជំនួយ​បរទេស​នោះ មន្រ្តី​រាជ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ទទួល​ស្គាល់​ថា ឱនភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​មហា​អំណាច​ពិត​ជា​មាន​ឥទ្ធិពល​ជះ​មក​លើ​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​តូច។

AFP Photo

កម្មករ​រោងចក្រ​កាត់​ដេរ​ចេញ​ពី​រោងចក្រ​បន្ទាប់​ពី​ចប់​វេន​ការងារ​នៅ​ឯ​រោងចក្រ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥ កក្កដា ២០០៨។

គ្រា​មុនៗ​មន្រ្តី​រដ្ឋាភិបាល​ធ្លាប់​និយាយ​ថា វិបត្តិ​សេដ្ឋកិច្ច​នៅ​បស្ចិម​ប្រទេស​មិន​ប៉ះពាល់​ខ្លាំងក្លា​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទេ ព្រោះ​សេដ្ឋកិច្ច​ខ្មែរ​មាន​ទ្រង់ទ្រាយ​តូច។

ក្នុង​វិស័យ​កាត់ដេរ​មួយ ធនាគារ​ពិភពលោក​បាន​បង្ហាញ​ក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ការងារ​ក្នុង​វិស័យ​នេះ​ចំនួន​៣​ម៉ឺន​បាន​បាត់បង់​ដោយសារ​ក្រុមហ៊ុន​កាត់ដេរ​បិទ​ទ្វារ​នៅ​កម្ពុជា។ មូលហេតុ​នៃ​ការបិទ​ទ្វារ​គឺ​ការបញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​ប្រទេស​ក្រៅ​មាន​ចំនួន​ធ្លាក់​ចុះ​ជា​លំដាប់។

ធនាគារ​ពិភពលោក​សរសេរ​ថា ប្រទេស​ចំនួន​៩៤​ក្នុង​ចំណោម​ប្រទេស​កំពុង​រីកចម្រើន​១១៦​ជួប​ប្រទះ​នឹង​ឱនភាព​សេដ្ឋកិច្ច។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន យល់​ថា ប្រជាពលរដ្ឋ​ជា​កម្មករ​អាច​រស់​បាន​ថ្វី​បើ​គ្មាន​ការងារ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «ប្រៀបធៀប​ប្រទេស​ដទៃ​បិទ​រោងចក្រ​និង​ប្រទេស​យើង​បិទ​រោងចក្រ​វា​អាក្រក់​ហើយ ប៉ុន្តែ​បើ​ប្រៀបធៀប​ប្រទេស​ដទៃ​បិទ​រោងចក្រ​គឺ​គ្រោះថ្នាក់​ជាង​យើង មូលហេតុ​គឺ​នៅ​ឯ​ណា? មូលហេតុ​ងាយ​យល់​បំផុត​របស់​កម្ពុជា​នៅ​ត្រង់​ថា រោងចក្រ​នេះ​វា​ទើប​នឹង​កើត​ក្នុង​រង្វង់​៤​-​៥​ឆ្នាំ​នេះ រោងចក្រ​ខ្លះ​ទើប​នឹង​កើត បើ​នៅ​ខាង​កំពង់ស្ពឺ​កើត​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​បី​ឆ្នាំ​នេះ​ទេ។ អ៊ីចឹង​ទេ​នៅ​ពេល​ដែល​កម្មករ​អត់​ការងារ​ធ្វើ កម្មករ​នេះ​អាច​វិល​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ​ភ្លាម ដោយ​ពួក​គាត់​ទើប​នឹង​ចេញ​ពី​ស្រែ​ចម្ការ​មក អ៊ីចឹង​ស្រែ​ចម្ការ​របស់​គាត់​នៅ​រង់ចាំ​គាត់​ជាមួយ​ឪពុក​ម្ដាយ ក្រុម​គ្រួសារ​របស់​គាត់ គ្រួសារ​ឪពុក​ម្ដាយ​នៅ​ដី​ធ្លី នៅ​ផ្ទះ​ហ្នឹង»

នាយក​រដ្ឋមន្ត្រី​មិន​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា

ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់​ចុះ មេ​ដឹកនាំ​ប្រទេស​ជឿនលឿន​ព្យាយាម​រិះរក​មធ្យោបាយ​ស្តារ​ឡើង​វិញ​ដើម្បី​ឲ្យ​នាយទុន​មាន​ជំនឿ​ក្នុង​ការដាក់​ទុន​រកស៊ី​ឡើង​វិញ​ដែល​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​និយាយ​ថា វា​នឹង​បង្កើត​ការងារ​ឲ្យ​មនុស្ស​ធ្វើ ឲ្យ​មនុស្ស​មាន​ចំណូល​និង​ឲ្យ​មនុស្ស​ចាយវាយ​ច្រើន​ឡើង​វិញ។

ប្រទេស​ខ្លះ​ដូច​ជា​សហរដ្ឋ​អាមេរិក (ស.រ.អា) ជាដើម រដ្ឋ​បញ្ចេញ​ថវិកា​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ឧបត្ថម្ភ​ដល់​ក្រុមហ៊ុន​រកស៊ី​ខាតបង់​ធំៗ​ឲ្យ​អនុគ្រោះ​កូន​បំណុល​និង​ជួយ​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ​ជា​របៀប​បញ្ចុះ​ពន្ធដារ​លើ​ប្រាក់​ចំណូល ហើយ​និង​ជា​របៀប​ឲ្យ​ប្រាក់​អំណោយ​ដល់​គ្រួសារ​នីមួយៗ។

នៅ​កម្ពុជា​បើ​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ រដ្ឋ​គ្មាន​សំណាញ់​សង្គមកិច្ច​រឹង​មាំ​ដែល​អាច​ជួយ​ឧបត្ថម្ភ​ឲ្យ​រស់​មួយ​រយៈ​នោះ​បាន​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជម្រាប​ប្រជាពលរដ្ឋ​កាលពី​ថ
្ងៃ​ច័ន្ទ​ដោយ​ប្រៀបធៀប​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​និង​ប្រទេស​ដទៃ​ហាក់​បី​ដូច​ជា​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ​ចំពោះ​រូប​លោក។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «ឧស្សាហកម្ម​ប្រឹង​បន្ត តាម​រយៈ​ធ្វើ​ម៉េច​ឲ្យ​បណ្ដា​រោងចក្រ​សហគ្រាស​ដែល​កំពុង​ដំណើរការ​ហ្នឹង ឲ្យ​វា​ដំណើរការ​ទៅ​មុខ ហើយ​ផ្នែក​សំណង់​ពិត​មែន​តែ​វា​ថយ​ចុះ​បន្តិច ប៉ុន្តែ​ឲ្យ​ថា​រត់​ចោល​ការដ្ឋាន​មិន​ទាន់​មាន​ទេ។ ធ្វើ​ផ្ទះ​ល្វែង ក៏​កំពុង​ធ្វើ​ផ្ទះ​ល្វែង ធ្វើ​អគារ​ខ្ពស់ៗ​ក៏​កំពុង​បន្ត សណ្ឋាគារ​អី​បន្ត ឡាន​បុក​គ្រឹះ​បន្ថែម ហើយ​ឥឡូវ​ថា​សេដ្ឋកិច្ច​ធ្លាក់ៗ ទៅ​ទិញ​ផ្ទះ​នៅតែ​មិន​ព្រម​ចុះ​ថ្លៃ ផ្ទះ​នៅ​ស្រុក​ខ្មែរ​អត់​ទាន់​លក់​ឡាយឡុង​តាម​ប្រទេស​ពេល​ដែល​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​៩៧​ទេ ដូច្នេះ​យើង​នៅ​បន្ត​ការរីក​លូត​លាស់​បន្ត​ទៅ​ទៀត»

 

http://www.rfa.org/khmer/indepth/workers-can-live-without-job-says-pm-03102009042501.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: