Articles

កសិករ​នៅ​តាកែវ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ផលិត​ផល

In Agriculture on March 14, 2009 by viCheth

RFA, ដោយ កែវពេជ្រ មេត្តា

2009-03-11

កសិករ​មួយចំនួន​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ដំណាំ​រួមផ្សំ​ផ្សេងៗ​ដូចជា​បន្លែ​ត្រប់ សណ្ដែក ត្រសក់​ជាដើម ដែល​ដាំ​ដុះ​មក​នោះ​លក់​មិន​បាន​ថ្លៃ​ទេ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ។

RFA Photo/Keopich Metta

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី (ឆ្វេង) សម្ភាស​កសិករ​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាលពី​ថ្ងៃ​៩ មីនា ២០០៩។

អ្នក​ភូមិ​បាន​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​រក​ទីផ្សារ​លក់​ផលិតផល​ដើម្បី​កសិករ​អាច​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន។

បើ​គេ​ធ្វើ​ដំណើរ​កាត់​តាម​ភូមិ​មួយចំនួន​នៃ​ឃុំ​ត្រាំកក់ ខេត្ត​តាកែវ​នោះ គេ​នឹង​ឃើញ​ផ្ទៃ​ដី​ស្រែ​ភាគ​ច្រើន​មាន​ពណ៌​បៃតង​ខៀវ​ស្រងាត់ បើ​ទោះ​បី​ជា​ពេល​នេះ​គឺ​ជា​រដូវ​ប្រាំង​ហួត​ហែង​គ្មាន​ទឹក​ភ្លៀង​ធ្លាក់​មក​យ៉ាង​ណា​ក៏​ដោយ។

ចំពោះ​ទិដ្ឋភាព​ពណ៌​បៃតង​នោះ​គឺ​ជា​ដំណាំ​អនុផល​ផ្សេងៗ​របស់​អ្នក​ភូមិ​ក្នុង​ឃុំ​នោះ​ដែល​គេ​បាន​នាំ​គ្នា​ធ្វើការ​ដាំដុះ​បន្ទាប់​ពី​បាន​ច្រូត​កាត់​ប្រមូល​ផល​ស្រូវ​រួច។ ដំណាំ​ទាំង​នោះ​រួម​មាន​ដូច​ជា​ត្រសក់ ត្រឡាច ត្រប់ ល្ពៅ សណ្ដែក ឪឡឹក។ល។។

ប្រជាកសិករ​នៅ​ឃុំ​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា ការដាំ​ដំណាំ​អនុផល​ទាំងអស់​នេះ​គឺ​ជា​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការប្រើប្រាស់​ដី​ស្រែ​មិន​ឲ្យ​នៅ​ទំនេរ​ដើម្បី​បាន​ប្រាក់​ចំណូល​ខ្លះ​រួមផ្សំ​គ្នា​នឹង​ការធ្វើ​ស្រែ ពីព្រោះ​ការធ្វើ​ស្រែ​តែ​ម្យ៉ាង​មិន​អាច​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន​ទេ។

ស្ដ្រី​កសិករ​មួយ​រូប​ឈ្មោះ ណយ ថាម រស់​នៅ​ភូមិ​ត្រពាំង​ឫស្សី​ដែល​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ដែល​ដាំ​ដំណាំ​រួមផ្សំ​នៅ​ក្នុង​ឃុំ​ត្រាំកក់​នោះ​បាន​បញ្ជាក់​ថា រូប​គាត់​ក៏​ដូច​ជា​គ្រួសារ​ដទៃ​ទៀត​នៅ​ក្នុង​ឃុំ​នេះ គឺ​ដោយសារ​បាន​ដាំ​ដំណាំ​អនុផល​ផ្សែងៗ​នេះ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​របស់​គេ​មាន​សភាព​គ្រាន់បើ​មិន​ពិបាក​ពេក។

ស្ដ្រី​កសិករ​រូប​នោះ​បាន​បន្ត​ថា ក៏​ប៉ុន្តែ​មក​ដល់​ឆ្នាំ​នេះ​គេ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីព្រោះ​មិន​មាន​ទីផ្សារ​លក់​បាន​ថ្លៃ​ដូច​កាលពី​មុន ៖ «កាល​លើក​មុន​បាន​១២០០, ១៣០០, ១៥០០ ចុះ​ធ្លាក់​មក​នៅ​ត្រឹម​១០០០ ត្រឹម​៨០០ អ៊ីចឹង​ទៅ​ឥឡូវ​ធ្លាក់​ចុះ​នៅ​ត្រឹម​៥០០ ធ្លាក់​ចុះ​ជាង​មុន​ឆ្ងាយ​ដែរ។ ហើយ​បើ​ដូច​ឆ្នាំ​ណា​ដែល​យើង​រក​បាន យើង​ដូច​រាង​ធូរ​ទៅ ជំនួយ​ស្រូវ​អី​យើង​បាន​មក​ខ្លះ​មក បាន​អា​ហ្នឹង​លក់​ខ្លះ គ្រាន់​ផ្ដល់​ឲ្យ​កូន​រៀន»

ស្រ្ដី​កសិករ​មួយ​រូប​ទៀត​ឈ្មោះ មុំ រ៉ាន បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គាត់​បាន​ដាំ​ត្រប់​ព្រម​ទាំង​ត្រសក់​ដើម្បី​លក់​យក​កម្រៃ​ចិញ្ចឹម​ជីវិត ហើយ​នៅ​រាល់​ឆ្នាំ​មុនៗ​នោះ​គឺ​ងាយ​លក់​ដូរ​ណាស់​មិន​ដូច​ឆ្នាំ​នេះ​បន្លែ​របស់​គាត់​ស្ទើរតែ​គ្រប់​មុខ​លក់​មិន​បាន​ថ្លៃ​ទេ ដូច​ជា​បន្លែ​ត្រប់​ជា​ដើម​ក្នុង​មួយ​គីឡូក្រាម​គឺ​បាន​ថ្លៃ​បំផុត​៦០០​រៀល។

ស្ត្រី​ឈ្មោះ មុំ រ៉ាន បាន​ឲ្យ​ដឹង​ថា ៖ «បន្លែ​ហ្នឹង​វា​ត្រូវ​ចុះ​ថោក យើង​ដាំ​ដំណាក់កាល​ចុះ​ថោក​អ៊ីចឹង យើង​ធ្វើ​ច្រើន​ប៉ុន្តែ​បាន​លុយ​កាក់​តិច ហើយ​ជី​ក៏​វា​ថ្លៃ ជីវភាព​ត្រូវ​ធ្លាក់​ចុះ»

ជំទប់​ទី​១​នៃ​ក្រុមប្រឹក្សា​ឃុំ​ត្រាំកក់ លោក ហ៊ូ ហ៊ីម បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ឃុំ​ត្រាំកក់​នេះ​មាន​ចំនួន​១៣​ភូមិ​និង​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ទី​នោះ​ជាង​១០០០​គ្រួសារ ហើយ​ភាគ​ច្រើន​ជា​កសិ
ករ​ប្រកប​របរ​ធ្វើ​ស្រែ​និង​ដាំ​ដំណាំ​អនុផល​ជា​ច្រើន​មុខ​ដោយ​ដាំ​ជាប់​ជា​ប្រចាំ សូម្បី​តែ​នៅ​ក្នុង​រដូវ​ប្រាំង​ដូច​ជា​ពេល​នេះ​ជា​ដើម​ក៏​គេ​នៅតែ​ធ្វើការ​ដាំ​ដុះ​ដែរ​ដោយ​ស្វះស្វែង​រក​ប្រភព​ទឹក​យក​មក​បូម​បញ្ចូល​ស្រោចស្រព​ដំណាំ។

លោក​បាន​បន្ត​ថា បើ​ទោះ​បី​ជា​គេ​បាន​ប្រឹងប្រែង​ដើម្បី​រក​ប្រាក់​ចំណូល​យ៉ាង​នេះ​ក៏​ដោយ ប៉ុន្ដែ​កសិករ​ក្នុង​ឃុំ​ត្រាំកក់​ជា​ទូទៅ​គេ​ឃើញ​នៅតែ​មិន​ទាន់​បាន​រីក​ចម្រើន​ជីវភាព​ប៉ុន្មាន​ឡើយ​ពីព្រោះ​តែ​លំបាក​រក​ទីផ្សារ​លក់​ផលិតផល​មិន​សូវ​បាន​ថ្លៃ​ដូច​ជា​នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ដើម។

លោក ហ៊ូ ហ៊ីម បាន​មាន​ប្រសាសន៍​ថា ៖ «ដូច​ជា​ល្ពៅ ត្រឡាច ត្រកួន ឪឡឹក ត្រសក់ ផ្សេងៗផល​ហុច​ក្រាស​ក្រែល ប៉ុន្តែ​ដាក់​លក់​អី​វា​ថោក មួយ​គីឡូ​៤០០​-​៥០០។ បើ​គិត​ទៅ​ជី​មួយ​គីឡូ​៤​ពាន់ វា​ខុស​គ្នា​ច្រើន​ណាស់។ ហើយ​ម្យ៉ាង​ទៀត​វា​បាន​ដូង បាន​ស្វាយ​ហ្នឹង​ជួយ​គ្រប់​បែប​យ៉ាង ប៉ុន្តែ​ជីវភាព​កាន់តែ​ដាប​ទៅ វា​គ្មាន​ទីផ្សារ​លក់​គួរ​តែ​យើង​ប្រឹងប្រែង​ចិញ្ចឹម​ជីវិត​រួច»

មន្ដ្រី​ក្រុមប្រឹក្សា​ឃុំ​ត្រាំកក់​បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា ទាក់ទង​នឹង​បញ្ហា​គ្មាន​ទីផ្សារ​លក់​ផលិតផល​របស់​កសិករ​ក្នុង​ឃុំ​នេះ​គឺ​ក៏​ធ្លាប់​បាន​លើក​ឡើង​យក​មក​ជជែក​គ្នា​នៅ​ថ្នាក់​ឃុំ​ជា​ច្រើន​ផងដែរ​ដើម្បី​ជួយ​រក​មធ្យោបាយ​ជំរុញ​ឲ្យ​មាន​ទីផ្សារ​លក់​បាន​ថ្លៃ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​នៅតែ​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​បាន។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ៖ «អ្នក​វិភាគ​ផ្នែក​ខាង​សេដ្ឋកិច្ច​មួយចំនួន​នៅ​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​បញ្ហា​ធ្លាក់​ថ្លៃ​នៃ​ផលិតផល​កសិកម្ម​របស់​ប្រជាកសិករ​នៅ​ក្នុង​ឆ្នាំ​នេះ គេ​អាច​ថា​បណ្ដាល​មក​ពី​កត្តា​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​ហើយ​កម្ពុជា​បាន​ទទួល​រង​នូវ​ឥទ្ធិពល​នេះ​យ៉ាង​ខ្លាំងក្លា​ណាស់​ដែរ ដែល​មក​ដល់​ពេល​នេះ​គេ​ឃើញ​រាជ​រដ្ឋាភិបាល​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ»

ចំពោះ​ការលើក​ឡើង​ទាំង​អម្បាលម៉ាន​នេះ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ លោក ស៊ុន គន្ធ បាន​មាន​ប្រសាសន៍​ថា ទាក់ទង​នឹង​បញ្ហា​គ្មាន​ទីផ្សារ​លក់​ផលិតផល​របស់​កសិករ​នេះ​គឺ​រាជ​រដ្ឋាភិបាល​កន្លង​មក​ក៏​ដូច​សព្វថ្ងៃ​មិន​មែន​ទើប​តែ​ក្នុង​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​នោះ​ទេ គឺ​គេ​បាន​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដូច​ជា​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​នេះ​ជា​ដើម​ដើម្បី​ឲ្យ​អ្នក​ស្រុក​ចេះ​ចងក្រង​គ្នា​ជា​ក្រុម​សាមគ្គី​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ដើម្បី​ផលិត​ដំណាំ​ឲ្យ​ត្រូវ​ទៅ​នឹង​តម្រូវការ​ទីផ្សារ។

លោក​បាន​បន្ត​ថា ជា​ពិសេស​គឺ​ជំរុញ​ឲ្យ​ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស​នាំ​គ្នា​បង្កើន​ការប្រើប្រាស់​ជី​ធម្មជាតិ​លើ​ដំណាំ​កសិកម្ម​ឲ្យ​បាន​ច្រើន​ជាង​ការប្រើប្រាស់​ជី​គីមី ពីព្រោះ​សព្វថ្ងៃ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​គឺ​ទំនិញ​ដែល​ប្រើប្រាស់​ជី​ធម្មជាតិ​មាន​គេ​និយម​ទិញ​ច្រើន​ហើយ​តម្លៃ​ក៏​លក់​បាន​ថ្លៃ​ជាង​របស់​ដែល​ប្រើប្រាស់​ជី​គីមី។

លោក ស៊ុន គន្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ប្រទេស​យើង​គឺ​អ្វី​ដែល​យើង​លក់​ឈ្នះ​ទីផ្សារ គឺ​ធម្មជាតិ បើ​ប្រើ​ជី​ធម្មជាតិ​យើង​អាច​មាន​ឧត្ដមភាព​ប្រកួត​ប្រជែង បើ​យើង​ប្រើ​ជី​គីមី ដូច​ប្រទេស​ខ្លះ​ដែល​គេ​ផលិត​ឧស្សាហកម្ម​ហ្នឹង​គឺ​លក់​មិន​ឈ្នះ​គេ​ទេ អ៊ីចឹង​យើង​កំពុង​ស
រាវជ្រាវ​រក​អ្វី ទិសដៅ​ណា​មួយ​ដែល​គេ​អត់​មាន បាន​យើង​អាច​លក់​ងាយ​ឈ្នះ​គេ។ ដូច​ជា​បន្លែ​អ៊ីចឹង មួយ​គីឡូ​ខ្លះ​យើង​ថា ១​ពាន់​រៀល ឧទាហរណ៍ ហើយ​កន្លែង​ខ្លះ​យើង​ជី​ធម្មជាតិ គុណភាព​ល្អ យើង​លក់​បាន​៤​ពាន់​ឬ​៥​ពាន់ អ៊ីចឹង​យើង​ត្រូវការ​ដែរ របស់​ខ្លះ​យើង​ត្រូវ​យក​គុណភាព បាន​តិច ប៉ុន្តែ​គុណភាព​ល្អ លក់​បាន​តម្លៃ​ថ្លៃ។ ខ្ញុំ​ជឿ​ថា ថ្ងៃ​ក្រោយ​ក្រសួង​ពាក់ព័ន្ធ លោក​នឹង​ចុះ​បង្ហាញ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​យើង»

ប្រជាកសិករ​នៅ​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា សព្វថ្ងៃ​នេះ​គេ​បាន​ព្យាយាម​កាត់​បន្ថយ​ការប្រើប្រាស់​ជី​គីមី​ច្រើន​ដែរ​ហើយ ដោយ​នាំ​គ្នា​ប្រើប្រាស់​ជី​ធម្មជាតិ​លាមក​សត្វ​សម្រាប់​ដាំ​ដំណាំ​អនុផល​ក៏​ដូច​ជា​ការធ្វើ​ស្រែ​ដែរ ពីព្រោះ​បាន​ឮ​ថា​មាន​ទីផ្សារ​លក់​បាន​ថ្លៃ ប៉ុន្ដែ​ទោះ​ជា​បែប​នេះ​ក្តី​គេ​នៅ​មិន​ទាន់​ឃើញ​មាន​តម្រូវការ​ទីផ្សារ​ផ្នែក​ផលិតផល​ដែល​ប្រើប្រាស់​ជី​ធម្មជាតិ​នេះ​សម្រាប់​ឃុំ​ត្រាំកក់​ឲ្យ​បាន​ច្រើន​នៅ​ឡើយ។

ប្រជាកសិករ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ទៀត​ថា គេ​សូម​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​ជួយ​លៃលក​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ទាំងអស់​គ្នា​មាន​ទីផ្សារ​លក់​និង​មាន​អតិថិជន​ទិញ​ច្រើន ហើយ​តម្លៃ​បាន​ថ្លៃ​ពីព្រោះ​ថា ប្រសិន​បើ​មាន​ទីផ្សារ​លក់​បាន​ថ្លៃ​នោះ​គឺ​គេ​មាន​កម្លាំង​ក្នុង​ការប្រកប​ការងារ​ដាំ​ដំណាំ​កសិកម្ម​នេះ​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​គេ​ឲ្យ​បាន​ល្អ​ប្រសើរ៕

 

http://www.rfa.org/khmer/indepth/takeo-farmers-ask-help-from-gov-03112009062747.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: