Articles

ឆ្នាំ២០០៩ ជាឆ្នាំនៃការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា?

In Financial Crisis on March 14, 2009 by viCheth

ka-set.info , ដោយ ឡឺរ៉ង់ ឡឺហ្គូអង់វិក

១២-០៣-២០០៩


ប៉ៃលិន (កម្ពុជា) ថ្ងៃទី​១៩ មករា ២០០៨៖ ការ​ប្រមូល​មើម​ដំឡូង « កសិកម្ម​មាន​ដំណើរការ​ល្អ​ជាង​ការ​គិត​រំពឹង​នៅ​​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​ការ​ធ្លាក់ចុះ​នៃ​ថ្លៃ​ទំនិញ​កសិផល​ធ្វើ​អោយ​​កា​រ​ទាញ​យក​ផល​ប្រយោជន៍​​​ពី​​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំនេះ​មាន​កំរិត»
© ចន វីង​/ Magnum

បន្ទាប់​​បាន​បង្ហាញ​អត្រា​កំណើន​សេដ្ឋកិច្ច​​ជា​ឯកត្តកម្ម​ចំនួន​២ខ្ទង់​មក តើកំណើន​​សេដ្ឋកិច្ច​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នឹង​ថយ​ចុះ​ នៅ​ឆ្នាំ​​​២០០៩​ដែរ​រឺទេ?​ ក្រោយ​ពី​បញ្ចប់​បេសកកម្ម​រយៈ​ពេល​មួយ​សប្តាហ៍​នៅប្រទេស​កម្ពុជា សំដៅវាយ​តម្លៃ​ផល​ប៉ះពាល់​វិបត្តិ​​នៅក្នុង​ប្រទេស​មក ក្រុម​អ្នក​សេដ្ឋកិច្ច​មក​ពី​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​សំដែង​នូវការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ នៅ​ក្នុង​​​សេចក្តី​​ថ្លែង​​ការណ៍​​​​​មួយ ចេញផ្សាយ​​កាលពី​​ថ្ងៃ​ទី​៦ ខែមីនា ដោយ​បាន​​​ធ្វើការ​ក្រើន​​រម្លឹក​អំពី​ការ​​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​និង​វិបត្តិ​ហិរញ្ញវត្ថុ​ ដែល​​កំពុង​តែ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​នៃ​​​ប្រទេស​​កម្ពុជា​កាន់​តែ​ខ្លាំង​ឡើង។ ប្រឈម​មុខ​នឹង​ការ​​កត់​សម្គាល់​បែប​នេះ​ អនុសាសន៍ខ្លះ​​ៗ​​របស់​មូលនិធិរូបិយវត្ថុ​អន្តរ​ជាតិ ក៏​ដូច​ជា​អនុសាសន៍​​​​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី នៅ​ក្នុង​​​វេទិកា​​​មួយ កាលពីដើម​សប្តាហ៍​នេះ នា​ទីក្រុង​ម៉ានីល ​ហាក់​បី​ដូច​ជា​​បង្ហាញ​អំពីអនានុភាព​​​ ដែល​​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន ដូចជា​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ។

ពាក្យមួយ ដែល​រហូតមក​ដល់ពេលនេះ មិនទាន់ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​
«ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​»៖ ពាក្យ​នេះ​បាន​លេច​ចេញ​ឡើង​ កាលពី​ប៉ុន្មាន​ខែ​នេះ នៅ​ក្នុង​​វាក្យស័ព្ទ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​រហូតមក​ទល់​សព្វ​ថ្ងៃនេះ ត្រូវ​បាន​ចាក់​ឫស​នឹង​ពាក្យ​ «កំណើន» «អភិវឌ្ឍន៍» និង «ការរីក​ចម្រើន»? គណៈប្រតិភូ​មួយ​ក្រុម​របស់មូលនិធិ​រូបិយវត្ថុ​អន្តរ​​​ជាតិ​ ដែល​មកពី​រដ្ឋ​ធានី វ៉ាស៊ីនតោន បាន​ធ្វើទស្សនៈកិច្ច​មួយ​នៅ​ប្រទេស​កម្ពុជា កាល​ពី​​​ថ្ងៃ​ទី​២៥ កុម្ភៈ ដល់​ថ្ងៃទី​៤ ខែមីនា ដើម្បីពិនិត្យ​លើ​ការ​វិវឌ្ឍសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នា​ពេល​ថ្មីៗ​នេះ។ ក្រុមការងារ​នេះ​បានធ្វើការ​សន្និដ្ឋាន ​​យ៉ាង​ច្បាស់​ថា​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​២០០៩ នឹង​ធ្លាក់ចុះ​​០,៥% បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំកន្លង​ទៅ។​

ការ​ប្រៀបធៀប​មួយ​ទៅ​ការ​ប្រៀប​ធៀប​មួយ​ទៀត​ កាន់តែ​បង្ហាញពីភាព​មិនប្រាកដ​ប្រជា​
អ្នក​​សេដ្ឋកិច្ច​ទាំងនោះ​បាន​ពន្យល់ថា និទស្សន៍​អំពី​សេដ្ឋកិច្ច​​នៃ​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ សង្ឃឹម​ថា​នឹង​មាន​ភាព​អនុគ្រោះ​តិច​ជាង ប្រៀប​ធៀប​ទៅនឹង​អ្វី​ដែល​បាន​​ប្រមើល​មើល​នៅ​ក្នុងកិច្ច​ពិគ្រោះ​យោបល់​មាត្រាទី៤ (Article IV Consultation Discussion) ។ ក្រុម​អ្នក​សេដ្ឋកិច្ច​នៃ​មូល​និធិ​រូបិយវត្ថុ​អន្តរ​ជាតិ​បាន​លើក​ឡើង​ហេតុ​ផល​លំអិត​នៃការ​ព្រួយបារម្ភ​របស់​ពួកគេ​ថា «ការនាំ​ចេញ​ផលិត​ផល​សំលៀក​បំពាក់​កំពុង​រង​នូ​វ​សំពាធ​ ដោយសារ​ការ​ធ្លាក់​​ចុះ​នៃ​តម្រូវការ​លក់រាយ នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរុប។ ដោយ​ឡែក ចំនួន​​ភ្ញៀវ​ទេសចរ​ថយ​ចុះ​ ព្រោះ​​​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នានា​ ដែល​ជា​ប្រភព​​​​ទេសចរ​ចំបងៗ បង្ខំ​​
អោយ​មាន​កាត់​បន្ថយការ​ចំណាយ​។​ ម្យ៉ាង​ទៀត អតិផរណា​ខ្ពស់​ក្នុង​ឆ្នាំ​កន្លង​ទៅ គួប​ផ្សំ​នឹង​ការ​កើន​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ និង​ប្រាក់វៀល​បានធ្វើ​អោយ​ប៉ះ​ពាល់​​​ដល់​ភាព​ប្រកួត​ប្រជែងរបស់​ប្រទេស​កម្ពុជា។ សកម្មភាព​សំណង់​ និង​ការ​វិនិយោគ​ទុន​បរទេស​​មានភាព​យឺត​យ៉ាវ​ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​វិនិយោគិត​ក្រៅ​ស្រុក និង​ដោយ​សារ​លក្ខខណ្ឌ​ហិរញ្ញប្បទាន​មានភាព​ចង្អៀត។ កសិកម្ម​មាន​ដំណើរការ​ល្អ​ជាង​ការ​គិត​រំពឹង​នៅ​​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​ការ​ធ្លាក់ចុះ​នៃ​ថ្លៃ​ទំនិញ​កសិផល​ធ្វើ​អោយ​​កា​រ​ទាញ​យក​ផល​ប្រយោជន៍​​​ពី​​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំនេះ​មាន​កំរិត»។

សេចក្តី​ថ្លែងការណ៍របស់​ក្រុម​អ្នក​សេដ្ឋកិច្ច​​ខាងលើ​បាន​គូស​បញ្ជាក់​ទៀត​​ថា​ «ដោយសារ​តែ​ស្ថានការណ៍​សកល​លោក​ប្រែប្រួល​កាន់​តែ​លឿន​ឡើង នាំ​អោយ​ភាព​មិន​ប្រាកដ​ប្រជា​ជុំវិញ​ការ​​ធ្វើ​ព្យាករណ៍​នេះ​មាន​ទំហំធំ​ជាង​ធម្មតា ហើយហានិភ័យ​នៅតែមាន​ចំពោះ​ភាព​ថយ​ចុះ»​។​

កាល​​ពី​ដំណាច់​ឆ្នាំ​២០០៨ ធនាគារ​ពិភព​លោក ធនាគារអភិវឌ្ឍន៍អាស៊ី រាជ​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​មូលនិធិ​រូបិយវត្ថុ​ផ្ទាល់​បាន​ធ្វើការ​ព្យាករណ៍​អត្រា​​កំណើនសេដ្ឋកិច្ច​ ដែល​តួលេខ​នីមួយៗ​ប្រែប្រួល​ចាប់​ពី ១% រហូត​ដល់​៦%   តាម​ប្រភព​នីមួយៗ។ ប៉ុន្តែ លើក​នេះ មូល​និធិ​រូបិយវត្ថុ​​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដ៏​ច្របូក​ច្របល់​​មួយ​ ប្រឈម​ទៅនឹង​ស្ថានភាព​មួយ ដែល​ទំនង​ជា​ស្ថិតនៅ​ក្រៅ​ការ​ត្រួត​ពិនិត្យ ដោយយោង​តាម​​សេចក្តីសន្និដ្ឋាន​​របស់​អ្នកឯកទេស​របស់​អង្គការ​នេះ។ គណៈប្រតិភូ​មូលនិធិ​រូបិយវត្ថុ​បាន​គូស​បញ្ជាក់​ថា «ការ​​ប្រមើល​មើល​សម្រាប់​​ឆ្នាំ​២០១០ គឺនៅ​តែ​មានភាព​មិន​ច្បាស់លាស់​យ៉ាង​ខ្លាំង គឺវា​ជាប់​ទាក់​​ទិន​​យ៉ាង​សំខាន់​​ទៅលើ​ទិដ្ឋភាព​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ និង​ក្នុង​តំបន់។​ កំណត់​សម្គាល់​​​​ជា​វិជ្ជមាន​​​មួយ គឺ​អតិផរ​ណា​​​ថយចុះ​ស្រប​តាម​តម្លៃប្រេង និង​តម្លៃម្ហូប​អាហារ​ ​និង​ការ​​ថយ​ចុះ​នៃ​​សំពាធ​តម្រូវ​ការ​ក្នុង​ស្រុក។ កត្តា​ទាំងនេះ​គួរ​តែ​បន្ត​រុញ​ច្រាន​អតិផរណា​​អោយ​ចុះ​​មកត្រឹម​លេខ​​មួយ​​ខ្ទង់​​ក្នុង​ឆ្នាំនេះ»។

សារពើពន្ធ​លើក​ស្ទួយ និង​គោលនយោបាយ​រូបិយវត្ថុ​
បើ​ទោះបីជាមាន​​បរិយាកាស​នៃភាព​មិន​ប្រាកដ​ប្រជានេះ​ និង​ភាព​អាស្រ័យ​ដ៏ខ្លាំងក្លា​នៃ​ប្រទេស​កម្ពុជា​លើ​សេដ្ឋកិច្ច​បរទេស​​ក៏ដោយ ក៏​ក្រុមកាងារ​បេសកកកម្ម​នៃ​មូលនិធិរូបិយវត្ថុ​អន្តរ​ជាតិ​​បាន​ផ្តល់​អនុសាសន៍ណែនាំ​ជាច្រើន​។ ក្រុមអ្នកសេដ្ឋកិច្ច​ទាំងនោះ​បាន​ណែនាំ​រដ្ឋាភិបាល​​​អោយរៀប​ចំ​«សារពើពន្ធ​លើក​ស្ទួយ» ដែលធំជាង​​ទំហំ​ដែល​បានគិត​ទុកជាមុន​ ក្នុង​​គម្រោង​ថវិកា​ជាតិ​​ឆ្នាំ​២០០៩។ បន្ទាប់​ពីមានកិច្ច​ពិភាក្សា​​ រដ្ឋាភិបាល​បានឯកភាព​ចំពោះ​គោល​​នយោបាយ​នេះ។​ មូល​និធិ​រូបិយវត្ថុ​អន្តរ​ជាតិ​បាន​វាយតម្លៃថា ឱន​ភាព​ថវិកា​សរុប​គួរ​តែ​​អនុញ្ញាត​អោយ​កើន​ឡើងដល់​៤,៧៥%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ ដោ​យ​មិនធ្វើអោយ​ប៉ះ​​ពាល់​ដល់​ផល​ប្រយោជន៍​នៃ​សារពើពន្ធ​ដែល​សម្រេច​បាន​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ រឺ​ក៏​មិន​ធ្វើ​អោយ​​​កើន​ឡើង​នូវភាព​ងាយ​រង​គ្រោះ​ដោយ​សារ​កត្តា​ក្រៅ​ស្រុក។

គណៈប្រតិភូ​បានផ្តល់​អនុសាសន៍​ថា​មួយ​ចំនួនធំ​នៃ​សារពើពន្ធ​លើកស្ទួយ​បន្ថែម​ គួរ​តែ​ធ្វើ​ឡើង​តាមរយៈការ​បង្កើន​ចំណាយ ហើយ​ការ​ចំណាយ​ច្រើននេះ​អាច​ទ្រទ្រង់​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដល់​កំណើន​សេដ្ឋកិច្ច​។ ការ​ចំណាយ​ផ្តោត​ស
ំខាន់​ទៅលើ​​​គោល​ដៅ​ចំនួនពីរ គឺ​ ​ធានា​សំណាញ់​សុវត្ថិភាពនៃ​​ប្រព័ន្ធ​​សង្គម​កិច្ច​ជួយ​ដល់​ជន​ក្រីក្រ និង​គម្រោង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដែល​មាន​គុណភាព​ខ្ពស់ ដែលជួយ​ពង្រឹង​ភាព​ប្រកួត​ប្រជែង​។ គណៈប្រតិភូ​បាន​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ជៀស​វាង​ការ​ស្រុត​​ចុះ​ការ​គ្រប់​គ្រង​ចំណូល​​​ពន្ធដារ ដែលជា​ហានិភ័យ​នៃ​ការ​​បាត់បង់​ប្រភព​ចំណូល​ដែល​កំពុង​​តែ​តូច​ស្រាប់​នោះ​។ ប៉ុន្តែ គោល​ដៅ​​​ចំបង​ទាំង​ពីរ​ខាង​លើ​នេះ​បាន​នាំ​អោយមាន​សំណួរ​លើកឡើងថា តើ​គេ​ត្រូវ​រង់​ចាំ​អោយ​មាន​​វិបត្តិនេះកើត​ឡើង​ ដើម្បី​អោយ​​មូល​និធិ​រូបិយវត្ថុ​បង្គាប់​បញ្ជា​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត កំណត់​អាទិភាព​បែប​នេះរឺ?​
ជា​ចុង​ក្រោយ គណៈប្រតិភូ​នៃ​មូលនិធិ​រូបិយវត្ថុ​បានស្វាគមន៍​ចំពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ធនាគារ​ជាតិ​​ក្នុងការ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ធនាគារ ហើយនិង​ការ​កែ​លំអ​របប​និយតភាព។ គណៈប្រតិភូ​បានឯកភាពថា​ការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​នៃ​បទ​ប្បញ្ញតិ្ត​ប្រុង​ប្រយ័ត្ន​ នឹង​ជួយ​ធានា​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ធនាគារ​នៅ​ប្រទេស​កម្ពុជា។

http://khmer.ka-set.info/content/view/2388/38/

Leave a comment