Articles

បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​បំភ្លឺ​អំពី​ការ​កើន​នូវ​ថវិកា​ចំណាយ​សម្រាប់​ឆ្នាំ​២០០៩

In Financial Crisis, Monetary on March 16, 2009 by viCheth

RFA, ដោយ ហាស់ សាន
2009-03-16

សមាជិក​សភា​តំណាងរាស្រ្ត​ពី​គណបក្ស​ជំទាស់​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី បាន​ស្នើ​នៅ​ថ្ងៃ​១៣ មីនា សូម​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បំភ្លឺ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​រដ្ឋ​សភា​អំពី​ថវិកា​ចំណាយ​សម្រាប់​ឆ្នាំ​២០០៩ ចំនួន ១.៧៥០​លាន​ដុល្លារ​លើស​ពី​ឆ្នាំ​២០០៨ ដែល​មាន​តែ ១.៣៧០​លាន​ដុល្លារ​នោះ។

សូម​បញ្ជាក់​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​មួយ​មាន​ទុន​បម្រុង​ទុក​ក្នុង​ធនាគារ​អន្តរជាតិ​សម្រាប់​ទូទាត់​សង​បំណុល ឬ​ផ្ទេរ​ទៅ​វិញ​ទៅ​មក​ក្នុង​ជំនួញ​អន្តរជាតិ​តែ​ប្រមាណ ២.០០០​លាន​ដុល្លារ​ប៉ុណ្ណោះ។

រីឯ​បំណុល​បរទេស​ដែល​កម្ពុជា​ជំពាក់​គេ​មក​ទល់​នេះ មាន​ចំនួន​ជាង ២.៥០០​លាន​ដុល្លារ។

ការ​កើន​ថវិកា​ចំណាយ​ប្រមាណ ២៨%​នេះ សមាជិក​រដ្ឋសភា​ចង់​ដឹង​ថា តើ​ចំណាយ​ដូចម្តេច ហើយ​រក​លុយ​ពី​ប្រភព​ណា​មក​បង្រ្គប់​ការ​ខ្វះ​ខាត បើ​សិន​ជា​រដ្ឋ​ចំណាយ​ច្រើន​លើស​ពី​ចំណូល​ប្រមូល​ពី​ពន្ធដារ​នោះ។

អ្នក​តំណាងរាស្រ្ត ជាម យៀប មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​កំពុង​កាន់​អំណាច​និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​និង​សវនកម្ម​របស់​រដ្ឋសភា បាន​ពណ៌នា​ការ​គិតគូរ​របស់​មេ​បក្ស​របស់​លោក គឺ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា ជា​អ្នក​មាន​បទ​ពិសោធន៍​ដ៏​ខ្ពង់ខ្ពស់​និង​មាន​វិធាន​បាន​ចាត់​ការ​ទប់ស្កាត់​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច ដែល​អាច​នាំ​ឲ្យ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ផង។

លោក​បាន​ពន្យល់​អំពី​ការ​គ្រោង​ទុក​នោះ តាម​វិធានការ​បួន​យ៉ាង​គឺ តាម​គម្រោង​ជា​ស្រេច​នៃ​ថវិកា​បម្រុង ១​ភាគ​៥​របស់​ថវិកា​ជាតិ តាម​ច្បាប់​ដែល​បាន​ការ​អនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្រ្តី​អាច​ខ្ចី​ប្រាក់​ពី​បរទេស​បាន​ចំនួន​ប្រមាណ​ជាង​បី​រយ​លាន​ដុល្លារ នៅ​ពេល​គ្រា​អាសន្ន​ម្តងៗ។

លោក​ឲ្យ​ដឹង​នូវ​ចំណុច​ទី​បី​ថា ប្រទេស​ផ្តល់​ជំនួយ​ឆ្នាំ​នេះ បាន​ផ្តល់​ដល់​កម្ពុជា​នូវ​ចំនួន​ច្រើន​រហូត​ដល់​ទៅ​ជិត​មួយ​ពាន់​លាន​ដុល្លារ ដែល​លើស​ពាក់​កណ្តាល​នៃ​សេចក្តី​ត្រូវការ​ពិត​របស់​កម្ពុជា ហើយ​និង​លោក​ឲ្យ​ដឹង​អំពី​ចំណុច​ទី​បួន​ថា តាម​ការ​សន្សំ​ប្រាក់​ការ​របស់​ធនាគារ​ជាតិ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៦ មក​ទល់​ពេល​នេះ រដ្ឋ​មាន​ប្រាក់​ប្រចាំ​នៅ​ក្នុង​ធនាគារ​រហូត​ដល់​ទៅ​ជាង​ពីរ​លាន​ដុល្លារ​រួច​ជា​ស្រេច​ហើយ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អ៊ីចឹង ៤​ចំណុច​ហ្នឹង ដែល​ជា​វិធានការ​របស់​សម្ដេច​ដែល​ថា​បើ​សិន​ជា​ខ្វះ ឬ​យ៉ាង​ណាៗ​នោះ សម្ដេច​លោក​អាច​បង្វិល ហើយ​រាយការណ៍​ជូន​មក​រដ្ឋសភា ដោយ​សុំ​បង្កើត​ជា​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​កែ​តម្រូវ​ដើម្បី​ចាយ​វាយ​ចំ​មុខ​ព្រួញ​ដែល​ត្រូវការ​ចាំបាច់»

នៅ​ពេល​សុំ​បញ្ជាក់​អំពី​លទ្ធភាព​នៃ​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ពី​គណបក្ស​ប្រជាជន​របស់​លោក ថា​នឹង​ត្រូវ​ឡើង​ឆ្លើយ​បំភ្លឺ​សំណួរ​តាម​លិខិត​ស្នើ​ពី​គណបក្ស សម រង្ស៊ី ឬ​យ៉ាង​ណា​នោះ អ្នក​តំណាងរាស្រ្ត ជាម យៀប បាន​មាន​ប្រសាសន៍​ថា វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ផ្ទាល់។

លោក ជាម យៀប មាន​ប្រសាសន៍​បន្ថែម​យ៉ាង​ដូច្នេះ ៖«គណបក្ស​សមរង្ស៊ី​ដែល​បាន​លើក​ឡើង​ជា​សិទ្ធិ​របស់​គាត់​ហើយ ប៉ុន្តែ​ខ្ញុំ​យល់​ឃើញ​ថា ការ​ខ្វល់ខ្វាយ​របស់​សម្ដេច ក៏​ដូចជា​ការ​ឈ្លាស​វៃ​របស់​សម្ដេច គឺ​ថា​មាន​ច្រើន​ជាង​គណបក្ស​ប្រឆាំង​ដែល​បាន​លើក​ឡើង​ទៅ​ទៀត។ អ៊ីចឹង​ទេ ខ្ញុំ​ឆ្លើយ​សរុប​មក​វិញ​ថា ទី​១ គឺ​សម្ដេច​លោក​អាច​ឆ្លើយ​ជា​លាយ​លក្ខណ៍​អក្សរ​ក៏​បាន បើ​សិន​
ា​លោក​មាន​ពេល លោក​មក​ឆ្លើយ​ចំពោះ​មុខ​របស់​រដ្ឋសភា តាម​សំណើ​របស់​គណបក្ស​សមរង្ស៊ី តាមរយៈ​ប្រធាន​រដ្ឋ​សភា។ ទី​២​ទៀត​ថា អ្វីៗ​ដែល​ខ្ញុំ​លើក​ឡើង​សុទ្ធ​សឹង​ជា​វិធានការ​ចាំបាច់ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​បាន​រៀបចំ​រួច​រាល់​អស់​ហើយ»

គួរ​រំឭក​ផង​ដែរ​ថា របាយការណ៍​ឃ្លាំ​មើល​រដ្ឋសភា ប្រចាំ​ខែ​កុម្ភៈ​របស់​អង្គការ​ខុមហ្វ្រែល ចេញ​នៅ​ដើម​ខែ​មីនា​នេះ ឲ្យ​ដឹង​ថា តាំង​ពី​ចាប់​ផ្តើម​អាណត្តិ​ទី​៤ រហូត​ដល់​ចប់​ខែ​កុម្ភៈ​កន្លង​ទៅ យ៉ាង​ហោច​ណាស់​ក៏​មាន​លិខិត​៤​ច្បាប់​ដែរ ដែល​បាន​ស្នើ​ឡើង​ដោយ​គណបក្ស​ប្រឆាំង​ដើម្បី​សុំ​រាជ​រដ្ឋាភិបាល​ឡើង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា។

រហូត​មក​ដល់​ខែ​មីនា​នេះ ពុំ​មាន​សេចក្តី​ឆ្លើយ​តប​ណា​មួយ​ពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដូច​បាន​តម្រូវ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​មាត្រា​ទី​៩៦ នោះ​ឡើយ។

សូម​បញ្ជាក់​ថា ពាក្យ​អង់គ្លេស Special Drawing Rights ឬ SDR ដែល​លោក ជាម យាប មាន​ប្រសាសន៍​ថា ប្រមុខ​រដ្ឋាភិបាល​មាន​សិទ្ធិ​ខ្ចី​បរទេស​យក​មក​ប្រើ​ការ​នោះ គឺ​ផ្អែក​តាម​កិច្ច​ព្រមព្រៀង​ក្រុង​រីយ៉ូ​ដឺហ្សាណេរ៉ូ ឆ្នាំ​១៩៦៨ ប្រទេស​ប្រេហ្ស៊ីល​នៅ​អាមេរិក​ខាង​ត្បូង ដែល​និយាយ​អំពី​ទ្រព្យ​ធន​អន្តរជាតិ​សម្រាប់​ជួយ​បំពេញ​ការ​ខ្វះខាត​ក្នុង​ចំណាយ​នៃ​ប្រជាជាតិ​ទាំង​ឡាយ​ជា​ថ្នូរ​នឹង​ធនធាន​ផ្លូវការ​ដែល​ប្រទេស​ទាំង​នោះ មាន​ក្នុង​ដៃ ដូចជា​មាស​និង​លុយ​ដុល្លារ ហើយ​និង កូតា​ខ្ចី​ប្រាក់​របស់​ប្រទេស​នោះ នៅ​ក្នុង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ IMF។

ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នោះ គឺ​សម្រួល​ដល់​ប្រទេស​នានា​ឲ្យ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ខ្ចី​បំណុល​គេ៕

 

http://www.rfa.org/khmer/indepth/pm-asked-to-clarify-increasing-budget-03162009075452.html

Leave a comment