ដោយ : រស្មី (ថ្ងៃទី 25 មេសា 2009)
ភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជាបានសុខចិត្តទទួលខាតបង់អត្ថប្រយោជន៍ខ្លះរបស់រដ្ឋ ដើម្បីរក្សានិរន្តភាពរបស់ឧស្សាហកម្មកាត់ដេរ និងផលិតស្បែកជើង ដែលជាវិស័យនាំមុខមួយ ក្នុងចំណោមផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ មានជាអាទិ៍ទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងបង្កលក្ខណៈងាយស្រួលក្នុងការប្រកួតប្រជែង ។
នៅក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១២៣ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃ១ ឧសភា ២០០៩ ដែលត្រូវបានផ្តល់ជូនសារព័ត៌មាន នាល្ងាចថ្ងៃទី២៤ ខែមេសា ។ សម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សំគាល់ថា ៖ ឆ្នាំ២០០៨ និងដើមឆ្នាំ ២០០៩ នេះសភាពការណ៍ប្រែប្រួលនៃសេដ្ឋកិច្ច និងវិបត្តិហិរញ្ញវត្ថុនៅលើពិភពលោក បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនមកលើព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់់ ប្រជាពលរដ្ឋកម្ពុជាជាទូទៅ ក្នុងនោះមានកម្មករនិយោជិកផងដែរ ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការដោះស្រាយបញ្ហាបន្ទាន់ ចំពោះមុខប្រកបដោយប្រសិទ្ធិភាព ហើយក៏មានយុទ្ធសាស្ត្រសំរាប់ប្រឈមនឹងការលំបាកនាពេលអនាគតទៀតផង ក្នុងនោះបានចាត់វិធានការទ្រទ្រង់ផ្នែកឧស្សាហកម្មកាត់ដេរ និងផលិតស្បែកជើង ដែលជាវិស័យនាំមុខមួយក្នុងចំណោមផលិតផលនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ មានជាអាទិ៍ទីផ្សារ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយរាជរដ្ឋាភិបាលកម្ពុជាបានសុខចិត្តទទួលខាតបង់អត្ថប្រយោជន៍ខ្លះរបស់រដ្ឋ ដើម្បីរក្សានិរន្តភាពរបស់វិស័យនេះ និងបង្កលក្ខណៈងាយស្រួលក្នុងការប្រកួតប្រជែង ។
អត្ថប្រយោជន៍ដែលរដ្ឋសុខចិត្តខាតបង់ ដើម្បីរួមវិភាគទានជួយដល់វិស័យនេះរួមមាន ១- ការព្យួរការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែ ១ ភាគរយរហូតដល់ឆ្នាំ ២០១១ ។ ទី២- ការទទួលបន្ទុកបង់ប្រាក់វិភាគទានហានិភ័យការងារប្រចាំខែ ចំនួន ០,៣ ភាគរយនៃកត្តព្វកិច្ច ០,៨ ភាគរយ របស់ប្រាក់ឈ្នួលកម្មករ និយោជិតជូនទៅបេឡាជាតិរបបសន្តិសុខសង្គម ជំនួសម្ចាស់រោងចក្រកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងក្នុងរយៈពេល ២ ឆ្នាំ គឺឆ្នាំ ២០០៩-២០១០ ព្រមទាំងផ្តល់បន្ថែមប្រាក់ចំនួន ៦ លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភជីវភាពកម្មករ និយោជិតផ្នែកនេះ និងទី៣- ការផ្តល់ថវិកាពិសេសសម្រាប់រៀបចំ បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មករ និយោជិតដែលបានចាកចេញពីរោងចក្របិទទ្វារលែងដំណើការ ហើយមិនទាន់រកការងារថ្មីបាន ឬមានបំណងទទួលយកនូវមុខជំនាញបច្ចេកទេសផ្សេង ដើម្បីអាចរកការងារនៅតាមសហគ្រាស គ្រឹះស្ថាន កសិដ្ឋាន ឬត្រឡប់ទៅធ្វើការនៅសហគមន៍របស់ពួកគាត់វិញ ។
ចាប់ពីឆ្នាំ ២០០៥ មកកំណើនសេដ្ឋកិច្ចបានកើនឡើងជាង ១០ ភាគរយ ចំពោះវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ គមនាគមន៍ ទេសចរណ៍ មានការរីកចំរើនជាមោទនភាពជាតិ ។ ដោយឡែកវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង មានការរីកចំរើនយ៉ាងឆាប់រហ័សដែលផ្តល់ការងារដល់កម្មករនិយោជិតប្រហែល ៣០ ម៉ឺននាក់ និងទទួលប្រាក់ឈ្នួលជាមធ្យមជាង ២០ លានដុល្លារអាមេរិកក្នុងមួយខែ ៗ ។ ជាមួយនេះក៏បានជួយទ្រទ្រង់ជីវភាពប្រជាជនប្រមាណជាង ២ លាននាក់ ដែលប្រកបរបរផ្នែកសេវ៉ាដែលពាក់ព័ន្ធជាមួយវិស័យកាត់ដេរ ហើយការនាំចេញសំលៀកបំពាក់ និងស្បែកជើងទៅក្រៅប្រទេសក្នុង ១ ឆ្នាំ ៗ មាន ទឹកប្រាក់ប្រមាណជាង ៣ ពាន់លានដុល្លារ ។
សម្តេចតេជោបានមានប្រសាសន៍ដោយធ្វើការអំពាវនាវសារជាថ្មីម្តងទៀតទៅកាន់កម្មករ និងនិយោជកទាំងអស់ឲ្យគោរពច្បាប់ និងដោះស្រាយវិវាទការងារដោយសន្តិវិធី មានការយោគយល់គ្នាជាពិសេសក្នុងដំណាក់កាលបច្ចុប្បន្ននេះ ដែលពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រូវចេះរួបរួមសាមគ្គីគ្នា ឯកភាពគ្នាជុំវិញរាជរដ្ឋាភិបាលពុះពារឆ្លងកាត់ដំណាក់កាលដ៏សំខាន់នេះ ។ ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ ដើម្បីគាំទ្រវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើងដោយស្វែងរកទីផ្សារលក់ផលិតផលនាំចេញតាមរយៈការអនុវត្តនយោបាយ ផ្សាភ្ជាប់ពាណិជ្ជកម្មទៅ និងលក្ខខណ្ឌការងារល្អ ដោយបន្តគាំទ្រគំរោងទាំងពីរបស់អង្គការអន្តរជាតិខាងការងារ (អាយឡូ) គឺគំរោងរោងចក្រកាន់តែប្រសើរ និងគំរោងដោះស្រាយវិវាទការងារនៅកម្ពុជាដោយគួបផ្សំការខិតខំប្រឹងប្រែង ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករនិយោជិត ដើម្បីត្រៀមជាយថាហេតុក្នុងការផ្ទេរមុខរបរទៅវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ៕
Leave a Reply