Articles

រាជរដ្ឋាភិបាល​សុខចិត្ត​ខាតបង់​អត្ថប្រយោជន៍​ខ្លះ​របស់​រដ្ឋ ដើម្បី​រក្សា​និរន្ត​ភាព​ឧស្សាហកម្ម​កាត់ដេរ និង​ផលិត​ស្បែកជើង

In Financial Crisis, Textile on April 29, 2009 by viCheth

ដោយ : រស្មី​ (ថ្ងៃទី 25 មេសា 2009)

ភ្នំពេញ​ :     រាជរដ្ឋាភិបាល​កម្ពុជា​បាន​សុខចិត្ត​ទទួល​ខាតបង់​អត្ថប្រយោជន៍​ខ្លះ​របស់​រដ្ឋ ដើម្បី​រក្សា​និរន្ត​ភាព​របស់​ឧស្សាហកម្ម​កាត់ដេរ និង​ផលិត​ស្បែកជើង ដែល​ជា​វិស័យ​នាំមុខ​មួយ ក្នុងចំណោម​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សំខាន់ៗ មាន​ជាអាទិ៍​ទីផ្សារ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប និង​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការប្រកួតប្រជែង ។​
    ​នៅក្នុង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី ១២៣ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១ ឧសភា ២០០៩ ដែល​ត្រូវបាន​ផ្តល់ជូន​សារព័ត៌មាន នា​ល្ងាច​ថ្ងៃទី​២៤ ខែ​មេសា ។ សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើ​ការកត់សំគាល់​ថា ៖ ឆ្នាំ​២០០៨ និង​ដើមឆ្នាំ ២០០៩ នេះ​សភាពការណ៍​ប្រែប្រួល​នៃ​សេដ្ឋកិច្ច និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​លើ​ពិភពលោក បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​មួយចំនួន​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​របស់់ ប្រជាពលរដ្ឋ​កម្ពុជា​ជាទូទៅ ក្នុងនោះ​មាន​កម្មករ​និយោជិក​ផងដែរ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​បន្ទាន់ ចំពោះមុខ​ប្រកបដោយ​ប្រសិទ្ធិភាព ហើយក៏​មាន​យុទ្ធសាស្ត្រ​សំរាប់​ប្រឈម​នឹង​ការលំបាក​នាពេល​អនាគត​ទៀតផង ក្នុងនោះ​បាន​ចាត់វិធានការ​ទ្រទ្រង់​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ និង​ផលិត​ស្បែកជើង ដែល​ជា​វិស័យ​នាំមុខ​មួយ​ក្នុងចំណោម​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សំខាន់ៗ មាន​ជាអាទិ៍​ទីផ្សារ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សុខចិត្ត​ទទួល​ខាតបង់​អត្ថប្រយោជន៍​ខ្លះ​របស់​រដ្ឋ ដើម្បី​រក្សា​និរន្ត​ភាព​របស់​វិស័យ​នេះ និង​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការប្រកួតប្រជែង ។​

    ​អត្ថប្រយោជន៍​ដែល​រដ្ឋ​សុខចិត្ត​ខាតបង់ ដើម្បី​រួម​វិភាគទាន​ជួយ​ដល់​វិស័យ​នេះ​រួមមាន ១- ការព្យួរ​ការបង់ប្រាក់​រំដោះ​ពន្ធលើប្រាក់ចំណេញ​ប្រចាំខែ ១ ភាគរយ​រហូតដល់​ឆ្នាំ ២០១១ ។ ទី​២- ការទទួល​បន្ទុក​បង់​ប្រាក់​វិភាគទាន​ហានិភ័យ​ការងារ​ប្រចាំ​ខែ ចំនួន ០,៣ ភាគរយ​នៃ​កត្តព្វកិច្ច ០,៨ ភាគរយ របស់​ប្រាក់​ឈ្នួល​កម្មករ និយោជិត​ជូនទៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ជំនួស​ម្ចាស់​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​ក្នុង​រយៈពេល ២ ឆ្នាំ គឺ​ឆ្នាំ ២០០៩-២០១០ ព្រមទាំង​ផ្តល់​បន្ថែម​ប្រាក់​ចំនួន ៦ លាន​ដុល្លារ​អាមេរិក សម្រាប់​ឧបត្ថម្ភ​ជីវភាព​កម្មករ និយោជិត​ផ្នែក​នេះ និង​ទី​៣- ការផ្តល់​ថវិកា​ពិសេស​សម្រាប់​រៀបចំ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំពោះ​កម្មករ និយោជិត​ដែល​បាន​ចាកចេញ​ពី​រោងចក្រ​បិទទ្វារ​លែង​ដំណើការ ហើយ​មិន​ទាន់​រក​ការងារ​ថ្មី​បាន ឬ​មាន​បំណង​ទទួលយក​នូវ​មុខ​ជំនាញ​បច្ចេកទេស​ផ្សេង ដើម្បី​អាច​រក​ការងារ​នៅតាម​សហគ្រាស គ្រឹះស្ថាន កសិដ្ឋាន ឬ​ត្រឡប់​ទៅ​ធ្វើការ​នៅ​សហគមន៍​របស់​ពួកគាត់​វិញ ។​
    ​ចាប់ពី​ឆ្នាំ ២០០៥ មក​កំណើន​សេដ្ឋកិច្ច​បាន​កើន​ឡើង​ជាង ១០ ភាគរយ ចំពោះ​វិស័យ​កសិកម្ម ឧស្សាហកម្ម សំណង់ គមនាគមន៍ ទេសចរណ៍ មាន​ការរីកចំរើន​ជា​មោទនភាព​ជាតិ ។ ដោយឡែក​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង មាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​និយោជិត​ប្រហែល ៣០ ម៉ឺន​នាក់ និង​ទទួល​ប្រាក់​ឈ្នួល​ជា​មធ្យម​ជា​ង ២០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ៗ ។ ជាមួយ​នេះ​ក៏​បាន​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាជន​ប្រមាណ​ជាង ២ លាន​នាក់ ដែល​ប្រកប​របរ​ផ្នែក​សេ​វ៉ា​ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​កាត់ដេរ ហើយ​ការនាំ​ចេញ​សំលៀក​បំពាក់ និង​ស្បែកជើង​ទៅ​ក្រៅប្រទេស​ក្នុង ១ ឆ្នាំ ៗ មាន ទឹកប្រាក់​ប្រមាណ​ជាង ៣ ពាន់​លាន​ដុល្លារ ។​
​    
    សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ដោយ​ធ្វើការ​អំពាវនាវ​សារជាថ្មី​ម្តង​ទៀត​ទៅ​កាន់​កម្មករ និង​និយោជក​ទាំងអស់​ឲ្យ​គោរព​ច្បាប់ និង​ដោះស្រាយ​វិវាទ​ការងារ​ដោយ​សន្តិវិធី មាន​ការយោគយល់​គ្នា​ជាពិសេស​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ ដែល​ពិភពលោក​កំពុង​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ  ត្រូវ​ចេះ​រួបរួម​សាមគ្គី​គ្នា ឯកភាព​គ្នា​ជុំវិញ​រាជរដ្ឋាភិបាល​ពុះពារ​ឆ្លងកាត់​ដំណាក់កាល​ដ៏​សំខាន់​នេះ ។ ក្នុងស្ថានភាព​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ ដើម្បី​គាំទ្រ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែកជើង​ដោយ​ស្វែងរក​ទីផ្សារ​លក់​ផលិតផល​នាំ​ចេញ​តាម​រយៈ​ការអនុវត្ត​នយោបាយ ផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅ និង​លក្ខខណ្ឌ​ការងារ​ល្អ ដោយ​បន្ត​គាំទ្រ​គំរោង​ទាំងពី​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (​អាយ​ឡូ​) គឺ​គំរោង​រោងចក្រ​កាន់តែ​ប្រសើរ និង​គំរោង​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​ដោយ​គួបផ្សំ​ការខិតខំ​ប្រឹងប្រែង ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​កម្មករ​និយោជិត ដើម្បី​ត្រៀម​ជាយថាហេតុ​ក្នុង​ការផ្ទេរ​មុខរបរ​ទៅ​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេងៗ​ទៀត ៕​

 

http://www.cambodiaonlinenews.com/localnews/show_detail/20?token=Mjc3OTJlZGNiNjRmMmJhNGRiYjlhZDYzNGNhNGQx

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: