Links

ប្រជាជន​ខ្មែរ​ស្គាល់​ឈ្មោះ​ផលិតផល​បរទេស​ ជាង​ផលិតផល​ខ្មែរ

In Economy, News In Khmer Language on November 16, 2009 by viCheth

RFI, ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 16/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 16/11/2009 12:52 ម៉ោងសកល

អ្នក​ប្រើ​ប្រាស់​ខ្មែរ​ស្គាល់​ឈ្មោះ​ផលិតផល​បរទេស​ច្រើន​ជាង​ផលិតផល​ខ្មែរ។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ទៅ ?​​​

ប្រទេស​កម្ពុជា​បាន​បើក​ចំហ​ទីផ្សារ​របស់​ខ្លួន​ទៅ​កាន់​ពិភព​លោក​ពិត​ប្រាកដ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​៩០​។ ចាប់​ពី​ពេល​នោះ​មក ទំនិញ​បរទេស​បាន​ហូរ​ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​តែម្តង។ មុន​ដំបូង​ឡើយ ផលិតផល​ប្រទេស​ថៃ​មាន​វត្តមាន​ច្រើន​ជាង​គេ​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រោយ​មក​ផលិតផល​នៃ​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​នាំ​​ចូល​ហូរហៀរ​មក​ទីផ្សារ​កម្ពុជា​ដែរ​។ ក្រោយ​មក​ទៀត​​គឺ​មាន​វត្តមាន​នៃ​ផលិតផល​របស់​ប្រទេស​ចិន​ប្រជាមានិត​។

ក្រៅ​អំពី​ផលិតផល​នៃ​ប្រទេស​ទាំង​បី​នេះ គេ​សង្កេត​ឃើញ​មាន​វត្តមាន​ផលិតផល​នៃ​ប្រទេស​ដទៃៗ​ទៀត​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។ ដោយ​សារ​តែ​ផលិតផល​បរទេស​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​កម្ពុជា​ច្រើន​ជាង​ផលិតផល​របស់​ខ្មែរ​នោះ ​​​មតិ​មួយ​ចំនួន​តែង​តែ​និយាយ​ថា​​​ផលិតផល​បរទេស​ខ្ចី​ទីផ្សារ​កម្ពុជា​ដើម្បី​ប្រកួត​ប្រជែង​គ្នា​។ ម្យ៉ាង​វិញ​ទៀត ដោយសារ​តែ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​គ្រប​ដណ្តប់​ជោគ​ជាំ​ដោយ​ផលិតផល​បរទេស​នោះ ទើប​អ្នក​ប្រើ​ប្រាស់​ខ្មែរ​មួយ​ចំនួន​ធំ​មិន​បាន​ស្គាល់​ឈ្មោះ​ផលិតផល​ខ្មែរ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ស្គាល់​ឈ្មោះ​ផលិតផល​បរទេស​ច្រើន​ជាង និង​ច្បាស់​ជាង​ផលិតផល​ខ្មែរ​។

ឧទាហរណ៍​ជាក់​ស្តែង អ្នក​ប្រើ​ប្រាស់​ខ្មែរ​ពិត​ជា​ស្គាល់​ឈ្មោះ​មី​ម៉ាម៉ា​របស់​ប្រទេស​ថៃ​ច្បាស់​ជាង​មី​របស់​ខ្មែរ​ឈ្មោះ « មី​យើង »។ អ្នក​ប្រើ​ប្រាស់​ខ្មែរ​ពិត​ជា​ស្គាល់​ឈ្មោះ​ទឹក​សុទ្ធ​Evian របស់​បារាំង​ច្បាស់​ជាង​ឈ្មោះ​ទឹក​សុទ្ធ​របស់​ខ្មែរ​ឈ្មោះ​Oral។ ដូច​គ្នា​ដែរ​សម្រាប់​ផលិតផល​ដទៃ​មួយ​ចំនួន​ផ្សេង​ទៀត។ និយាយ​ជា​រួម​គេ​ពិត​ជា​អាច​និយាយ​បាន​ថា អ្នក​ប្រើ​ប្រាស់​ខ្មែរ​ស្គាល់​ឈ្មោះ​ផលិតផល​បរទេស​ច្រើន​ជាង​ផលិតផល​ខ្មែរ ឬ​ស្គាល់​ឈ្មោះ​ផលិតផល​បរទេស​មុន​ផលិតផល​ខ្មែរ​។ បញ្ហា​នេះ​បណ្តាល​មក​ពី​ហេតុផល​ពីរ​យ៉ាងធំ​ៗ៖

ទីមួយ៖​គឺ​ដោយសារ​ផលិតផល​របស់​ខ្មែរ​មាន​កំណើត​ក្រោយ​វត្តមាន​ផលិតផល​បរទេស។

ទីពីរ៖​គឺ​ដោយសារ​​ផលិតផល​ខ្មែរ​មិន​ទាន់​ត្រូវ​បាន​គេ​ផលិត​តែ​ម្តង​។

ភាព​យឺតយ៉ាវ និង​អវត្តមាន​នៃ​ផលិតផល​ខ្មែរ​នេះ បាន​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​ស្គាល់​ផលិត​ផល​បរទេស​ច្រើន​ជាង​ផលិតផល​ខ្លួន​ឯង។ ចំពោះ​ចំនុច​អវិជ្ជមាន​នេះ គេ​ពិបាក​នឹង​ធ្វើ​ការ​រិះគន់​អ្នក​ប្រើប្រាស់​ណាស់​ពីព្រោះ​ល័ក្ខខ័ណ្ឌ​ប្រទេស​កម្ពុជា​តម្រូវ​អោយ​អ្នក​ប្រើប្រាស់​ធ្វើ​យ៉ាង​ដូច្នេះ។ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រិះ​គន់​ថា​ជា​ប្រទេស​នាំ​ទំនិញ​ចូល​ច្រើន​ជាង​ការ​នាំចេញ​។ ដូច្នេះ​ចង់​មិន​ចង់​ប្រជាជន​ខ្មែរ​ត្រូវ​តែ​ស្គាល់​ឈ្មោះ​ផលិត​ផល​បរទេស​ច្រើន​ជាង​ផលិតផល​ខ្លួនឯង​។ ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​វិនិយោគ​ជនជាតិ​កូរ៉េ​ម្នាក់​បាន​និយាយ​របៀប​ភ្ញាក់​ផ្អើល​ថា ស្ថានភាព​ប្រទេស​កម្ពុជា​ខុស​ពី​ស្ថានភាព​ប្រទេស​កូរ៉េ​ខាងត្បូង​។ ប្រជាជន​កូរ៉េ​ភាគ​ច្រើន​ស្គាល់​តែ​ម៉ាក ឬ​ឈ្មោះ​ផលិតផល​កូរ៉េ​ទេ​។ ចំណែក​ឯ​ម៉ាក ឬ​ឈ្មោះ​ផលិតផល​បរទេស​ពួក​គេ​មិន​សូវ​ស្គាល់​នោះ​ទេ ពីព្រោះ​ផលិតផល​ភាគ​ច្រើន​ផលិត​ដោយ​ជនជាតិ​កូរ៉េ និង​ប្រើ​ប្រាស់​ដោយ​ជនជាតិ​កូរ៉េ​។

នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ប្រជាជន​របស់​គេ​ក៏​អោយ​តម្លៃ និង​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក​គេ​ច្រើន​ជាង​ផលិត​ផល​នាំ​ចូល​ដែរ​។ ជា​គោលការណ៍ ប្រជាជន​របស់​គេ​ពិត​ជា​ស្គាល់​ឈ្មោះ​ផលិតផល​ក្នុង​ស្រុក​ច្បាស់​ជាង​ផលិត​ផល​បរទេស​។

សរុប​សេចក្តី​មក​វិញ ដើម្បី​អោយ​ប្រជាជន​ខ្មែរ​ស្គាល់​ឈ្មោះ​ផលិត​ផល​ខ្មែរ​មុន​នឹង​ស្គាល់​ឈ្មោះ​ផលិតផល​បរទេស​នោះ​។ កិច្ចការ​បី​យ៉ាង​ត្រូវ​តែ​អនុវត្ត​អោយ​បាន​លឿន​បំផុត​។ ទីមួយ៖ ការងារ​ផលិតកម្ម​ត្រូវ​តែ​ចាប់​ផ្តើម​ធ្វើ​ជា​ចាំបាច់​។ ទីពីរ៖ ការ​ពង្រឹង​គុណភាព​ផលិត​ផល​របស់​ខ្មែរ និង​ទីបី​៖ តម្លៃ​ត្រូវ​មាន​លក្ខណៈ​សមរម្យ​អាច​ទទួល​យកបាន​។ នៅ​ពេល​ដែល​ការងារ​ទំាង​បី​នេះ​ធ្វើ​បាន​ល្អ​ហើយ​នោះ​ អ្នក​ប្រើ​ប្រាស់​ខ្មែរ​ពិត​ជា​គាំទ្រ និង​ចង​ចាំ​ក្នុង​បេះដូង​នូវ​ឈ្មោះ​ផលិតផល​របស់​ខ្មែរ​ជាក់​ជា​ពុំ​ខាន​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: