Links

មន្ត្រី​ចិន : តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន ជម្រុញ​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​

In Asean Free Trade Agreement, Business, Economy, News In Khmer Language on March 11, 2010 by viCheth

by http://www.cen.com.kh (3/11/2010)

ភ្នំពេញ:  ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម របស់​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា​លោក ជិន យ៉ុន (Jin Yuan) បាន​និយាយថា កម្ពុជា​ជា​ប្រទេស​សមាជិក​អាស៊ាន ដែលមាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមក​ថ្មីៗ​នេះ ដូច្នេះ​ពុំ​ចាំបាច់​សង្ស័យ​ឡើយ គឺ​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​អាស៊ាន​បាន​នាំមក​នូវ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន ។​
​    ​ក្នុង​សន្និសីទកាសែត​ស្តីពី​ការផ្សព្វផ្សាយ​ពី​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១០ នៅ​ការិយាល័យ​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក ជិន យ៉ុន បាន​លើកឡើង​ថា ចាប់ពី​ខែ​តុលា ឆ្នាំ​២០០៩ កម្ពុជា​-​ចិន បាន​ចាប់ផ្តើម​អនុវត្ត​កាត់​បន្ថយពន្ធ តាម​តំបន់​ពាណិជ្ជកម្ម​សេរី ធ្វើឲ្យ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ បាន​កើនឡើង​ជា​វិជ្ជមាន​រហូត​ដល់​ចំនួន ៣ ខែ​ជា​បន្តបន្ទាប់ ។ នៅ​ត្រីមាស​ទី​៤ ចុងឆ្នាំ​២០០៩ កម្ពុជា បាន​នាំចេញ​ទៅ​ប្រទេស​ចិន បាន​កើនឡើង​៥៥,៥ % បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០០៨ ។​

​    ​យោង​តាម​ស្ថិតិ​សរុប​របស់​ស្ថាប័នគយ​ប្រទេស​ចិន​បានបង្ហាញ​ថា ដោយសារ​តែ​ផលប៉ះពាល់ នៃ​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​ធ្វើឲ្យ​ពាណិជ្ជកម្ម​សរុប​រវាង​ចិន និង​កម្ពុជា​នៅ​ត្រី​មាន​ស​ទី​១ ទី​២ និង​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​២០០៩ បាន​ថយចុះ​ប្រមាណ ២៣,៦ % បើ​ធៀប​នឹង​ឆ្នាំ​២០០៨ ។​
​    ​ក៏​ប៉ុន្តែ​លោក​ទីប្រឹក្សា ជិន យ៉ុន បាន​លើកឡើង​ថា នៅក្នុង​ខែ​មករា ឆ្នាំ​២០១០​នេះ ដោយសារ​តែ​ការអនុវត្តន៍​នូវ​ការកាត់បន្ថយ​ពន្ធ តាម​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​អាស៊ាន បាន​ធ្វើឲ្យ​ពាណិជ្ជកម្ម​ចិន និង​កម្ពុជា​មាន​ការកើនឡើង ២១ % ស្មើ​ប្រមាណ ៨៤ លាន​ដុល្លារ​អាមេរិក ។ ក្នុង​នោះ​កម្ពុជា​បាន​នាំចេញ​ទៅ​ប្រទេស​ចិន​មាន​កំណើន​ខ្ពស់​រហូតដល់ ៣០៧ % នៅក្នុង​ខែ​មករា ឆ្នាំ​២០១០ នេះ ។

​    ​លោក ជិន យ៉ុន បានបញ្ជាក់​ថា កំណើន​ជា​វិជ្ជមាន​រវាង​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​នេះ​បញ្ជាក់ថា ការបង្កើន​ពាណិជ្ជកម្ម របស់​តំបន់​ពាណិជ្ជកម្ម​សេរី មាន​ប្រសិទ្ធភាព​គួរឲ្យកត់សម្គាល់ ។ ម្យ៉ាងទៀត​ប្រទេស​ចិន និង​ប្រទេស​អាស៊ាន​បង្កើន​តំបន់​ពាណិជ្ជកម្ម​សេរី ក៏​បាន​បញ្ចេញ​ស​ញ្ញ​ជូន​ដល់​ពិភពលោក​ថា ទោះបី​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​កើតឡើង ក៏ប៉ុន្តែ​វិបត្តិ​នោះ​មិន​បាន​រារាំង​ជំ​ហ៊ាន​ទៅ​មុខ​របស់​ពាណិជ្ជកម្ម​សេរី និង​បើក​ទូលាយ​ទីផ្សា​របស់​ប្រទេស​ចិន និង​ប្រទេស​អាស៊ាន ពិសេស​ទីផ្សា​រវាង​ចិន និង​កម្ពុជា​ឡើយ ។​

​    ​របាយការណ៍​របស់​ស្ថានទូត​ចិន​បានបង្ហាញ​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ និង​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០០៩ ។ តាមរយៈ​កិ្ចចព្រមព្រៀង​នេះ​ប្រទេស​ទាំង​ពីរ បាន​រៀបចំ​កាត់បន្ថយ​ពន្ធគយ​នូវ​ផលិតផល ដែល​មាន​ដើមកំណើត​ផលិត​នៅ​កម្ពុជា ចំនួន ៦៧៥១ មុខ ចាប់ពី ០% ទៅ ៥ % ។ យោង​តាម​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន នៅ​ឆ្នាំ​២០១១ ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ ប្រទេស​ចិន​បានសម្រេច​កាត់​បន្ថយពន្ធ ០ % ចំពោះ​ផលិតផល​កសិកម្ម​ចំនួន​យ៉ាងច្រើន ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ចូល​ទៅកាន់​ប្រទេស​ចិន ។ នេះ​ដោយសារ​តែ​កម្ពុជា​ជា​សមាជិក​ថ្មី​របស់​សមាគម​អាស៊ាន ក្នុងចំណោម ៤ ប្រទេស ដែល​រួមមាន ៖ វៀតណាម ឡាវ និង​ភូមា ។​

​    ​តួលេខ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញ​ថា រហូត​ដល់​ចុង​ឆ្នាំ​២០០៩ គម្រោង​ធ្វើ​វិនិយោគទុន​របស់​ចិន នៅ​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ៣៤៩ គម្រោង និង​មាន​អ្នកវិនិយោគទុន​សរុប ដែល​ជាប់​កិច្ចព្រមព្រៀង​មាន​ទឹកប្រាក់​ចំនួន ៧,០៣០ លាន​ដុល្លារ​អាមេរិក ។ ប្រទេស​ចិន បាន​ក្លាយ​ជា​ប្រភព​ប្រទេស ធ្វើ​វិនិយោគទុន​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា ។ ការធ្វើ​វិនិយោគទុន​ចិន នៅ​កម្ពុជា​លើ​វិស័យ​វាយនភ័ណ្ឌ វិស័យ​កសិកម្ម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម ។​

​    ​លោក​ទីប្រឹក្សា​ស្ថានទូត​ចិន​បាន​បន្ថែមថា ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន កាលពី​ឆ្នាំ​២០០៩ មាន​ចំនួន ៩៤៤ លាន​ដុល្លារ​អាមេរិក ។ ក្នុង​នោះ​ចិន បាន​នាំ​ទំនិញ​ចូល​មក​កាន់​ប្រទេស​កម្ពុជា មាន​ចំនួន ៩០៧ លាន​ដុល្លារ ។ ចំណែក​កម្ពុជា នាំចេញ​ទៅ​ចិន ៣៧ លាន​ដុល្លារ​ប៉ុណ្ណោះ ។ កម្ពុជា បាន​នាំ​អង្ករ និង​ដំឡូង​មី ទៅកាន់​ប្រទេស​ចិន ។​
​    ​លោក ជិន យ៉ុន បាន​គូសបញ្ជាក់ថា កម្ពុជា​គឺជា​គោលដៅ​សម្រាប់​អ្នកវិនិយោគ​ចិន ។ នេះ​ក៏​ដោយសារ​តែ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា មាន​ស្ថេរភាព​នយោបាយ និង​សន្តិសុខ​ល្អ ជាពិសេស​កម្ពុជា​សំបូរ​ដោយ​ធនធាន​ក្នុង​វិស័យ​កសិកម្ម ។ ដូច្នេះ យើងខ្ញុំ​លើកទឹកចិត្ត​ឲ្យ​សហគ្រាស​របស់​ចិន ចូល​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ធ្វើ​វិនិយោគ​ខាង​កសិកម្ម រ៉ែ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជម្រុញ​ដល់​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាពិសេស​ការនាំ​ចេញ​នូវ​ផលិតផល​កម្ពុជា ទៅកាន់​ប្រទេស​ចិន ។​

​    ​របាយការណ៍​របស់​ស្ថានទូត​ចិន​បានបង្ហាញ​ថា តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន ដែល​បាន​គ្របដណ្តប់​លើ​ប្រទេស​ចំនួន ១១ មាន​មនុស្ស​ចំនួន ១,៩ ពាន់​លាន​នាក់ និង​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប​ចំនួន ៤៥០០ ពាន់​លាន​ដុល្លារ ។ តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១០ បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក ជាប់​ចំណាត់ថ្នាក់​ទី​៣ និង​ជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំជាងគេ ដែល​រៀបចំឡើង​ដោយ​ប្រទេស​កំពុងអភិវឌ្ឍន៍ ។

​    ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ក្នុង​ខែ​មករា ឆ្នាំ​២០១០​នេះ តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន និង​អាស៊ាន បាន​ទទួល​លទ្ធផល​គួរកត់សម្គាល់ ។ តាម​ការ​បូក​សរុប​របស់​គយ​ប្រទេស​ចិន នៅ​ខែ​មករា ដើមឆ្នាំ​២០១០​នេះ ការធ្វើ​ពាណិជ្ជកម្ម​ចិន និង​អាស៊ាន មាន​ទឹកប្រាក់​សរុប​ចំនួន ២២,៤៨០ លាន​ដុល្លារ​អាមេរិក ។ តួលេខ​នេះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន គឺ​កើនឡើង ៨០% ។ ក្នុងនោះ​ការនាំចេញ​របស់​ចិន​ទៅកាន់​ប្រទេស​អាស៊ាន​ទាំង​១០ មាន​ទឹកប្រាក់​ចំនួន ១០,៥៥០ លាន​ដុល្លារ កើនឡើង ៥២,៨ % ។ ចំណែក​ប្រទេស​អាស៊ាន នាំចេញ​ទៅ​កាន់​ប្រទេស​ចិន មាន​ទឹកប្រាក់ ១០,៩៣០ លាន​ដុល្លារ ដែល​កើនឡើង ១១៧,៣ % បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ។ ស្ថានទូត​ចិន​ក៏បាន​លើកឡើង​ថា អាស៊ាន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ ចំណាត់ថ្នាក់​ទី​៣ របស់​ប្រទេស​ចិន ។ ចំណែក​ការនាំចេញ​របស់​អាស៊ាន​ក៏​បាន​កើនឡើង​ទ្វេដង ។ សរុបទៅ តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន មាន​គោលបំណង​អនុវត្តន៍​របប​កាត់​បន្ថយពន្ធ ហើយ​ជម្រុញ​ផលិតផល​នាំចេញ​ទៅ​ប្រទេសក្រៅ ៕

http://www.cen.com.kh/localnews/show_detail/20?token=MWVmMTRjZTk3NTQ0MDYwZGE0MDM5ZTM5NmI5MmUw

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: