Links

ធនាគារជាតិ​នៃ​កម្ពុជា រម្លឹក​ពី​​ការ​បោះផ្សាយ​ក្រដាសប្រាក់​រៀល​

In Banking, Economy, News In Khmer Language on March 22, 2010 by viCheth

cen.com.kh

ភ្នំពេញ: ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ការ​បោះផ្សាយ ប្រាក់រៀល ដាក់ឲ្យ​ចរាចរ​ឡើងវិញ ( ២០ មីនា ឆ្នាំ​១៩៨០ – ២០ មីនា ឆ្នាំ​២០១០ ) ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី រូបិយវត្ថុ និង​អធិបតេយ្យភាព នា​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១០​។
​សិក្ខាសាលា ដែល​ធ្វើឡើង​នៅ​សាលសន្និសីទ​ចតុមុខ នា​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១០ សម្រាប់​ជូន​មន្ត្រីរាជការ ធនាគារិក សេដ្ឋ​វិទូ ប្រវត្តិ​វិទូ សាស្ត្រាចារ្យ និង​និស្សិត​បញ្ញវន្ត បាន​សិក្សា​ស្វែងយល់​ពី​អត្ថន័យ និង​សារៈសំខាន់​នៃ​ការ​បោះផ្សាយ​ប្រាក់រៀល ដាក់ឲ្យ​ចរាចរ​ឡើងវិញ និង​តួនាទី​ស្ថាប័នហិរញ្ញវត្ថុ ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ក្នុង​រយៈពេល ៣០ ឆ្នាំ កន្លងមក ក្រោយពី​ថ្ងៃ​មហា​ជ័យជំនះ ៧ មករា ឆ្នាំ​១៩៧៩ លើ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។
​    ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើង​ថា រូបិយវត្ថុ មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ប្រជាជាតិ​មួយ​។ ក្រៅ​ពី​តម្លៃ​ផ្នែក​សេដ្ឋកិច្ច រូបិយវត្ថុ មាន​អត្ថន័យ​ខាង​ផ្នែក​នយោបាយ គឺ​តំណាង​ឲ្យ​អធិបតេយ្យភា​ព​ជាតិ វប្បធម៌ និង​អរិយធម៌​ជាតិ ឯករាជ្យភាព​ជាតិ និង​ការ​លាតសន្ធឹង​នៃ​អំណាច​សេដ្ឋកិច្ច​របស់​រដ្ឋ​។     ​លោក ជា ចាន់តូ បាន​បន្ថែមថា រូបិយវត្ថុ​ក៏​តំណាងឲ្យ​អំណាច​ក្នុង​ការសម្រេចចិត្ត​លើ​នយោបាយ​សេដ្ឋកិច្ច អំណាច​ធ្វើឲ្យ​មាន​សណ្តាប់ធ្នាប់​សង្គម និង​ជា​តំណាង​កម្លាំងចលករ​សម្រាប់​ជម្រុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ឲ្យ​រស់​រវើក​។ ពោល​គឺ រូបិយវត្ថុ ជា​ប្រេងរំអិល ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ម្យ៉ាងទៀត ការបង្កើត​ធនាគារកណ្តាល និង​ការ​បោះផ្សាយ​រូបិយវត្ថុ​ជាតិ ដាក់ឲ្យ​ចរាចរ​ឡើងវិញ គឺជា​ផ្នែក​មួយ​នៃ​ការកសាង​អធិបតេយ្យ​ជាតិ និង​អំណាច​ខាង​សេដ្ឋកិច្ច​របស់​រដ្ឋ​។​
​    ​ការប្រើប្រាស់​រូបិយវត្ថុ នៅ​កម្ពុជា បាន​ចាប់ផ្តើម​ឡើង កាលពី​សម័យ​ហ្វូណន រហូតមកដល់​បច្ចុប្បន្ន​នេះ​។ កាលពី​សម័យ​ដើម ប្រជាជន​កម្ពុជា ដោះដូរ​គ្នា ដោយ​ប្រើ​របស់ និង​របស់​។ រហូត​ដល់​ដើម​សតវត្សរ៍​ទី​១៦ ក្នុង​រាជ្យ​ព្រះ​ស្រី​ជេដ្ឋា​ធិ​រាមាធិបតី ហៅ ស្តេច​កន ទើប​ប្រទេស​កម្ពុជា បាន​បោះ​រូបិយវត្ថុ​ជាតិខ្មែរ​ដំបូង​បំផុត​ឈ្មោះថា ប្រាក់​ស្លឹង ដាក់ឲ្យ​ចរាចរ​នៅក្នុង​ប្រទេស ដើម្បី​ជួយ​សម្រួល​ការដោះដូរ​ទំនិញ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​។​
​    ​នៅ​សម័យ​អាណានិគមនិយម​បារាំង អគ្គទេសាភិបាល​ឥណ្ឌូចិន បានសម្រេច​បោះផ្សាយ​រូបិយវត្ថុ​រួម សម្រាប់​ដាក់ឲ្យ​ចរាចរ​នៅក្នុង​ប្រទេស​ទាំងពី​នៃ​ឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាម និង​ឡាវ​។
​    ​ក្រោយពី​ទទួលបាន​ឯករាជ្យ​ពី​បារាំង នៅ​ឆ្នាំ​១៩៥៣ កម្ពុជា​បាន​បង្កើត​ធនាគារកណ្តាល និង​បាន​បោះ​ផ្សាយ ប្រាក់រៀល ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩ លុយកាក់ ត្រូវបាន​លុបបំបាត់​ទាំងស្រុង​។
​    ​បន្ទាប់​ពី​ថ្ងៃ​មហា​ជ័យជំនះ ៧ មករា ឆ្នាំ​១៩៧៩ ក្រុមប្រឹក្សា​បដិវត្ត​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​ទាំងបី បាន​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ និង​បាន​បោះ​រូបិយវត្ថុ​ជាតិ ប្រាក់រៀល ឡើងវិញ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​១៩៨០ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ជាតិ​មាតុភូមិ និង​បង្ហាញ​ពី​អធិបតេយ្យភាព​ជាតិ​ខ្មែរ នៅលើ​ឆាក​អន្តរជាតិ​។​
​    ​លោក ជា ចាន់តូ បាន​បន្ថែមថា នៅ​ឆ្នាំ​១៩៨០ បន្ទាប់ពី​បាន​បោះផ្សាយ​ប្រាក់រៀល ដាក់ឲ្យ​ចរាចរ​ឡើងវិញ ប្រាក់រៀល ដើរតួនាទី​យ៉ាង​សកម្ម​ក្នុងការ​ជម្រុញ​សេដ្ឋកិច្ច​កម្ពុជា ដោយ​ធ្វើ​ជា​មធ្យោបាយ​សម្រាប់​ដោះដូរ​ទំនិញ ជា​បៀវត្ស​សម្រាប់​បើក​ជូន​មន្ត្រី​បុគ្គលិក​រដ្ឋ និង​ជា​ឥណទាន​ខ្នាតតូច សម្រាប់​ការស្តារ និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: