Links

ប្រាក់​ចំណូល​ពី​ធនធាន​ធម្មជាតិ​ត្រូវ​បម្រើ​ផល​ប្រយោជន៍​ប្រជាជន

In Economy, Government, News In Khmer Language, Uncategorized on May 26, 2010 by viCheth

គម្រោង​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ដូចជា​ប្រេង​ ឧស្ម័ន ​និង​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ រំកិល​ខ្លួន​ទៅ​មុខ​បន្តិច​ម្តងៗ​ហើយ។ ប៉ុន្តែ​ស្រប​ពេល​ជា​មួយ​គ្នា​អង្គការ​សង្គម​ស៊ីវិល​ និង ​គណបក្ស​ប្រឆាំង​បាន​​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​អោយ​គ្រប់គ្រង​ ប្រាក់​ចំណូល​បាន​ពី​ធនធាន​ទាំងនេះ​ប្រកប​ដោយ​តម្លាភាព​និង​ការ​ទទួល​ខុស​ ត្រូវ។

នៅ​ថ្ងៃ​ពុធ​ទី​២៦​និង​ថ្ងៃ​ព្រហស្បត៍​ទី​២៧​ខែ​ឧសភា​ខាង​មុខ​នេះ​ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀប​ចំ​សន្និសីទ​អន្តរជាតិ​ ស្តី​អំពី​​​ឱកាស​សម្រាប់​កម្ពុជា​ដើម្បី​ការ​អភិវឌ្ឍន៍​វិស័យ​រ៉ែ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

នេះ​ជា​សន្និសីទ​អន្តរ​ជាតិ​លើក​ទី​មួយ​ រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ដែល​មាន​ការ​ចូលរូម​ពី​សំណាក់​​អ្នក​ជំនាញ​ជាតិ​អន្តរជាតិ​​និង​មន្រ្តី​ជាន់ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា។ ​អ្នក​ចូលរួម​អាច​មាន​ចំនួន​ច្រើន​រយ​នាក់។

សន្និសីទ​ស្តី​អំពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា ​នៅ​ពេល​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​អនុញ្ញាត​អោយ​មាន​ការ​រុករក​ធនធាន​ធម្មជាតិ​មួយ​ចំនួន​ក្នុង​នោះ​មាន​ ៖​ធនធាន​ធម្មជាតិ​ប្រេង​ឧស្ម័ន​និង​រ៉ែ។
ការ​ស្រាវជ្រាវ​រុករក​ធនធាន​ធម្មជាតិ​បាន​ចាប់​ផ្តើម​ហើយ​រហូត​មក​ដល់​ពេល​នេះ ​ប៉ុន្តែ​កាល​បរិច្ឆេទ​ធ្វើ​អាជីវកម្ម​ពិត​ប្រាកដ​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

បើ​ទោះ​បី​ជា​តួលេខ​ពិត​ប្រាកដ​ទាក់ទង​ទៅ​នឹង​ធនធាន​ធម្មជាតិ​មិន​ទាន់​ត្រូវ​បាន​គេ​វាយ​តម្លៃ​អោយ​បាន​ពិតប្រាកដ​ក៏​ដោយ ​ក៏​ដំណឹង​រក​ឃើញ​ប្រេង​ឧស្ម័ន​ និង​រ៉ែ​មាស​មួយ​ចំនួន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​បណ្តើរៗ​ហើយ។

ក្នុង​ខណៈ​ពេល​ដែល​ដំណឹង​រក​ឃើញ​ធនធាន​ធម្មជាតិ​ត្រូវ​បាន​គេ​បើកចំហរ​បន្តិចៗ​ម្តង​នោះ​​អង្គការ​សង្គម​ស៊ីវិល​គណបក្ស​ប្រឆាំង​និង​រាជ​រដ្ឋាភិបាល​បាន​ឆ្លងឆ្លើយ​ពាក្យ​សម្តី​ដាក់គ្នា​ជា​ច្រើន​លើក​ច្រើសារ​មក​ហើយ​ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​ប្រាក់​ចំណូល​ដែល​នឹង​បាន​ពី​ធនធាន​ធម្មជាតិ​ទាំង​នេះ។

អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​ជារឿយៗ​ បាន​អំពាវ​នាវ​អោយ​រាជ​រដ្ឋាភិបាល​រៀបចំ​គោល​នយោបាយ​គ្រប់គ្រង​ប្រាក់​ចំណូល​ពី​ធនធាន​ធម្មជាតិ​ទាំង​នេះ​អោយ​បាន​ត្រឹមត្រូវ​ពោល​គឺ​ចៀសវាង​កុំ​អោយ​មាន​អំពើ​ពុករលួយ។ លើស​ពី​នេះ​ទៅ​ទៀត​ពួកគេ​អំពាវ​នាវ​អោយ​រាជ​រដ្ឋាភិបាល​ចាយ​វាយ​ប្រាក់​ចំណូល​បាន​ពី​ធនធាន​ធម្មជាតិ​ទាំង​នេះ​អោយ​ចំទិស​ដៅ​មាន​ន័យ​ថា​ការ​ចំណាយ​ត្រូវ​ធ្វើ​ឡើង​ចំពោះ​វិស័យ​អាទិភាព​មួយ​ចំនួន​ដូចជា ៖​ វិស័យ​អប់រំ​វិស័យ​សុខាភិបាល​និង​វិស័យ​កសិកម្ម​ជាដើម។

មូលហេតុ​ដែល​អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​មុន​ពេល​ប្រទេស​កម្ពុជា​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​ទាំងនេះ​​ ​ពីព្រោះ​ពួកគេ​​ធ្លាប់​បាន​ឃើញ​បទ​ពិសោធន៍​អាក្រក់​ដែល​កើត​ឡើង​ក្នុង​ប្រទេស​មួយ​ចំនួន​រួច​ទៅ​ហើយ។

បទ​ពិសោធន៍​អាក្រក់​ទាំង​នោះ​គឺ​​ប្រាក់​ចំណូល​បាន​ពី​ធនធាន​ធម្មជាតិ​មិនមែន​ជា​កាដូ​ជូនពរ​ដល់​ប្រទេស​ជាតិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​វា​ការ​ដាក់​បណ្តាសារ។ បទ​ពិសោធន៍​អាក្រក់​ក្នុង​ប្រទេស​ទាំង​នោះ​​បាន​បង្ហាញ​ថា ក្រោយ​ពី​ទទួល​បាន​ផល​ពី​ធនធាន​ធម្មជាតិ ប្រជាជន​នៃ​ប្រទេស​ទាំងនោះ​រឹតតែ​ក្រីក្រ​ជាង​មុន​​ ហើយ​​ជម្លោះ​ផ្ទៃ​ក្នុង​ដណ្តើម​អំណាច​រឹតតែ​កើត​មាន​ច្រើន​ឡើងៗ។

ងាក​មក​និយាយ​ពី​បទ​ពិសោធន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្តង​វិញ លោក សុន ឆ័យ តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី​ បាន​រម្លឹក​ថា ត្បូង​នៅ​ក្រុង​ប៉ៃលិន​មាន​តម្លៃ​ជា​ទឹកប្រាក់​រាប់​ពាន់​លានដុល្លារ​ ​ប៉ុន្តែ​ប្រាក់​ចំណូល​ពី​ធនធាន​ទាំង​នេះ​មិន​បាន​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​នោះ​ទេ។ ម៉្យាង​វិញ​ទៀត​ប្រាក់​ចំណូល​បាន​ពី​ព្រៃឈើ​ក៏​មាន​ចំនួន​ច្រើន​ណាស់​ដែរ​ ប៉ុន្តែ​ប្រាក់​ចំណូល​ចូល​រដ្ឋ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

ដោយ​មើល​ឃើញ​ពី​បទ​ពិសោធន៍​អាក្រក់​ទាំង​នេះ​លោក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង សុន ឆ័យ បាន​ជំរុញ​អោយ​រាជ​រដ្ឋាភិបាល​គ្រប់គ្រង​ប្រាក់​ចំណូល​ពី​ធនធាន​ធម្មជាតិ​អោយ​បាន​ល្អ​នា​ពេល​អនាគត។ លោក សុន ឆ័យ បាន​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​គ្រប់គ្រង​ប្រាក់​ចំណូល​ពី​ធនធាន​ធម្មជាតិ​បាន​ល្អ​ប្រកប​ដោយ​តម្លាភាព​នោះ​ ពេលនោះ​ប្រាក់​ចំណូល​ទាំង​នេះ​​នឹង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​បាន​យ៉ាង​ប្រសើរ។ ប៉ុន្តែ​ប្រសិន​បើ​ការ​គ្រប់គ្រង​មាន​ចន្លោះ​ប្រហោង​ពេលនោះ​​ប្រាក់​ចំណូល​ទាំង​នេះ​​នឹង​នាំ​មក​នូវ​បញ្ហា​ទៅ​វិញ។

ឆ្លើយតប​ទៅ​នឹង​ក្តី​ព្រួយ​បារម្ភ​ទាំងនេះ​​ ​មន្រ្តី​រាជ​រដ្ឋាភិបាល​ធ្លាប់​បាន​សន្យា​យ៉ាង​ពិត​ប្រាកដ​ថា ពួកគេ​នឹង​ប្រើប្រាស់​ប្រាក់​ចំណូល​ពី​ធនធាន​ធម្មជាតិ​ទាំង​នេះ​អោយ​ចំ​ទិសដៅ​និង​ប្រកប​ដោយ​តម្លាភាព។

បើ​ទោះ​បី​ជា​មាន​ការ​ឆ្លើយឆ្លង​ដាក់គ្នា​ទៅវិញ​ទៅមក​យ៉ាង​ណា​ក៏​ដោយ​​ ក៏​ប្រជាជន​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ថា ធនធាន​ធម្មជាតិ​គឺ​ជា​ទ្រព្យសម្បត្តិ​​របស់​ប្រជាជន​ទូទៅ​ ដូច្នេះ​ប្រាក់​ចំណូល​បាន​ពី​នេះ​ត្រូវតែ​បម្រើ​ផល​ប្រយោជន៍​ដល់​ពួកគេ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: