Links

សម្តេច​តេជោ​ហ៊ុន សែន​៖​តម្លៃ​ដើម​ខ្ពស់​ក្នុង​អាជីវកម្ម​ជា​បញ្ហា​ប្រឈម​ចំពោះ​សមត្ថភាព​ប្រកួត​ប្រជែង

In Asean Free Trade Agreement, Economy, Government, News In Khmer Language on June 9, 2010 by viCheth

Kampuchea Thmey, ច័ន្ទ, 07 មិថុនា 2010

07-06-2010-g-full

នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ី​បូព៌ា​ នៅ​ ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​សម្តេច​អគ្គ​មហា​ សេនា​បតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​សមត្ថភាព​ប្រកួត​ប្រជែង​ របស់​អាស៊ី​គឺ​មិន​មែន​ អនុត្តរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ ចិន ឥណ្ឌា ឬ​កត្តា​ខាង​ក្រៅ​ដទៃ​ទៀត​នោះ​ឡើយ ប៉ុន្តែ​វា​គឺ​ជា​បញ្ហា​ថ្លៃ​ដើម​ខ្ពស់​ក្នុង​ការ​ធ្វើ​អាជីវកម្ម នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយ​ៗ​ទៅ​វិញ​ទេ ។

 

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​ទី ៥ ហើយ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ថ្ងៃ​ទី​០៧ មិថុនា ។ សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​វេទិកា​ថា ប្រទេស​ដែល​សម្រប​បាន​ទៅ​នឹង​ជីវភាព​ប្រែប្រួល​ខ្លាំង នៃ​ឧត្តមភាព​ប្រកួត​ប្រជែង​រមែង​មាន​លទ្ធភាព​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធភាព និង ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ខ្ពស់​ពី​ចរន្ត​ប្រែប្រួល​ទាំង​នោះ ។ ម៉្យាងទៀត ប្រទេស​ដែល​ជាប់​ផុង​នឹង​បញ្ហា​នយោបាយ-សង្គម និង បញ្ហា​ជា​រចនា​សម្ព័ន្ធ​នានា ​នឹង​មាន​ការ​លំបាក​ក្នុង​ការ​សម្រប​ខ្លួន ទាំង​ក្នុង​រយៈពេល​ខ្លី និង មធ្យម​ចំពោះ​ការ​ផ្លាស់​ប្តូរ​នេះ ។ សម្តេច​តេជោ​មាន​ប្រសាសន៍ ប្រកប​ដោយ​មោទន​ភាព​ថា «ខ្ញុំ​មាន​ក្តី​មោទន​ភាព​ចំពោះ​ប្រជាជន និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​យល់​ច្បាស់​ថា កម្ពុជា​ពុំ​មាន​ជម្រើស​អ្វី ផ្សេង​ក្រៅ​ពី​បន្ត​ដំណើរ​ការ​កែ​ទម្រង់ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ឈរ​លើ​មូលដ្ឋាន​អភិបាល​កិច្ច​ល្អ នោះ​ឡើយ» ។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថាដោយ​សារ​ភាព​ខុស​ប្លែក​ៗ​គ្នា​ក្នុង​តំបន់​ប្រទេស​​ និមួយ​ៗ​ក៏​មាន​អាទិភាព​ខុស​ៗ​គ្នា​ផង​ដែរ ។ សម្រាប់​ប្រទេស​កម្ពុជា​ការ​ធ្វើ​ពិពិធ​កម្ម​វិស័យ​សេដ្ឋកិច្ច និង​ការ​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង ដូច​ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​នឹង​ក្លាយ​ជា​ចំណុច​គន្លឹះ ។ ពិពិធ​កម្ម​នេះ រួម​មាន ទិដ្ឋភាព​ផ្សេង​ៗ​ដូចជា ការ​បង្កើន​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្ត និង​ធនធាន​មនុស្ស ដើម្បី​ឈាន​ឡើង​ក្នុង​ខ្សែ សង្វាក់​តម្លៃ​ខ្ពស់​ជាង​មុន​នៅ​ក្នុង​ផលិត​កម្ម និង​ការ​នាំ​ចេញ​ក៏​ដូច​ជា​តម្រូវ​ការ​ក្នុង​ការ​ហក់​ចូល​ទៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង ក្លាយ​ជា​ផ្នែក​មួយ​សំខាន់​នៃ​បណ្តាញ​ផលិត​កម្ម​តំបន់ និង​ពិភពលោក ។ សម្តេច​មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា​ក្នុង​ឋានៈ ជា​ប្រទេស​នាំ​ចេញ​នឹង​ត្រូវ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ក្រប​ខណ្ឌ​ច្បាប់ និង នីតិ​វិធី​គ្រប់​គ្រង​សារ​ពើ​ពន្ធ ដើម្បី​ប្រែ​ក្លាយ​ចំណូល​ដែល​ងាយ​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ខាង​ក្រៅ​ដូច​ជា​ពី​ចំណូល​វិស័យ​​កាត់​​ដេរ និង​ទេសចរណ៍​ឱ្យ​ក្លាយ​ទៅ​ជា​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ប្រកប​ដោយ​ចីរភាព ។

នៅ​ក្នុង​ចំណុច​ពិភាក្សា​លើ​ប្រធាន​បទ ការ​កសាង​តំបន់​មេគង្គ ៖ កំណើន​សេដ្ឋកិច្ច និង​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​តំបន់ សម្តេច ហ៊ុន សែន បាន​បង្ហាញ​នូវ​ទស្សនៈ​មួយ​ចំនួន​ស្តីពី​តួនាទី​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ នៅ​ក្នុង​ការ​ជម្រុញ​កំណើន​សេដ្ឋកិច្ច និង​ភាព​ជា​អ្នក​ដឹកនាំ​ដែល​មាន​ជា​អាទិ៍ បញ្ហា​ប្រឈម​និង​ទស្សន​វិស័យ នៃ​តំបន់​មេគង្គ ផល​វិបាក សង្គម និង​បរិស្ថាន ចំពោះ​សមាហរណ​កម្ម​តំបន់​មួយ​ប្រកប​ដោយ​សមធម៌ និង​ភាព​រីក​ចម្រើន និង​ជំហាន​ដែល​ត្រូវ​អនុវត្ត​បន្ត ។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ជា​សង្ខេប​តំបន់​មេគង្គ​អាច​ចាត់​ទុក​ជា​តំបន់​មួយ ដែល​មាន​លក្ខណៈ​ខុស ពី​តំបន់​ដទៃ​ទៀត​ដោយ​សារ​ថា ប្រទេស​នៅ​ក្នុង​តំបន់​មេគង្គ​ទាំង​អស់​ត្រូវ​បាន​ត​ភ្ជាប់​គ្នា​ដោយ​ខ្សែ​ទឹក​តែ​មួយ ដែល​បាន​ចង វាសនា​របស់​យើង​ជាមួយ​គ្នា ។ ចំណុច​នេះ​បាន​ជំរុញ​ឱ្យ​យើង​នឹក និង គិត​គូរ​ដល់​គ្នា​មុន​នឹង​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ ។ សម្តេច​ថ្លែង​ថា ក្នុង​នាម​ជា​អ្នក​ដឹកនាំ​យើង​ត្រូវ​មាន​ជំនឿ​ទៅ​លើ​អនាគត យើង​ត្រូវ​បង្ហាញ​អំពី​ភាព​ជា​អ្នក​ដឹកនាំ ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត និង សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​រួម​ដែល​យើង​បាន​ដាក់​ចេញ​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​ការ​ចាំ​បាច់ ដើម្បី ទទួល​បាន​នូវ​ភាព​ឈ្នះឈ្នះ ឈាន​ទៅ​សម្រេច​អនាគត​ដ៏​ត្រចះ​ត្រចង់​រួម​គ្នា ។

សម្តេច​តេជោ​ថ្លែង​ថា ប្រទេស​ក្នុង​តំបន់​មេគង្គ​ត្រូវ​តែ​ចេះ​ចាប់​យក​កាលានុវត្តភាព​ពី​ទី​តាំង​អំណោយ​ផល និង​ជា​​យុទ្ធសាស្ត្រ​ក្នុង​ទំនាក់​ទំនង​ភូមិ​សាស្ត្រ​នយោបាយ និង ភូមិ​សាស្ត្រ​សេដ្ឋកិច្ច​ពិភព​លោក​និង​​តំបន់។ប្រទេស​យើង​ទាំង​អស់​ស្ថិត​នៅ​ទី​តាំង​មួយ​ល្អ​ប្រសើរ ក្នុង​ការ​ទទួល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន ពី​ការ​ងើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​នៃ​សេដ្ឋកិច្ច​អាស៊ី ពី​វិបត្តិ​និង ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភព​លោក និង​សក្តានុពល​កំណើន​ក្នុង​តំបន់ និង​ពី​សហគ្រិន ភាព​​នៃ​វិស័យ​ឯកជន​ក្នុង​តំបន់​នេះ ។ សក្តានុពល​ទីផ្សារ និង​បណ្តាញ​ផលិតកម្ម​ក្នុង​មហា​អនុតំបន់​មេគង្គ ដែល​លាត សន្ធឹង​ពី​ប្រទេស​ចិន​កាត់​តាម​ប្រទេស​ក្នុង​តំបន់​មេគង្គ ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​ក្នុង​អាស៊ាន​នឹង​ផ្តល់​នូវ​ឱកាស​ដ៏​ទាក់​ទាញ សម្រាប់​ប្រទេស​មហា​តំបន់​ទន្លេ​មេគង្គ​ទាំងអស់ ។

សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​ថា​ប្រទេស​ក្នុង​តំបន់​មេគង្គ​បាន​ធ្វើ​ការ​វិនិយោគ​យ៉ាង​ខ្លាំង​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ហើយ​បាន​បន្ត​ធ្វើ​កិច្ចការ​នេះ​រហូត​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​នា​ពេល​អនាគត ។ ​សម្តេច​ថ្លែង​ថា «ខ្ញុំ​សូម​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​ទស្សនៈ​នៃ​អាស៊ាន​មួយ​មាន​សមាហរណ​កម្ម​ពេញលេញ និង ការ​ផ្សារ​ភ្ជាប់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្ត ដូច​ជា ផ្លូវ ស្ពាន ផ្លូវដែក ផ្លូវ​អាកាស ផ្លូវទឹក រវាង​កម្ពុជា ឡាវ វៀតណាម និង ភូមា និង អាស៊ាន​ទាំង​មូល​តាម​រយៈ ការ​ជំរុញ​អនុវត្ត​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​នោះ» ។

សម្តេច ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាល​ក្នុង​តំបន់​ទាំង​មូល​ត្រូវ​លប់​បំបាត់​ឧបសគ្គ​រាំង​ស្ទះ​នានា និង​បង្កើន​ នូវ​បរិស្ថាន​អំណោយ​ផល​មួយ ដែល​នឹង​ជម្រុញ​ដល់​ការ​លូត​លាស់​វិស័យ​ទាំង​ឡាយ​ណា ដែល​នឹង​រួម​ចំណែក​បង្កើន​តម្រូវ​ការ​ក្នុង​ស្រុក និង​ការ​ចូល​រួម​ពី​សំណាក់​វិស័យ​ឯកជន ។ វិធាន​ការ​សំខាន់​មួយ​ចំនួន​ទៀត រួម​មាន​ការ​បន្ត​កិច្ច​ប្រឹង​ប្រែង​ដទៃទៀត​ ក្នុង​ការ​ធានា​ស្ថិរភាព​នយោបាយ និង ម៉ាក្រូ​សេដ្ឋកិច្ច ស្ថិរភាព និង សណ្តាប់​ធ្នាប់​សង្គម​ព្រម​ទាំង​បន្ត​អនុវត្ត​កម្ម​វិធី​សំខាន់​ៗ ដើម្បី​ពង្រឹង​ភាព​ប្រកួត​ប្រជែង និង​ភាព​ទាក់​ទាញ​ការ​វិនិយោគ​ប្រកប​ដោយ​គុណ​ភាព ទាំង​ពី​ប្រភព​​ក្នុង​ស្រុក និង​​ពី​បរទេស​ផង​ដែរ ។

នៅ​ក្នុង​សុន្ទរកថា សម្តេច​តេជោ​បាន​ជំរាប​ជូន​ដល់​ប្រមុខ​រដ្ឋ​បណ្តា​ប្រទេស​ដែល​ចូល​រួម​ក្នុង​វេទិកា​នោះ​ថា នៅ​បណ្តា​ឆ្នាំ​ខាង​មុខ​ថ្នាក់​ដឹក​នាំ​តំបន់​ត្រូវ​បន្ត​អនុវត្ត​របៀប​វារៈ​រួម​ចំនួន​ពីរ ។ សម្តេច​មាន​ប្រសាសន៍​ថា របៀប​វារៈ​ទី​១ គឺ​ដំណើរ​សមាហរណ​កម្ម​តំបន់ ដែល​ជុំវិញ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​របស់​បណ្តា​ប្រទេស​អាស៊ាន ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​រួម​មួយ ដែល​ចាំ​បាច់​ត្រូវ​បន្ត​អនុវត្ត​បន្ត​សមាហរណ​កម្ម​សេដ្ឋកិច្ច​តំបន់​កាន់​តែ​ស៊ី​ជម្រៅ​រឹត​តែ​មាន​សារៈសំខាន់​ថែម​ទៀត ដោយសារ​លទ្ធ​ភាព​​នៃ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ ក្នុង​ប្រទេស​​ជឿន​លឿន ។ ម៉្យាង​ទៀត​របាំង​ឆ្លង​កាត់​ព្រំដែន នឹង​ត្រូវ​ថម​ថយ ចុះ​ទោះ​បី​ជា​ប្រឈម​នឹង​សម្ពាធ​គាំ​ពារ​និយម​នៅ​ជុំ​វិញ​ពិភព​លោក​ និង​ក្នុង​តំបន់​ក្តី។ សមាហរណកម្ម​ស៊ី​ជម្រៅ​នឹង​ជុំរុញ​ឱ្យ​មាន​ នូវ​ការ​ប្រមូល​ផ្តុំ​សកម្ម​ភាព​សេដ្ឋកិច្ច និង ពាណិជ្ជ​កម្ម​អន្តរ​ឧស្សាហកម្ម ការ​ទ្រទ្រង់​ចីរភាព​នៃ​នគរូបនីយ​កម្ម ការ​កាត់​បន្ថយ​ចំណាយ​ថ្លៃ​ដើម និង ការ​បង្កើន​សមត្ថ​ភាព​ប្រកួត​ប្រជែង​ជា​អន្តរជាតិ ។ របៀប​វារៈ​ទី​២ គឺ​ការ​ដោះ​ស្រាយ​បញ្ហា បម្រែ​បម្រួល​អាកាស​ធាតុ​គឺជា​អាទិភាព​ចម្បង នៅ​ក្នុង​តំបន់​នោះ​ចាំ​បាច់​ត្រូវ​ពង្រឹង​វិធាន​ការ​បញ្ជៀស​គ្រោះ​មហន្ត​រាយ​ពី​បាតុ​ភូត​នេះ​ដោយ​ផ្តោត​លើ​ប្រសិទ្ធ​ភាព​ នៃ​ការ​ប្រើប្រាស់​ដី និង​ទឹក ប្រសិទ្ធ​ភាព​និង ការ​អភិរក្ស​ថាមពល ព្រម​ទាំង​លើក​ស្ទួយ តួនាទី​នៃ​ប្រភព​ថាមពល​កកើត​ឡើង​វិញ ។ ប្រសិទ្ធ​ភាព​ថាមពល​កើន​ឡើង​មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុវត្ថិភាព​ថាមពល​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ជួយ​បង្កើន​ចីរភាព​បរិស្ថាន និង​ធ្វើ​​ឱ្យ​ទីក្រុង​មាន​ការ​រីក​ដុះ​ដាល​ឆាប់​រហ័ស​អាច​រស់​នៅ​បាន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: