RFA. ដោយ កែវ និមល 2008-07-01
ក្រុម អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានថ្លែងឲ្យដឹង នៅថ្ងៃទី១ កក្កដា ថាក្រោយពេលប្រទេសកម្ពុជាបានចូលជាសមាជិករបស់អង្គការពាណិជ្ជកម្ម ពិភពលោកមក សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ប៉ុន្តែប្រទេសកម្ពុជានៅត្រូវប្រឹងប្រែងថែមទៀតដើម្បីប្រើប្រាស់ សិទ្ធិជាសមាជិកនោះឲ្យបានអស់លទ្ធភាព ។
លោក នូវ សីហា ជាអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានផ្សព្វផ្សាយលទ្ធផលការស្រាវជ្រាវរបស់លោកទាក់ទងនឹងការចូលជា សមាជិករបស់ប្រទេសកម្ពុជាទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកថា ការចូលរបស់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៤មកនោះ បានបើកទូលាយផ្សារលក់ទំនិញរបស់កម្ពុជា ធ្វើឲ្យកើនទុនវិនិយោគពីបរទេស និងធ្វើឲ្យការនាំចេញរបស់កម្ពុជា ជាពិសេសការនាំចេញខោអាវដេរស្រាប់ទៅបរទេស មានការកើនប្រាក់ពី៣ពាន់លានដុល្លារក្នុងឆ្នាំ២០០៣កើនដល់៦ពាន់ លានដុល្លារក្នុងឆ្នាំ២០០៨ ។
ប៉ុន្តែទន្ទឹមជាមួយការទទួលបានប្រយោជន៍នោះប្រទេសកម្ពុជានៅមានបញ្ហាមួយចំនួនត្រូវប្រឹងប្រែងដោះស្រាយបន្តទៀត ។
លោក នូវ សីហា បានមានប្រសាសន៍ឲ្យដឹងថា ៖ «អ្វីដែលជាបញ្ហាចោទ សម្រាប់ការរកស៊ីនៅស្រុកខ្មែរយើងក៏គាត់បានឆ្លើយនឹងសំណួរមួយចំនួន ដែរ ។ មាន៤សំខាន់ ទី១ ទាក់ទងនឹងបញ្ហាអំពើពុករលួយ ហើយទី២ ទាក់ទងទៅនឹងកម្លាំងពលកម្មរបស់យើង កម្លាំងពលកម្មរបស់យើងវាអត់ស៊ីជាមួយនឹងទីផ្សារ ហើយទី៣គឺទាក់ទងនឹងការិយាធិបតេយ្យគឺមានច្រើន គឺយើងពិបាក ហើយទី៤ហ្នឹងគឺទាក់ទងនឹងខាងរចនាសម្ព័ន្ធរបស់យើង គឺនៅមានលក្ខណៈខ្វះខាត» ។
លោក ហង្ស សុជិវីន មន្ត្រីក្រសួងពាណិជ្ជកម្មដែលបានចូលរួមនៅក្នុងការជួបប្រជុំ ផ្សព្វផ្សាយលទ្ធផលនោះ បានមានប្រសាសន៍ឲ្យដឹងដែរថា ប្រទេសកម្ពុជានៅមានបញ្ហាប្រឈមជាច្រើនទៀតនៅឡើយ ជាពិសេសទាក់ទងជាមួយការពង្រឹងបែបបទកិច្ចសហការនានារបស់ក្រសួង ដើម្បីធ្វើឲ្យការនាំចេញមានការកើនឡើងថែមទៀត ។
លោក ហង្ស សុជិវីន បានមានប្រសាសន៍ថា ៖ «យើងមានបញ្ហាត្រង់ថា ទីផ្សារវាជាឱកាសហើយ ប៉ុន្តែការឆ្លើយតបនឹងតម្រូវការទីផ្សារគឺមានលក្ខណៈមិនទាន់ស៊ី សង្វាក់ ។ ក្នុងនោះផងដែរគឺថានៅក្នុងចង្កោមនៅក្នុងស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នគាំទ្រពាណិជ្ជកម្មនានា លក្ខណៈនៃការកសាងយុទ្ធសាស្ត្រ ឬក៏ជា Policy គឺថានៅមានកម្រិតមិនទាន់ស៊ីសង្វាក់គ្នា» ។
តាមលោក តឹក រ៉េតសំរេច ដែលជាអ្នកសេដ្ឋកិច្ចនិងជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា ប្រទេសកម្ពុជាត្រូវកែច្បាប់នានារបស់កម្ពុជាចំនួន២២២ចំណុច និងត្រូវមានច្បាប់ចំនួន៤០បន្ថែមថ្មីទៀត ដើម្បីតម្រូវតាមលក្ខខណ្ឌសមាជិកភាពរបស់អង្គការពាណិជ្ជកម្មពិភពលោក ។
សូមជម្រាបថាប្រទេសកម្ពុជាបានចូលជាសមាជិករបស់អង្គការ ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ ។ ប្រៀបធៀបជាមួយប្រទេសនានានៅក្នុងតំបន់ ក្រោយពេលប្រទេសកម្ពុជាបានចូលជាសមាជិករបស់អង្គការពាណិជ្ជកម្ម ពិភពលោកមក សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនតួលេខពីរខ្ទង់ តែផលចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗនៅទាបនៅឡើយ ហើយទុនវិនិ
ោគពីបរទេសមកកម្ពុជាក៏នៅទាបដែរ ៕
http://www.rfa.org/khmer/indepth/cam-economy-grows-after-entering-WTO-07012008084631.html
Leave a comment